(ភ្នំពេញ)៖ ជាងច្នៃម៉ូដសម្លៀកបំពាក់ សម្រាប់បទ «សែកមន្ត» នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ បានចេញមុខមកពន្យល់រឿងសម្លៀកបំពាក់ដែលតារាចម្រៀង ព្រាប សុវត្ថិ ស្លៀកថតក្នុង MV និងទទួលការរិះគន់នាពេលថ្មីៗនេះ។
ជាងច្នៃម៉ូដ បានបញ្ជាក់តាមរយៈបណ្ដាញសង្គមហ្វេហប៊ុកថា ឈុត «ទេវបុត្រកាមទេព» ជាឈុតច្នៃសាកល្បងដែលត្រូវបានដកស្រង់ចេញពីតួរអង្គទេពមួយអង្គនៃព្រហ្មញ្ញសាសនាឈ្មោះថា «ព្រះកាម» ដែលជាទេពនៃសេចក្តីស្រលាញ់ ដែលមានអាវុធទេពជាធ្នូរនិងផ្លែព្រួញ ក្នុងការបាញ់ទៅលេីអស់អង្គអទិទេពទាំងឡាយឲ្យមានសេចក្តីស្នេហា។
ដោយសម្លឹងឃេីញនៅតួរអង្គដ៏គួរចាប់អាមណ្ម៍មួយនេះ ក៏បានរុញច្រានគំនិតក្នុងការច្នៃឈុតបែបសហសម័យមួយឲ្យស៊ីទៅនិងបទចម្រៀង «សែកមន្ត» ដោយយេីងខ្ញុំជាអ្នកផលិតម៉ូតក៏បានសម្រេចយកមូលដ្ឋានគ្រឹះចេញពីចម្លាក់ខ្មែរដែលបានឆ្លាក់ជាប់នៅផ្ទាំងប្រាសាទអង្គរ ដែលជាចម្លាក់លានមាននៅចុងសម័យអង្គរ ដែលជាទម្រង់សិល្បៈមួយដែលយេីងមិនគួរមេីលរំលងជាមួយរចនាបទមួយនេះ។
ដូច្នេះហេីយទេីបយេីងខ្ញុំសាកតម្លេីងច្នៃនិងនិមិត្តអោយឈុតនេះមានឈ្មោះថា «ទេវបុត្រកាមទេព)» ហេីយក៏បានច្របាច់លាយបញ្ចូលបន្ថែមជាមួយទម្រង់សិល្បៈខ្មែរមួយចំនួនទៀត ឲ្យឈុតមួយនេះ កាន់តែមានសោភ័ណភាពបែបសហសម័យខ្មែរ។ សិល្បៈច្នៃពិតប្រឌិតផ្សំ ឲ្យកាន់តែមានសោភ័ណភាព ប៉ុន្តែថិតក្នុងលំហរនៃរចនាបទខ្មែរ បុរាណមិនយឺត សម័យមិនមែនបរទេសចំណេះដឹងយេីងខ្ញុំនូវមានកំរិត តែពួកយេីងខ្ញុំរីករាយនឹងទទួលយករាល់ការរិះគន់ក្នុងន័យស្ថាបនាដែលប្រកបដោយជំនាញ និងចំណេះដឹងពិតប្រាកដ៕