(ការ៉ាជី)៖ ក្រុមហ៊ុន Pakistan International Airlines (PIA) ដែលជាក្រុមហ៊ុនរដ្ឋប៉ាគីស្ថាន បានឱ្យដឹងនៅថ្ងៃសៅរ៍ថា ខ្លួនរំពឹងថា នឹងចាប់ផ្តើមឡើងវិញ នូវជើងហោះហើរទៅកាន់តំបន់អឺរ៉ុប នាពេលឆាប់ៗខាងមុខ និងកំពុងសំលឹងមើលគោលដៅជាច្រើនទៀត នៅអង់គ្លេស បន្ទាប់ពីនិយ័តករអាកាសចរណ៍អឺរ៉ុប បានដកបម្រាមរបស់ខ្លួន លើក្រុមហ៊ុនអាកាសចរណ៍នេះ។ នេះបើយោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤។

ទីភ្នាក់ងារសុវត្ថិភាពអាកាសចរណ៍សហភាពអឺរ៉ុប (EASA) បានផ្អាកការអនុញ្ញាតរបស់ក្រុមហ៊ុន PIA ក្នុងការប្រតិបត្តិការ នៅអឺរ៉ុប កាលពីខែមិថុនា ឆ្នាំ២០២០ ជុំវិញការព្រួយបារម្ភ អំពីសមត្ថភាពនៃអាជ្ញាធរប៉ាគីស្ថាន និងអាជ្ញាធរអាកាសចរណ៍ស៊ីវិល (PCAA) របស់ខ្លួន ក្នុងការធានាការគោរពតាមស្តង់ដារអាកាសចរណ៍អន្តរជាតិ។

អ្នកនាំពាក្យក្រុមហ៊ុន PIA លោក Abdullah Hafeez Khan បានប្រាប់ Reuters ថា ក្រុមហ៊ុនរំពឹងថានឹងចាប់ផ្តើមឡើងវិញ នូវជើងហោះហើររបស់ខ្លួន ទៅកាន់តំបន់អឺរ៉ុប ដោយចាប់ផ្តើមជាមួយទីក្រុង Paris ក្នុងរយៈពេល៣ទៅ៤សប្តាហ៍ខាងមុខ។

គួររំលឹកថា EASA និងអាជ្ញាធរអង់គ្លេស បានផ្អាកការអនុញ្ញាត សម្រាប់ក្រុមហ៊ុន PIA ក្នុងការប្រតិបត្តិការ នៅតំបន់អឺរ៉ុប បន្ទាប់ពីប៉ាគីស្ថាន បានចាប់ផ្តើមការស៊ើបអង្កេត ពីសុពលភាពនៃអាជ្ញាប័ណ្ណរបស់អ្នកបើកបរ បន្ទាប់ពីមានហេតុការណ៍ធ្លាក់យន្តហោះមួយ ដែលបានសម្លាប់មនុស្ស៩៧នាក់៕