(ភ្នំពេញ)៖ លោកស្រី កែវ មនោរម្យ សមាជិកប្រតិបត្តិសហព័ន្ធកីឡាបាល់បោះកម្ពុជា បានចាត់ទុកវិស័យឯកជន គឺជាដៃគូដ៏សំខាន់ ក្នុងការរួមចំណែកអភិវឌ្ឍវិស័យកីឡា ពិសេសការអភិវឌ្ឍធនធានមនុស្ស តាមរយៈការរៀបចំលីគបាល់បោះយុវជនឲ្យកាន់តែមានគុណភាព និងរក្សាបាននូវនិរន្ដរភាពយូរអង្វែង ។

ការលើកឡើងនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន និងចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្ដីពីការអភិវឌ្ឍកីឡាបាល់បោះយុវជន រវាងសហព័ន្ធ និងក្រុមហ៊ុន CSSR Ruture Now កាលពីចុងសប្ដាហ៍កន្លងទៅ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា សហព័ន្ធគ្រោងនឹងដំណើរការប្រកួតលីគបាល់បោះយុវជន នាពេលឆាប់ៗខាងមុខ ។

មន្ដ្រីសហព័ន្ធដដែលបន្ដថា ការរួមចំណែករបស់វិស័យឯកជនខាងលើ ក្នុងគោលបំណងបំផុសកីឡាបាល់បោះឲ្យយុវជនចូលរួមគាំទ្រ និងលេង ដើម្បីសុខភាព មិត្តភាព សាមគ្គីភាព ទំនាក់ទំនង និងកាត់បន្ថយភាពអសកម្មផ្សេងៗក្នុងសង្គម។ តាមរយៈកិច្ចព្រមព្រៀងនេះដែរ សហព័ន្ធនឹងធ្វើការរួមគ្នារៀបចំផែនការលីគបាល់បោះ U15 និង U19 បុរស-នារី ឲ្យដំណើរការដោយរលូន ដើម្បីជំរុញការអភិវឌ្ឍថ្នាលយុវជនគ្រប់កម្រិត ដោយភាពរឹងមាំ ។

លោកស្រី កែវ មនោរម្យ មានសុទិដ្ឋិនិយមថា នេះគឺជាផ្លែផ្កាមួយនៃវិស័យកីឡាបាល់បោះនៅប្រទេសកម្ពុជាតទៅថ្ងៃអនាគត។ ក្នុងនាមសហព័ន្ធ លោកស្រីបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំក្រុមហ៊ុន ដែលមានឆន្ទៈខ្ពស់ និងឧបត្ថម្ភគាំទ្រដល់ការផលិតធនធានថ្នាលយុវជនឲ្យកាន់តែរីកចម្រើន ស្របពេលកម្ពុជាកំពុងត្រៀមខ្លួនឆ្ពោះទៅធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី លើកទី៥ នាឆ្នាំ២០២៩ ខាងមុខ ដែលជាប្រវត្តិសាស្រ្តថ្មីមួយទៀតរបស់កម្ពុជា ។

ជាមួយគ្នា លោក គួច វរ្ម័ន នាយកប្រតិបត្តិនៃក្រុមហ៊ុនដដែល បានបង្ហាញនូវចក្ខុវិស័យដល់វែងឆ្ងាយ ក្នុងកិច្ចសហការ និងគាំទ្រដល់ការអភិវឌ្ឍកីឡាបាល់បោះកម្ពុជា ក្នុងនោះលោកបានផ្ដោតលើគោលបំណងសំខាន់ គឺការផលិតធនធានកីឡាករ-កីឡាការិនីវ័យក្មេង ។ តាមរយៈនេះ លោកក៏មានគម្រោងបង្កើតលីគបាល់បោះអាជីពលំដាប់យុវជនមួយ ដោយយកលំនាំលីគបាល់ទាត់យុវជនកម្ពុជា ដើម្បីសម្រួលដល់សហព័ន្ធក្នុងការចម្រាញ់យកធនធានយុវជនបន្ដវេនល្អៗសម្រាប់អនាគតក្រុមជម្រើសជាតិកម្ពុជាផងដែរ ៕