(បាសេឡូណា)៖ ក្រុមភ្ញៀវ Las Palmas រកបាន ៣ពិន្ទុនៅក្នុងផ្ទះរបស់ FC Barcelona នៅពេលយកឈ្នះ ២-១ កាលពីរាត្រីថ្ងៃសៅរ៍ និងជាការបរាជ័យលើកទី៣ ផងដែរនៅ La Liga សម្រាប់ក្រុមរងជើងឯករដូវកាលមុន។

កីឡាករ Fabio Silva ជាអ្នករកបានគ្រាប់ជ័យជម្នះ ២-១ ពីការចូលលេង ៣លើកនៅ La Liga ចុងក្រោយនេះ និងមានរយៈពេលត្រឹមតែ ៦នាទីប៉ុណ្ណោះ ក្រោយពេល Raphinha រកបានគ្រាប់តាមស្មើ ១-១ នៅពីមុខអ្នកទស្សនាផ្ទាល់ប្រមាណជាង ៤ម៉ឺនាក់។

ក្នុងប្រកួតពេញម៉ោង ៩០នាទី និងជាថ្ងៃខួបទី១២៥ឆ្នាំ នៃការបង្កើតក្លិប FC Barcelona នោះដែរ អតីតខ្សែប្រយុទ្ធរបស់ពួកគេ Sandro ជាអ្នករកបានគ្រាប់បែកពងមាន់ឱ្យក្រុមដែលកំពុងត្រដាបត្រដួស Las Palmas ដ្បិតប្រធានក្រុមរបស់អ្នកមានបុណ្យជួយតាមបានស្មើវិញនៅ ១២នាទីបន្ទាប់។

តាមរយៈលទ្ធផលនេះដែរបានញាំងឱ្យ Las Palmas ឡើងទៅនៅលេខរៀងទី១៤ ក្នុងតារាងពិន្ទុ La Liga ជាបណ្តោះអាសន្នវិញប្រចាំសប្តាហ៍ទី១៥ ជើងទី១ គ្រាដែលក្រុមការពារតំណែងជើងឯក Real Madrid អាចកាត់បន្ថយគំលាតនាំមុខមកនៅត្រឹម ១ពិន្ទុវិញពីក្រុមកំពូលតារាង Barcelona ប្រសិនបើអាចយកឈ្នះ Getafe នៅរាត្រីថ្ងៃអាទិត្យ ដ្បិតពួកគេនៅសល់ ២ប្រកួតក្នុងដៃ៕