(ភ្នំពេញ)៖ មន្ដ្រីគណៈកម្មការបច្ចេកទេសរៀបចំទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង បានសម្ដែងការភ្ញាក់ផ្អើលជាខ្លាំង ចំពោះសកម្មភាពកីឡារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បន្ទាប់ពីសម្ដេចបានរត់ចម្ងាយ ៥គីឡូម៉ែត្រ ដោយភាពស្វាហាប់ រឹមាំ និងល្បឿនថេរ ចាប់ពីចេញដំណើរ រហូតដល់បញ្ចប់ទី ហើយបានចាត់ទុកសកម្មភាពកីឡារបស់ថ្នាក់ដឹកនាំកំពូលនេះ គឺជាគំរូដ៏ល្អបំផុតទៀតផង។
នេះបើតាមការលើកឡើងរបស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) ក្រោយទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើកទី២៩ នៅអង្គរវត្ត ខេត្តសៀមរាប បានប្រព្រឹត្តទៅដោយរលូន និងជោគជ័យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចបវរធិបតីនាយករដ្ឋមន្ដ្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត កាលពីព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅ។
លោកថា អ្វីដែលគួរឲ្យកត់សម្គាល់ ក្នុងព្រឹត្តិការណ៍កីឡាទេសចរណ៍ដ៏ធំប្រចាំឆ្នាំ ដែលមានចំនួនអ្នកចូលរួមបំបែកឯកត្តកម្មរហូតដល់ ១៤,៣៧០នាក់នេះ គឺស្នាមញញឹមរបស់អត្តពលិកជាតិ-អន្ដរជាតិទាំងអស់ បានប្រាស្រ័យទាក់ទងគ្នា ដោយសប្បាយរីករាយ និងអបអរសាទរ ចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្ដេចបវរធិបតី ជាមួយការបង្ហាញនូវមនោសញ្ចេតនាដ៏ជ្រាលជ្រៅ រវាងប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងអត្តពលិកគ្រប់រូប។
អ្វីដែលពិសេសទៀតនោះ គឺសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត មិនត្រឹមតែផ្ដល់កិត្តិយសដ៏ខ្ពង់ខ្ពស់ចូលរួមក្នុងពិធីការ ឬចូលរួមពិធីបើកនោះទេ តែសម្ដេចបានចូលរួមក្នុងសកម្មភាពកីឡាតែម្ដង ជាមួយការបង្ហាញនូវភាពភ្ញាក់ផ្អើលជាខ្លាំង ដល់អ្នកចូលរួមរត់ប្រណាំងក្នុងព្រឹត្តិការណ៍នេះ ចំពោះសកម្មភាព និងចង្វាក់រត់ដ៏ស្វាហាប់របស់សម្ដេចធិបតី។
លោក វ៉ាត់ ចំរើន បានលើកឡើងថា «សម្ដេចបវរធិបតី បានរត់ ៥គីឡូម៉ែត្រ ដោយភាពស្វាហាប់ និងភាពរឹងមាំបំផុត ដោយការរត់របស់សម្ដេច មានភាពសកម្ម និងលឿន ធ្វើឲ្យអ្នកបច្ចេកទេសរបស់យើងខ្ញុំ មានការភ្ញាក់ផ្អើលថា សម្ដេចមានថាមពលល្អក្នុងការរត់ ៥គីឡូម៉ែត្រ គឺរត់ដោយមិនមានដើរ គឺថាចង្វាក់រត់ដែលមានលក្ខណៈធន់ មិនរអាក់រអួល ។ នេះគឺជាចំណុចសំខាន់ ដែលថ្នាក់ដឹកនាំកំពូលរបស់យើង បានបង្ហាញនូវថាមពលដ៏ខ្លាំងពូកែ ទាំងថាមពលផ្លូវកាយ និងផ្លូវចិត្ត ធ្វើឲ្យពួកយើងទាំងអស់គ្នាឃើញថា កម្មវិធីដែលបានកើតឡើង ទាំងការចូលរួមក្នុងពិធីការ និងការចូលរួមក្នុងសកម្មភាពកីឡា ធ្វើឲ្យយើងមិននឹកស្មានដល់ថា ជាកម្មវិធីមួយ ដែលសម្ដេចបានធ្វើសកម្មភាពដ៏ល្អជាគំរូដល់យើងខ្ញុំទាំងអស់គ្នា»។
