(ភ្នំពេញ)៖ ផ្សារទំនើបឡាក់គី ជាផ្នែកនៃ DFI Retail Group បានប្រារព្ធខួប ៣១ឆ្នាំ របស់ខ្លួននៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលបានកំណត់ជ្រើសរើសយកខែវិច្ឆិកាជា «ខែនៃការយល់ដឹងអំពីនិរន្តរភាព» ហើយបានរៀបចំកម្មវិធីជាបន្តបន្ទាប់ក្នុងគោលដៅគាំទ្រលើកកម្ពស់ដល់បរិស្ថាន និងការអនុវត្តប្រកបដោយនិរន្តរភាពនៅក្នុងសហគមន៍។
ប្រធានបទឆ្នាំនេះគឺស្តីអំពី «និរន្តរភាព៖ ថ្ងៃនេះ ថ្ងៃស្អែក ទាំងអស់គ្នា» បានគូសបញ្ជាក់ពីឆន្ទៈប្តេជ្ញាចិត្តរបស់ផ្សារទំនើបឡាក់គី យកចិត្តទុកដាក់ក្នុងការពង្រឹងលើនិរន្តរភាព និងជម្រុញដល់សមាជិកក្រុមការងារអនុវត្តប្រកបដោយនិរន្តរភាពនៅក្នុងជីវិតប្រចាំថ្ងៃ និងនៅកន្លែងធ្វើការរបស់ពួកគេផងដែរ ដោយស្របតាមការប្តេជ្ញាចិត្តចំពោះនិរន្តភាព របស់ DFI Retail Group។ ខណៈពេលដែលនិរន្តរភាពត្រូវបានបញ្ចូលក្នុងប្រតិបត្តិការប្រចាំថ្ងៃរបស់ផ្សារទំនើបឡាក់គី ខែដែលលើកឡើងយកមកនេះបានផ្តល់ឱកាសមួយដើម្បីបញ្ជាក់បន្ថែមទៀតនូវគំនិតផ្តួចផ្តើមផ្នែក បរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) ហើយជាការប្តេជ្ញាចិត្តក្នុងការបង្កើនផលវិជ្ជមានចំពោះបរិស្ថាន និងសហគមន៍។
ខែនៃការយល់ដឹងអំពីនិរន្តភាពនេះបានចាប់ផ្តើមជាដំបូងគេដោយ យុទ្ធនាការសម្អាតសហគមន៍ ដែលបានរៀបចំនៅតាមបណ្តោយផ្លូវទ្រុងមាន់ ខាងមុខការិយាល័យកណ្តាលរបស់ផ្សារទំនើបឡាក់គី។ ក្រុមការងារស្ម័គ្រចិត្តជាង ៥០នាក់មកពីផ្សារទំនើបឡាក់គី ក្នុងឈុតឯកសណ្ឋានអាវពណ៌ក្រហមបានសហការគ្នាប្រមូលសម្អាតកាកសំណល់សំរាមដែលមាននៅតាមដងផ្លូវដ៏មមារញឹក ហើយពួកបានសម្អាតទីនោះក្នុងរយៈពេលត្រឹមតែមួយម៉ោងប៉ុណ្ណោះ។
ផ្សារទំនើបឡាក់គី បានសហការជាមួយសហគ្រាសសង្គម ដែលមានឈ្មោះថាលេងដី (Compost City) ដើម្បីរៀបចំសិក្ខាសាលាមួយស្តីអំពីជីកំប៉ុស។ សមាជិកក្រុមបានសិក្សាស្វែងយល់អំពីវិធីសាស្ត្រ និងការអនុវត្តជាក់ស្តែង ក្នុងការកាត់បន្ថយកាកសំណល់ផ្ទះបាយ ដោយបំលែងសារធាតុសរីរាង្គទាំងអស់នោះទៅជាជីកំប៉ុស ដែលផ្តល់ជីវជាតិដល់ដីសម្រាប់ដាំដំណាំ និងបានកាត់បន្ថយទីតាំងគំនរសំរាម។ អ្នកចូលរួមម្នាក់គឺ កញ្ញា រឿន រីណា បានចែករំលែកថា «សិក្ខាសាលាមួយនេះពិតជាអស្ចារ្យ និងអាចអនុវត្តបានយ៉ាងជាក់ស្តែង។ នាងខ្ញុំពិតជារីករាយជាខ្លាំងក្នុងការចាប់ផ្តើមអនុវត្តធ្វើជីកំប៉ុសនៅគេហដ្ឋាន ហើយដែលបានចូលធ្វើការផ្លាស់ប្តូរតាមដែលនាងខ្ញុំអាចធ្វើបាន»។
