(ភ្នំពេញ)៖ អ្នកនិពន្ធបទ «សែកមន្ដ» លោក សុខោទ័យ បានចេញមកបញ្ជាក់ពីការសហការផលិតកម្ម ខ្នាតយក្ស Galaxy Navatra ផលិតជាទម្រង់បទថ្មី សម្រាប់ផ្សព្វផ្សាយពីវប្បធម៌ និងចាប៉ីដងវែងរបស់ខ្មែរបានកាន់តែទូលំទូលាយ និងបង្ហាញទៅពិភពលោកឱ្យស្គាល់ពីគុណតម្លៃ និងភាពអស្ចារ្យរបស់ចាប៉ីខ្មែរយើង។
នៅក្នុងបទសម្ភាសថ្មីៗនេះ លោក សុខោទ័យ បានចេញមកបញ្ជាក់ច្បាស់ៗពីការសហការ ជាមួយផលិតកម្មខ្នាតយក្ស Galaxy Navatra ដើម្បីផលិតបទនេះឡើងវិញម្ដងទៀត ដោយលាយបញ្ចូលជាមួយនឹងទំនុកច្រៀងបុរាណ លាយសម័យ អមដោយការប្រគំចាប៉ីខ្មែរយើង ដើម្បីផ្សព្វផ្សាយឱ្យបានទូលំទូលាយទាំងក្នុងនិងក្រៅប្រទេស ដើម្បីឱ្យពិភពលោកបានស្គាល់ពីចាប៉ីដងវែងខ្មែរកាន់តែច្បាស់។
តាមការបញ្ជាក់របស់លោក សុខោទ័យ មូលហេតុដែលលោកសហការជាមួយផលិតកម្ម Galaxy Navatra ពីព្រោះលោកសង្កេតឃើញថា ផលិតកម្ម Galaxy Navatra ជាផលិតកម្មដែលមានចក្ខុវិស័យខ្ពស់ក្នុងការផលិតផ្សព្វផ្សាយនូវទម្រង់វប្បធម៌ សិល្បៈរបស់ខ្មែរយើង ច្របាច់បញ្ចូលជាមួយវណ្ណកម្មដែលផលិតកម្មបានបង្កើតឡើង។
ទន្ទឹមនឹងនោះ លោកសុខោទ័យក៏បានថ្លែងអំណរគុណដល់ ផលិតកម្ម Galaxy Navatra និងបងប្អូនខ្មែរទាំងអស់ដែលបានគាំទ្របទ «សែកមន្ដ» នេះ នឹងស្នើបងប្អូនចូលរួមគាំទ្របទ «សែកមន្ដ» ដែលនឹងចេញនៅម៉ោង៦៖៣០នាទីល្ងាចនេះ ចំថ្ងៃខួបគម្រប់៨ឆ្នាំ ចាបុីដងវែង ចុះបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិ ដើម្បីផ្សព្វផ្សាយពីវប្បធម៌យើង ក៏ដូចជាផ្សព្វផ្សាយពីចាប៉ីដងវែងរបស់យើងឱ្យកាន់តែល្បីរីកសុះសាយបន្ថែមទៀត។
សូមជម្រាបជូនថា កាលពីពេលថ្មីៗនេះ ផលិតកម្ម Galaxy Navatra បានទទួលសិទ្ធិក្នុងការផលិតបទ «សែកមន្ដ» ជាថ្មីម្ដងទៀតពីម្ចាស់បទដើម ដែលនិពន្ធបានជាបឋមហើយនោះ ប៉ុន្ដែមិនមានលទ្ធភាពផ្សាយឱ្យបានទូលាយ។
បទ «សែកមន្ដ» ដែលនិពន្ធ និងថត MV ថ្មីនេះ មានការអញ្ជើញចូលរួមច្រៀងពីសំណាក់តារាចម្រៀង ព្រាប សុវត្ថិ និងតារាចម្រៀង តន់ ចន្ទសីម៉ា អមដោយការតុបតែងតែងខ្លួនតាមបែបបុរាណ ជាមួយអ្នកលេង ចាប៉ីល្បីៗជាង១០០នាក់ ហើយសុទ្ធតែសំលៀកបំពាក់បុរាណ ដែលមើលទៅ ពិតជាមានភាពទាក់ទាញជាខ្លាំង។ បទនេះ នឹងចេញជាផ្លូវការនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង៦៖៣០នាទីល្ងាចនេះហើយ។
សួមស្ដាប់ការពន្យល់របស់លោក សុខោទ័យ ទាំងអស់គ្នា៖
https://www.facebook.com/share/v/pnD1gRTj6BVeX4qT/