(តូក្យូ)៖ នាយកផ្នែកហិរញ្ញវត្ថុ (CFO) របស់ក្រុមហ៊ុនផលិតរថយន្ត Nissan Motor លោក Stephen Ma នឹងលាលែងចេញពីតំណែង។ នេះបើយោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤នេះ ដោយស្រង់ពីសារព័ត៌មាន Bloomberg News ចេញផ្សាយកាលពីថ្ងៃទី៣០ ខែវិច្ឆិកា, ប៉ុន្មានសប្តាហ៍បន្ទាប់ពីក្រុមហ៊ុនផលិតរថយន្តជប៉ុននេះ ចេញនូវការព្រមានប្រាក់ចំណេញ និងបានប្រកាសគម្រោងកាត់បន្ថយការងាររាប់ពាន់កន្លែង នៅទូទាំងពិភពលោក។
វានៅមិនទាន់ច្បាស់នៅឡើយនោះទេ ថាតើលោក Ma នឹងត្រូវលាលែងពីក្រុមហ៊ុន ឬក៏ត្រូវបានប្តូរទៅកាន់តួនាទីផ្សេង។ នេះបើតាមសេចក្តីរាយការណ៍។ ប្រភពបន្ថែមថា ការិយាល័យរបស់លោក បានបដិសេធ ក្នុងការបកស្រាយ។
ជាមួយគ្នានោះ ក្រុមហ៊ុន Nissan បានបដិសេធ ក្នុងការបកស្រាយ នៅពេលដែលមានការសាកសួរ ពីសារព័ត៌មាន Reuters។
លោក Ma ត្រូវបានតែងតាំងជានាយកផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Nissan ក្នុងឆ្នាំ២០១៩ ដោយបានជំនួសតំណែងលោក Hiroshi Karube, ប៉ុន្មានសប្តាហ៍បន្ទាប់ពីក្រុមហ៊ុន បានតែងតាំងប្រធានផ្នែកអាជីវកម្មប្រចាំប្រទេសចិនរបស់ខ្លួន គឺលោក Makoto Uchida ជានាយកប្រតិបត្តិបន្ទាប់របស់ខ្លួន។
ក្រុមហ៊ុន Nissan បានឱ្យដឹងកាលពីដើមខែនេះថា ខ្លួននឹងកាត់បន្ថយការងារ៩,០០០កន្លែង និង២០ភាគរយ នៃសមត្ថភាពផលិតជាសកលរបស់ខ្លួន, ចំពេលដែលក្រុមហ៊ុន កំពុងព្យាយាមកាត់បន្ថយការចំណាយ ចំនួន២.៦ពាន់លានដុល្លារ ក្នុងឆ្នាំសារពើពន្ធបច្ចុប្បន្ន ស្របពេលដែលមានការធ្លាក់ចុះការលក់ នៅក្នុងប្រទេសចិន និងសហរដ្ឋអាម៉េរិក ដែលជាទីផ្សារធំជាងគេទាំង២របស់ខ្លួន។
ការលក់នៅទូទាំងពិភពលោករបស់ Nissan បានធ្លាក់ចុះ៣.៨ភាគរយ មកនៅត្រឹម១.៥៩លានគ្រឿង សម្រាប់រយៈពេល៦ខែ នៃឆ្នាំសារពើពន្ធនេះ, ភាគច្រើនដោយសារតែការធ្លាក់ចុះដល់ទៅ១៤.៣ភាគរយ នៃការលក់នៅក្នុងប្រទេសចិន៕