(អេស្ប៉ាញ)៖ ក្លិបយក្ស Real Madrid បានប្រកាសថា រាល់អនីតិជនដែលបំពានជាតិសាសន៍លើខ្សែប្រយុទ្ធអន្តរជាតិប្រេស៊ីល Vinicius Jr នៅអំឡុងការប្រកួតលីគ La Liga ទល់នឹងក្រុម Rayo Vallecano កាលពីរដូវកាលមុន ដែលត្រូវរងពិន័យពីការចូលកីឡដ្ឋានរយៈពេល ១ឆ្នាំ និងមានការពិន័យបន្ថែមទៀត ។
ក្រុម Real Madrid ដែលជាម្ចាស់ជើងឯកលីគអេស្ប៉ាញ ចំនួន ៣៦រដូវកាល បាននិយាយថា រាល់អនីតិជនត្រូវសារភាពកំហុសរបស់ខ្លួន ដើម្បីជាការសុំទោសទៅកាន់ Vinicius នៅក្នុងលិខិតមួយច្បាប់ ហើយយល់ព្រមទទួលយកការផ្តន្ទាទោស ដោយការិយាល័យព្រះរាជអាជ្ញាអនីតិជន (Juvenile Prosecutor’s Office) ។
សម្រាប់ការផាកពិន័យដែលមិនត្រូវបានបង្ហាញឱ្យដឹង គឺត្រូវបានដាក់ដោយគណៈកម្មាការរដ្ឋប្រឆាំងនឹងអំពើហិង្សា ការរើសអើងជាតិសាសន៍ ការប្រកាន់ពូជសាសន៍ និងការមិនអត់ឱនក្នុងកីឡា ។
រំលឹកផងថា កាលពីខែតុលាឆ្នាំមុន មានមនុស្ស ៤នាក់ត្រូវបានចាប់ខ្លួន នៅក្នុងប្រទេសអេស្ប៉ាញ ជុំវិញបទចោទប្រកាន់ថា បានធ្វើទង្វើនេះលើបណ្តាញអ៊ីនធឺណិត បង្ហាញនៅការស្អប់ និងការរើសអើងជាតិសាសន៍ប្រឆាំងនឹងខ្សែប្រយុទ្ធ Vinicius ៕