(បរទេស)៖ រដ្ឋាភិបាលនៃប្រទេសឥណ្ឌាត្រូវបានគេរាយការណ៍មកថា បានផ្លាស់ប្ដូរគោលនយោបាយដោយបានបន្ថែមការលើកទឹកចិត្តដល់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី (EV) ក្នុងស្រុក និងបានបន្ថយការលើកទឹកចិត្តដល់ការវិនិយោគបើករោងចក្រថ្មី។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤។
ប្រភពដែលជិតស្និទ្ធបានបង្ហើបឱ្យដឹងថា រដ្ឋាភិបាលឥណ្ឌាបានខកចិត្តជាមួយនឹង Tesla បន្ទាប់ពីក្រុមហ៊ុនផលិតរថយន្តអគ្គិសនីអាមេរិកមួយនេះមិនបានចាប់អារម្មណ៍នឹងសំណើរបស់ឥណ្ឌាក្នុងការវិនិយោគបង្កើតរោងចក្រនៅក្នុងប្រទេសឥណ្ឌា។
ការផ្លាស់ប្ដូរគោលនយោបាយ EV របស់រដ្ឋាភិបាលឥណ្ឌានៅពេលនេះ ត្រូវបានគេមើលឃើញថា បានធ្វើឡើងបន្ទាប់ពីមានក្រុមហ៊ុនផលិតរថយន្តបរទេសមួយចំនួនបានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការផលិតរថយន្ត EV នៅក្នុងប្រទេសឥណ្ឌាតាមរយៈរោងចក្រដែលមានស្រាប់ និងការបង្កើតរោងចក្រថ្មី។ ប្រភពដដែលបានបន្តទៀតថា ការផ្លាស់ប្ដូរគោលនយោបាយនេះ សង្ឃឹមថានឹងលើកទឹកចិត្តដល់ការវិនិយោគលើ EV ពីសំណាក់ក្រុមហ៊ុន Toyota និង Hyundai។
ក្រោមគោលនយោបាយដែលបានប្រកាសកាលពីខែមីនា ក្រុមហ៊ុនផលិតរថយន្តដែលវិនិយោគយ៉ាងហោចណាស់ ៥០០ លានដុល្លារ ដើម្បីផលិតរថយន្ត EV នៅក្នុងប្រទេសឥណ្ឌាជាមួយនឹង ៥០% នៃសមាសធាតុដែលមានប្រភពក្នុងស្រុក មានសិទ្ធិកាត់បន្ថយពន្ធនាំចូលយ៉ាងច្រើន។
ពេលនេះរដ្ឋាភិបាលក៏នឹងពិចារណាលើការវិនិយោគ EV នៅរោងចក្រដែលមានស្រាប់ដែលបច្ចុប្បន្នផលិតម៉ាស៊ីនសាំង និងរថយន្តកូនកាត់ (Hybrid cars)។ យ៉ាងណាក៏ដោយ ម៉ូដែលអគ្គិសនីត្រូវតែត្រូវបានបង្កើតឡើងនៅលើខ្សែសង្វាក់ផលិតកម្មដាច់ដោយឡែក ព្រមទាំងត្រូវតាមលក្ខណៈវិនិច្ឆ័យប្រភពក្នុងស្រុក។
ប្រភពដដែលបានបន្តទៀតថា នៅពេលនេះ Toyota, Hyundai និង Volkswagen កំពុងរង់ចាំមើលសេចក្ដីសម្រេចផ្លូវការទៅលើគោលនយោបាយថ្មីនេះ៕