(ភ្នំពេញ)៖ ជាទូទៅកិច្ចសន្យាមួយអាចបង្កើតឡើងបានដោយមានការព្រមព្រៀងគ្នារបស់គូភាគីនៃកិច្ចសន្យា ដូចជាការព្រមព្រៀ ង គ្នាកំណត់អំពីកាតព្វកិច្ច ករណីយកិច្ច សិទ្ធិ និងចំណុចផ្សេងៗទៀតជាច្រើន ជាពិសេសអំពីសិទ្ធិរបស់តតិយជននៅក្នុងកិច្ចសន្យា ។ មានកិច្ចសន្យាមួយចំនួន អ្នកដែលត្រូវទទួលបានផលប្រយោជន៍ពីកិច្ចសន្យាអាចមិនមែនជាគូភាគីនៃកិច្ចសន្យានោះទេ ផ្ទុយទៅវិញអ្នកមានសិទ្ធិទទួលបានផលប្រយោជន៍នោះ គឺជាបុគ្គ លផ្សេងទៅវិញ ដោយយើងហៅថា តតិយជន ហើយត្រូវបានច្បាប់បញ្ញត្តថាជា “កិច្ចសន្យាដែលធ្វើឡើងសម្រាប់តតិយជន” ។

តើអ្វីទៅជាកិច្ចសន្យាដែលធ្វើឡើងសម្រាប់តតិយជន?

ដូចនេះ ដើម្បីយល់កាន់តែច្បាស់ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សហការជាមួយ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សប្តាហ៍នេះនឹងធ្វើការបង្ហាញជូនអំពីប្រធានបទ “កិច្ចសន្យាដែលធ្វើឡើងសម្រាប់តតិយជន” ជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិត ដូចខាងក្រោម។

យោងតាមមាត្រា ៣៧៩ នៃក្រមរដ្ឋប្បវេណី បានឱ្យនិយមន័យ “កិច្ចសន្យាដែលធ្វើឡើងសម្រាប់តតិយជន” ដូចខាងក្រោម៖

១- ភាគីនៃកិច្ចសន្យា អាចឱ្យតតិយជនទទួលសិទ្ធិដែលកើតឡើងដោយកិច្ចសន្យានោះបាន ។ ក្នុងករណីនេះ អ្នកដែលត្រូវផ្ដល់តាវកាលិកទៅតតិយជននោះ ហៅថា “អ្នកព្រមផ្ដល់” ។ រីឯភាគីម្ខាងទៀតរបស់អ្នកព្រមផ្ដល់នោះ ហៅថា “អ្នកទាមទារការផ្ដល់” ។ ម្យ៉ាងទៀត តតិយជនដែលនឹងទទួលតាវកាលិក ហៅថា “អ្នកទទួលផលប្រយោជន៍” ។

២- អ្នកទទួលផលប្រយោជន៍ អាចទាមទារអ្នកព្រមផ្ដល់ឱ្យផ្ដល់តាវកាលិកដោយចំពោះបាន ។ ដោយយោងតាមស្មារតីនៃមាត្រា ៣៧៩ ខាងលើ យើងអាចបង្ហាញជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិត ជាន័យសាមញ្ញថា “កិច្ចសន្យាដែលធ្វើឡើងសម្រាប់តតិយជន” សំដៅលើកិច្ចសន្យាមួយប្រភេទដែលបង្កើតឡើងរវាងគូភាគីនៃកិច្ចសន្យាដោយភ្ជាប់លក្ខខណ្ឌមួយ ដោយភាគីម្ខាងមានកាតព្វកិច្ចជាអ្នកទាមទារឱ្យផ្ដល់តាវកាលិក (វត្ថុ ឬសកម្មភាព ដែលជាទីតាំង ឬជាកម្មវត្តុ នៃកិច្ចសន្យា) ឯភាគីម្ខាងទៀតជាអ្នកផ្ដល់តាវកាលិក រួមទាំងត្រូវមានភាគីទី៣ ដែលហៅថាតតិយជន ជាអ្នកទទួលតាវកាលិក (ផលប្រយោជន៍) ។

តតិយជនដែលជាអ្នកទទួលបានសិទ្ធិតាមរយៈកិច្ចសន្យាខាងលើ អាចទាមទារឱ្យអ្នកផ្ដល់តាវកាលិក ផ្តល់ឱ្យខ្លួនដោយចំពោះបាន (វត្ថុ ឬសកម្មភាព ដែលជាទីតាំង ឬជាកម្មវត្តុ នៃកិច្ចសន្យា) ។ ការណ៍ដែលទទួលបានផលប្រយោជន៍នេះ គឺជាការធ្វើលទ្ធកម្មនូវសិទ្ធិដោយស្វ័យប្រវត្តិរបស់តតិយជនតែទោះជាយ៉ាងនេះក្ដី តតិយជនត្រូវបង្ហាញឆន្ទៈរបស់ខ្លួនដោយយល់ព្រមទទួលជាអ្វី នៅពេលណា ឱ្យបានច្បាស់លាស់នៅក្នុងកិច្ចសន្យា ចំណុចនេះ គឺដើម្បីបង្ការកុំឱ្យភាគីម្ខាងទៀត (អ្នកទាមទារឱ្យផ្តល់) អាចដកការសន្យាផ្តល់សិទ្ធិឱ្យទៅតតិយជន ដោយលើកឡើងអំពីការមិនបង្ហាញឆន្ទៈទទួលយកផលប្រយោ ជន៍របស់តតិយជន ។ មួយវិញទៀត ប្រសិនជាកិច្ចសន្យានោះមិនបានកំណត់ច្បាស់លាស់អំពីអ្នកទទួលផលប្រយោ ជន៍នោះអាចនាំឱ្យអ្នកព្រមផ្ដល់តាវកាលិក(អត្ថប្រយោជន៍) មានផលចំណេញ ពីព្រោះការសន្យាផ្ដល់តាវកាលិកបានបាត់បង់អានុភាពដោយមូលហេតុគ្មានអ្នកទទួលផលប្រយោជន៍ ។

