(អាយរ៉េស)៖ ក្រុមបាល់ទាត់ Botafogo ដែលលេងតែគ្នា ១០នាក់ចាប់ពីនាទីទី២ មក បានបំបាក់គូប្រជែងមកពីប្រេស៊ីលដូចគ្នា Atletico Mineiro ដោយលទ្ធផល ៣-១ ក្នុងវគ្គផ្តាច់ព្រ័ត្រយប់មិញ ដើម្បីលើកពាន CONMEBOL Libertadores 2024 ជាលើកដំបូងសម្រាប់ពួកគេ ក្រោយរង់ចាំអស់ ១២៣ឆ្នាំ។

ការប្រកួតដែលត្រូវបានធ្វើឡើងនៅកីឡដ្ឋានរបស់ក្លិប River Plate ប្រទេសអាហ្សង់ទីន ដោយចាប់ផ្តើមលេងបានត្រឹមតែ ៣០វិនាទីប៉ុណ្ណោះ ខ្សែបម្រើ Gregore របស់ Botafogo ត្រូវបានពិន័យកាតក្រហម និងបណ្តេញចេញពីទីលានតែម្តង ដោយសារបង្កកំហុសទៅលើគូប្រជែង Fausto Vera តាមរយៈលើកជើងខ្ពស់ពេក។

ប៉ុន្តែយ៉ាងណា ពួកគេនៅតែអាចនាំមុខ ២គ្រាប់មុនដដែលទៅលើ Mineiro ពីក្នុងវគ្គទី១ ពីការធ្វើបានសម្រេចរបស់កីឡាករ Luiz Henrique និង Alex Telles ដ្បិត Vargas រកបានតែ ១គ្រាប់វាយបកឱ្យក្រុមមកពីលីគកំពូល Serie A របស់ប្រេស៊ីលដូចគ្នា និង Junior Santos ជាអ្នកបន្ថែមគ្រាប់ទី៣ ឱ្យ Botafogo ចុងម៉ោង។

តាមរយៈលទ្ធផលនេះ បានញាំងឱ្យក្លិបមកពីប្រេស៊ីល បន្តគ្រប់គ្រងពានប្រចាំតំបន់អាមេរិកឡាទីន (ខាងត្បូង) Libertadores ជាលើកទី៦ ជាប់ៗគ្នាផងដែរ គ្រាដែល Botafogo ក៏ទទួលបានកៅអី១ ដើម្បីលេងពានអន្តរទ្វីប FIFA Club World Cup 2025 វគ្គចែកពូល ៣២ក្រុមនៅសហរដ្ឋអាមេរិកដែរ៕