(សៀមរាប)៖ លោកបណ្ឌិត ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា និងថ្នាក់ដឹកនាំជាច្រើនរូបទៀត បានសហការជាមួយក្រុមហ៊ុនមេនូឡាយហ្វ៍ ធ្វើពិធីដាំកូនឈើចម្រុះចំនួន៣០០០ដើម នៅក្នុងឧទ្យានសហគមន៍អង្គរ-មេនូឡាយហ្វ៍ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤។
លោកបណ្ឌិត ហង់ ពៅ បានថ្លែងក្នុងពេលបើកកម្មវិធីនៃការដាំកូនឈើនោះថា ដើមឈើពិតជាមានសារសំខាន់ខ្លាំងណាស់សម្រាប់ជួយដល់ប្រាសាទបុរាណ។
ការមិនមានដើមឈើនៅជុំវិញប្រាសាទបុរាណ គឺនៅពេលដែលមានខ្យល់បក់ខ្លាំង វានឹងបំផ្លាញទៅដល់ប្រាសាទបុរាណជាច្រើន។ ក៏ប៉ុន្តែប្រសិនបើមានដើមឈើនៅជុំវិញប្រាសាទបុរាណ គឺអាចជួយទប់ស្កាត់កម្លាំងខ្យល់ខ្លាំង ហើយការពារប្រាសាទបុរាណនានាបាន។ បន្ថែមលើនេះ ដើមឈើក៏មានតួនាទីជួយកាត់បន្ថយជាតិពុលនៅក្នុងបរិស្ថាន និងជួយការពារព្រះអាទិត្យមិនឱ្យជះកម្ដៅខ្លាំងមកលើថ្មប្រាសាទបុរាណ ដែលនាំឱ្យខូចខាតផងដែរ។
លោកអគ្គនាយកបន្តទៀតថា ការចូលរួមរបស់ក្រុមហ៊ុនមេនូឡាយហ្វ៍ ដែលមានមនុស្សចម្រុះជាតិសាសន៍នៅពេលនេះ គឺមានសារសំខាន់យ៉ាងខ្លាំង ក្នុងការចូលរួមជួយថែរក្សាអង្គរ។ ការដាំដើមឈើជុំវិញរមណីយដ្ឋានប្រាសាទបុរាណ គឺជាការបង្កើតខ្សែក្រវ៉ាត់បៃតងនៅជុំវិញប្រាសាទបុរាណ និងក៏ជាការជួយសង្គ្រោះដល់សម្បត្តិបេតិកភណ្ឌរបស់យើងគ្រប់គ្នា។ សម្បត្តិបេតិកភណ្ឌនេះ មិនមែនជារបស់កម្ពុជាប៉ុណ្ណោះទេ វាក៏ជាសម្បត្តិបេតិកភណ្ឌរបស់មនុស្សគ្រប់គ្នានៅក្នុងពិភពលោកផងដែរ។
ចាប់តាំងពីអំឡុងឆ្នាំ២០០៤មក អាជ្ញាធរជាតិអប្សរាបានដាំដើមឈើជាច្រើនកន្លែង នៅក្នុងតំបន់រមណីយដ្ឋានអង្គរចំនួនជាង២លានដើមមកហើយ៕