ឧទាហរណ៍៖ ១. កិច្ចសន្យាលក់ទិញអចលនវត្តុ (ដី) រវាងភាគី “ក” និងភាគី“ខ” ដោយភាគី “ក” ជាភាគីអ្នកលក់ ហើយភាគី “ខ” ជាភាគីអ្នកទិញ ដូចនេះភាគី “ខ” មានកាតព្វកិច្ចទូទាត់ថ្លៃដីឱ្យភាគី “ក” រីឯភាគី “ក” មានកាតព្វកិច្ចចុះបញ្ជីផ្ទេរកម្មសិទ្ធិលើដីមកឱ្យភាគី “ខ” ប៉ុន្ដែភាគី “ខ” បានប្រគល់សិទ្ធិក្នុងការទទួលការផ្ទេរកម្មសិទ្ធិឱ្យទៅភាគី “គ” ដែលជា តតិយជន ហេតុនេះ ភាគី “ក”មានកាតព្វកិច្ចចុះបញ្ជីផ្ទេរកម្មសិទ្ធិលើដីទៅឱ្យភាគី “គ” ដោយចំពោះ ។

ឧទាហរណ៍៖ ២. កិច្ចសន្យាលក់ទិញចលនវត្ថុ (ម៉ូតូ) រវាងភាគី “ក” និងភាគី“ខ” ដោយភាគី “ក” ជាអ្នកលក់ រីឯ
ភាគី “ខ” ជាអ្នកទិញ ប៉ុន្ដែដោយហេតុថា ភាគី “ក” ជំពាក់បំណុល ភាគី “គ”(តតិយជន) ហេតុនេះ ភាគី “ក” បានផ្ទេរសិទ្ធិដល់ភាគី “គ” ក្នុងការទទួលថ្លៃលក់ទិញ (តាវកាលិក) ពីភាគី “ខ” ដោយផ្ទាល់ ដូច្នេះភាគី “គ” អាចទាមទារឱ្យភាគី “ខ” ទូទាត់ថ្លៃលក់ទិញដោយផ្ទាល់ចំពោះខ្លួនបាន ។

ចំពោះការបង្ហាញជូន និងលើកឡើងខាងលើ ក្នុងករណីដែលអ្នកព្រមផ្ដល់អត្ថប្រយោជន៍បានរកឃើញថា តាវកាលិក (វត្ថុ ឬសកម្មភាព ដែលជាទីតាំង ឬជាកម្មវត្តុ នៃកិច្ចសន្យា) មានវិការៈ ឬកិច្ចសន្យាមានវិការៈ គឺអាចធ្វើការអះអាង និងតវ៉ាមិនផ្ដល់ប្រយោជន៍ទៅតតិយជន ដែលជាជនត្រូវទទួលបានផលប្រយោជន៍ដោយផ្នែកតាមហេតុផល ឬភស្តុតាងថា អ្នកដែលទាមទារឱ្យផ្ដល់ប្រយោជន៍បានបំពានកិច្ចសន្យា ឬកិច្ចសន្យាមានវិការៈ ។

សរុបរួមមក កិច្ចសន្យាដែលធ្វើឡើងសម្រាប់តតិយជន គឺជាកិច្ចសន្យាមួយប្រភេទដែលបង្កើតឡើងរវាងគូភាគីនៃកិច្ចសន្យា ដោយភ្ជាប់លក្ខខណ្ឌពិសេសផ្ដល់អត្ថប្រយោជន៍ ឬតាវកាលិកទៅឱ្យតតិយជន ពោលគឺសំដៅលើកិច្ចសន្យាដែលបង្កើតឡើងរវាងគូភាគីនៃកិច្ចសន្យា ប៉ុន្ដែបុគ្គលដែលទទួលបានអត្ថប្រយោជន៍ (តាវកាលិក) គឺជាបុគ្គលមួយផ្សេងទៀតហៅថា តតិយជន ។

រៀបរៀងដោយ៖ លោកស្រីមេធាវី យ៉េ នីតា និងកញ្ញា ថន រ៉ាវ៉ាឌី សមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់នៃ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារ ស៊ីអាយស៊ី (CIC)លេខ ១២៦៥ ផ្លូវលំ 
ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ / ០៧៨ ២៧២ ៧៨៥ អ៊ីម៉ែល [email protected]គេហទំព័រ www.cicfirm.com ហ្វេសប៊ុកផេក Cambodia International Cooperation Law Firm ៕