(បរទេស)៖ ថ្មីៗនេះ ប្រទេសចិនបានសម្រេចនូវព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការដឹកជញ្ជូនល្បឿនលឿនបំផុតជាមួយនឹងការសាកល្បងជោគជ័យនៃរថភ្លើង Maglev ថ្មីរបស់ខ្លួន ដែលត្រូវបានរចនាឡើង ដើម្បីឈានដល់ល្បឿនរហូតដល់ ១០០០គីឡូម៉ែត្រក្នុងមួយម៉ោង (៦២១ម៉ាយក្នុងមួយម៉ោង) ពោលគឺមានល្បឿនលឿងជាងយន្តហោះដឹកទំនិញ។
ប្រព័ន្ធដឹកជញ្ជូនល្បឿនលឿនបំផុតនេះ ត្រូវបានរចនាឡើងប្រកបដោយភាពច្នៃប្រឌិតនេះ និងត្រូវបានហៅថា «T-Flight» វា ត្រូវបានសាកល្បងនៅក្នុងផ្លូវរថភ្លើងស្ថិតនៅតំបន់ Datong ខេត្តសានស៊ី។ ការធ្វើតេស្តនេះបានបង្ហាញពីសមត្ថភាពសំខាន់ៗ រួមទាំងការគ្រប់គ្រងទៅលើការបញ្ជាពីចម្ងាយ ស្ថេរភាព និងលំនឹង និងការបញ្ឈប់ដោយសុវត្ថិភាព។
ប្រព័ន្ធរថភ្លើងនេះត្រូវបានប្រើប្រាស់បច្ចេកវិទ្យាម៉ាញេទិក levitation (maglev) ដែលលុបបំបាត់ការកកិតរវាងរថភ្លើង និងផ្លូវដែក ដោយប្រើមេដែកសម្រាប់ការជំរុញ និងការព្យួរ។ បច្ចេកវិទ្យានេះអនុញ្ញាតឱ្យធ្វើដំណើរបានរលូន និងស្ងប់ស្ងាត់ជាងបើប្រៀបធៀបទៅនឹងរថភ្លើងធម្មតា។
មូលហេតុមួយទៀតដែលវាអាចរត់បានលឿននោះគឺប្រព័ន្ធរថភ្លើងនេះត្រូវបានដំណើរការក្នុងបំពង់មួយដែលជួយកាត់បន្ថយការកកិត និងការបោកបក់តាមអាកាស។
ភាពជោគជ័យនៃការសាកល្បងរបស់ T-Flight គឺជាបដិវត្តន៍ដ៏មានសក្តានុពលក្នុងការដឹកជញ្ជូនផ្លូវដែក។ ប្រសិនបើយកវាទៅប្រើប្រាស់ជាជាលក្ខណៈពាណិជ្ជកម្ម វាអាចកាត់បន្ថយពេលវេលាធ្វើដំណើរឆ្លងកាត់ទីក្រុងធំៗរបស់ចិនបានយ៉ាងច្រើន។ ជាឧទាហរណ៍ ការធ្វើដំណើរពីទីក្រុងប៉េកាំងទៅកាន់ទីក្រុងសៀងហៃអាចត្រូវបានកាត់បន្ថយពីជាង ៤ម៉ោងទៅប្រហែល ៩០នាទី។
ភាពជឿនលឿនរបស់ប្រទេសចិននៅក្នុងបច្ចេកវិទ្យា Maglev មិនត្រឹមតែអាចផ្លាស់ប្តូរការធ្វើដំណើរក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកំណត់ជាគោលសម្រាប់ប្រព័ន្ធផ្លូវដែកល្បឿនលឿននាពេលអនាគតទូទាំងពិភពលោកផងដែរ៕