(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា នឹងត្រូវជួបក្រុមជម្រើសជាតិនារីទីម័រខាងកើត នាវេលាម៉ោង ៣រសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤ នេះ នៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃការប្រកួតបាល់ទាត់នារីជើងឯកអាស៊ីអាគ្នេយ៍ (AFF Women’s Cup 2024) នាទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ។

លោក ឃួន ឡាបូរ៉ាវីត គ្រូបង្វឹកក្រុមបាល់ទាត់នារីកម្ពុជា បាថ្លែងក្នុងសន្និសីទសារព័ត៌មាន មុនការប្រកួតថា ក្រុមទាំងមូល ពិតជាមានសេចក្ដីសោមនស្សរីករាយ ដែលបានឡើងមកកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ បន្ទាប់ពីការខិតខំប្រឹងប្រែងយ៉ាងខ្លាំងរបស់កូនក្រុម ហើយសង្ឃឹមថា ពួកគេនឹងធ្វើបានកាន់តែល្អថែមទៀត សម្រាប់ការប្រកួតថ្ងៃនេះ ។

អតីតកីឡាករជម្រើសជាតិកម្ពុជារូបនេះបន្ដថា «ពួកយើងរីករាយណាស់ ដែលបានឡើងមកកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះ ។ យើងទាំងអស់គ្នា បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ជាពិសេសកីឡាការិនីរបស់យើង ពួកគាត់បានបង្កើតប្រវត្តិសាស្ដ្រថ្មី មួយទៀត សម្រាប់បាល់ទាត់កម្ពុជា ហើយក្រុមទាំងមូល បានដាក់គោលដៅហើយថានឹងយកពានរង្វាន់មួយនេះ»

សូមរំឮកថា មុនឡើងមកាន់វគ្គ ៤ក្រុមចុងក្រោយនេះ ក្រុមបាល់ទាត់នារីកម្ពុជា ធ្វើបានយ៉ាងល្អក្នុងវគ្គចែកពូល ដោយបានប្រកួតស្មើឥណ្ឌូនេស៊ី ០-០ មុនយកឈ្នះក្រុមបាល់ទាត់នារីម៉ាឡេស៊ី ២-០ ដើម្បីឈរកំពូលតារាងពូល B ដោយរកបាន ៤ពិន្ទុ ។ រីឯទីម័រខាងកើត ឈរលេខ២ ក្នុងពូលA ដោយរកបាន ២ពិន្ទុប៉ុណ្ណោះ ក្រោយប្រកួតស្មើសិង្ហបុរី និងម្ចាស់ផ្ទះឡាវ ។

បន្ទាប់ពីជំនួបវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ រវាងក្រុមបាល់ទាត់នារីកម្ពុជា និងទីម័រខាងកើត នៅរាត្រីថ្ងៃចន្ទដដែលនេះ ក្រុមកំពូលតារាងពូលA សិង្ហបុរី ក៏ត្រូវជួបក្រុមលេខ២ ពូលB ឥណ្ឌូនេស៊ី ផងដែរ ដើម្បីប្រជែងកៅអីវគ្គផ្ដាច់ព្រ័ត្រ ដែលគ្រោងប្រកួតកាត់សេចក្ដី នាថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខ ដើម្បីដណ្ដើមជើងឯកពានរង្វាន់ AFF Women’s Cup 2024 ៕