ព្រឹត្តិការណ៍ប្រចាំខែដ៏ធំបំផុតរបស់ផ្សារទំនើបឡាក់គីគឺ យុទ្ធនាការចូលរួមដាំដើមកោងកាងចំនួន ១០០០ដើម នៅសហគមន៍នេសាទព្រែកត្នោត ដែលមានទីតាំងស្ថិតនៅខេត្តកំពត ដែលផ្សារទំនើបឡាក់គីទើបនឹងសម្ពោពទីតាំងទី២ កាលពីពេលថ្មីៗនេះ។ បើទោះបីជាស្ថានការណ៍អាកាសធាតុពុំសូវអំណោយផលក៏ដោយ សមាជិកក្រុមការងាររបស់ផ្សារទំនើបឡាក់គី បានសហការរួមគ្នាដើម្បីដាំដើមកោងកាងបានយ៉ាងជោគជ័យ ដែលបានលើកស្ទួយដល់ប្រព័ន្ធអេកូឡូស៊ីឆ្នេរសមុទ្រកម្ពុជា និងផ្តល់អត្ថប្រយោជន៍ដល់សហគមន៍មូលដ្ឋានផងដែរ។ សកម្មភាពផ្តួចផ្តើមមួយនេះ ជាមាគ៌ាដ៏មានអត្ថន័យមួយ ដើម្បីចូលរួមអបអរសាទរខួប ៣១ឆ្នាំ របស់ផ្សារទំនើបឡាក់គីក្នុងព្រះរាជាណាចក្រកម្ពុជា។
លោក Charlie Bettencourt អគ្គនាយកប្រតិបត្តិរបស់ផ្សារទំនើបឡាក់គីបានមានប្រសាសន៍ថា «ការដាំដើមកោងកាងនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយដែលបានឆ្លុះបញ្ចាំងពីឆន្ទៈប្តេជ្ញាក្នុងការលើកកម្ពស់កំណើនពណ៌បៃតង និងនិរន្តរភាពនាពេលអនាគត»។ «ពួកយើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជនរបស់យើង ដែលតែងតែគាំជួយទ្រ ទើបពួកយើងអាចមានគំនិតផ្តួចផ្តើមទាំងអស់នេះឡើងមក។ ពួកយើងទាំងអស់គ្នានឹងព្យាយាមបង្កើតគម្រោងដែលមានប្រសិទ្ធភាពបន្ថែមទៀត ដើម្បីការពារ និងថែរក្សាភពផែនដីរបស់យើងសម្រាប់មនុស្សជំនាន់ក្រោយ»។
ឆ្លងកាត់ព្រឹត្តិការណ៍នៅក្នុងខែនៃការយល់ដឹងអំពីនិរន្តរភាពកន្លងមកនេះ ផ្សារទំនើបឡាក់គី បានសបញ្ជាក់ជាថ្មីម្តងទៀតក្នុងការយកចិត្តទុកដាក់ចំពោះបរិស្ថាននៅក្នុងព្រះរាជាណាចក្រកម្ពុជា និងផ្តោតសំខាន់បន្ថែមទៀតលើសហគមន៍ ដែលនឹងបន្តជម្រុញការផ្លាស់ប្តូរប្រកបដោយមានអត្ថន័យ និងនិរន្តរភាព។ ផ្សារទំនើបឡាក់គីនៅតែឈរលើឆន្ទៈប្តេជ្ញាក្នុងការផ្តល់ផលវិជ្ជមានដល់បរិស្ថាន និងសហគមន៍។
អំពីផ្សារទំនើបឡាក់គី៖
ផ្សារទំនើបឡាក់គី បង្កើតឡើងដំបូងនៅក្នុងឆ្នាំ ១៩៩៣ ហើយបានពង្រីកសាខានូវបស់ខ្លួនជិត ១០០ ទីតាំងនៅ ទូទាំងព្រះរាជាណាចក្រកម្ពុជា ដែលបានផ្គត់ផ្គង់ផលិតផលប្រកបដោយគុណភាពទៅកាន់ប្រជាជនកម្ពុជា។ ជាផ្នែកមួយនៃ DFI Retail Group ពួកយើងប្តេជ្ញាចំពោះការអនុវត្តប្រកបដោយនិរន្តរភាព ដែលគាំទ្រដល់មនុស្សជាតិ និងភពផែនដី៕