តាមរយៈព្រឹត្តិការណ៍ដ៏ពិសេស ដែលទទួលបានការផ្ដល់កិត្តិយសដ៏ខ្ពង់ខ្ពស់ពីសម្ដេចបវរធិបតី និងលោកជំទាវបណ្ឌិត មិនត្រឹមតែបានជំរុញការរៀបចំប្រព្រឹត្តទៅរលូន ទាំងការងារសន្ដិសុខសណ្ដាប់ធ្នាប់ និងការងារបច្ចេកទេសនោះទេ ខណៈថិរវេលារបស់អត្តពលិកទទួលបានជយលាភី ក៏កាន់តែល្អប្រសើរ ស្ថិតក្នុងចំណាត់ថ្នាក់អត្តពលិកជំនាញផងដែរ ដែលជំរុញឲ្យទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុងអង្គរ កាន់តែមានគុណតម្លៃ និងប្រជាប្រិយភាពខ្ពស់ នៅក្នុងតំបន់ និងលើពិភពលោក ហើយត្រូវបានរំពឹងថា នឹងអាចទាក់ទាញការចូលរួមពីអត្តពលិកគ្រប់ទិសទីកាន់តែច្រើនឡើងៗនាឆ្នាំបន្ដបន្ទាប់ទៀត ។ លោក វ៉ាត់ ចំរើន បន្ថែម។
សូមបញ្ជាក់ថា សម្រាប់លទ្ធផលបច្ចេកទេស នៃទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុងអង្គរ លើកទី២៩ កាលពីចុងសប្ដាហ៍កន្លងទៅ រួមមាន៖ វិញ្ញាសារត់ ២១គីឡូម៉ែត្របុរស លេខ១ កីឡាករម្ពុជា អ៊ុក រ៉ូហ៊ីត, លេខ២ កីឡាករម៉ាឡេស៊ី David Meloche និងលេខ៣ កីឡាករអង់គ្លេស Kit Ecluiards ខណៈផ្នែកនារី លេខ១ កីឡាការិនី Koshi Rieko, លេខ២ កីឡាការិនី Gambara Janko និងលេខ៣ កីឡាការិនី Matsamoto Kyoko មកពីជប៉ុនទាំងអស់គ្នា ។ វិញ្ញាសារត់ ១០គីឡូម៉ែត្របុស លេខ១ កីឡាករកម្ពុជា Lai Terence, លេខ២ កីឡាករនូវែលសេឡង់ Ashann Bernau និងលេខ៣ កីឡាករកម្ពុជា ឆន សុភ័ណ្ណ ខណៈផ្នែកនារី លេខ១ កីឡាការិនី Fushia Clayton និងលេខ២ កីឡាការិនី Sopie Kirk មកពីអង់គ្លេសដូចគ្នា។
ដោយឡែកវិញ្ញាសាផ្នែកជនពិការវិញ សម្រាប់វិញ្ញារទេះជនពិការ ២១គីឡូម៉ែត្របុរស លេខ១ បានទៅកីឡាករ វ៉ាន វ៉ុន, លេខ២ កីឡាករ ហេង សាវឿន និងលេខ៣ កីឡាករ ឈុន ពុន ខណៈផ្នែកនារី លេខ១ កីឡាការិនី ស៊ុន សោម, លេខ២ កីឡាការិនី យុគ ណាម និងលេខ៣ កីឡាការិនី តាន សុរ៉េន អត្តពលិកកម្ពុជាទាំងអស់គ្នា ។ ក្រៅពីនេះ ក៏មានការផ្ដល់រង្វាន់អនុស្សាវរីយ៍ ដល់ជយលាភីវិញ្ញាសារត់ចម្ងាយ ៥គីឡូម៉ែត្រ និងរត់កម្សាន្ដ ៣គីឡូម៉ែត្រ ព្រមទាំងរត់ជនពិការជើង និងពិការដៃបុរស-នារីផងដែរ ។ អ្វីដែលពិសេស ជយលាភីវិញ្ញាសារត់ ២១គីឡូម៉ែត្របុរស-នារី ក៏ទទួលបានការផ្ដល់កិត្តិយសដ៏ខ្ពង់ខ្ពស់បំពាក់មេដាយដោយផ្ទាល់ពីសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ផងដែរ៕