(ភ្នំពេញ)៖ ក្រោយមានការវែកញែក និងលើកឡើងទាក់ទងនឹងបទ «សែកមន្ត»ជាបន្តបន្ទាប់រួចមក លោក Jonathan អ្នកដឹកនាំសម្ដែងក្នុងចម្រៀងមួយបទនេះ បានកែតម្រូវប្លង់មួយចំនួន និងធ្វើការបកស្រាយ ៣ចំណុចធំៗ ទាក់ទងនឹងចំណងជើង ក៏ដូចជាកម្មសិទ្ធិបញ្ញា សម្លៀកបំពាក់ រួមនឹងតុក្កតាឡាប៊ូប៊ូ។ តាមការអះអាងជុំវិញការដាក់ចំណងជើងនេះ លោក Jonathan ពន្យល់ថា «សេកមន្ត» ឬ «សែកមន្ត» គឺយកតាមវចនានុក្រមសម្ដេចសង្ឃរាជ ជួន ណាត ខណៈពាក្យទាំងនេះ គឺអាចប្រើបានពីរ ដោយអាចប្រើ «សេកមន្ត» ក៏បាន ប្រើ «សែកមន» ក៏បាន ប៉ុន្តែសម្រាប់ការនិយមប្រើ គឺ «សែកមន្ត»។
ឯកម្មសិទ្ធិបញ្ញាវិញលោកថា បទនេះជាបទមេឡូឌីថ្មីដែលខាងផលិតកម្ម Galaxy Navatra បានសហការជាមួយលោក សុខោទ័យ (ម្ចាស់កម្មសិទ្ធិ) តែលើពាក្យពោលខាងមុខប៉ុណ្ណោះ។ ទោះយ៉ាងណា ក្រុមការងារពិតជាបានយកចិត្តទុកដាក់ និងគោរពកម្មសិទ្ធិបញ្ញា។
ដោយឡែក ចំពោះសម្លៀកបំពាក់តួអង្គក្នុងសាច់រឿង សម្រាប់តារាចម្រៀងជួរមុខលោក ព្រាប សុវត្ថិ ស្លៀកឯណេះវិញ លោកបញ្ជាក់ថា គឺមិនមែនជាតួអង្គស្តេច ឬព្រះមហាក្សត្រអង្គណានោះទេ តែជាសម្លៀកបំពាក់គ្រូអាគម ដែលហៅថា «ទេវបុត្រកាមទេព»។ ខណៈជុំវិញ ការកែច្នៃនិងដំឡើងឈុតនេះឡើង អ្នកច្នៃម៉ូត ក៏បានលើកបង្ហាញពីភស្តុតាង នៃការបំផុតគំនិតផងដែរ ដោយដកស្រង់ចេញពីតួអង្គទេពមួយអង្គនៃព្រហ្មញ្ញសាសនា និងត្រូវបានច្នៃតាមបែបសហសម័យ ឱ្យស៊ីទៅនឹងបទចម្រៀងថ្មីនេះ។
ចំណែកការដាក់បង្ហាញ តុក្កតាឡាប៊ូប៊ូ នៅក្នុង MV ចម្រៀងមួយបទនេះ លោក Jonathan បានឱ្យដឹងដែរថា បានកែសម្រួលប្លង់មួយចំនួន។ ឯកាលមិនទាន់កែនៅជិតប្លង់ចាប៉ីនៃ MV គឺបានកែមកកន្លែងប្លង់ MV នៃភ្លេងកណ្ដាលនៃចម្រៀងវិញ គឺគម្លាតមានពីប្លង់ចាប៉ីនៃ MV។ ខណៈគោលបំណងនៃការបូកផ្សំការរាំតុក្កតាឡាប៊ូប៊ូ ក្នុងចម្រៀងមួយបទនេះ ក៏ព្រោះតែចង់ផ្សារភ្ជាប់ការកម្សាន្តជាមួយរូបភាព និងចង្វាក់រាំនេះ ធ្វើឱ្យទស្សនិកជនដែលជាយុវវ័យបានរីករាយប៉ុណ្ណោះ។
លោកគូសបញ្ជាក់ថា តែទោះជាយ៉ាងណា ការកែតម្រូវខាងលើនេះ មិនទាន់គ្រប់គ្រាន់នៅឡើយសម្រាប់លោក ក្នុងនាមជាអ្នកដឹកនាំសម្ដែងនៃបទនេះ ហើយលោកនឹងនៅតែទទួលយកការកែតម្រូវជានិច្ចដោយស្មោះត្រង់ បើមានការចង្អុលបង្ហាញណាមួយពីក្រសួង ឬស្ថាប័នពាក់ព័ន្ធ។
អ្នកដឹកនាំសម្តែងរូបនេះ បន្ថែមថា ចំណេះដឹងរបស់ខ្លួននៅមានកម្រិត តែយ៉ាងណាលោកក៏ព្យាយាមខិតខំកែលម្អ បើមានការឆ្គាំឆ្គងដោយប្រការណាមួយ ព្រោះខ្លួនមិនមានចេតនាណា ចង់ឱ្យប៉ះពាល់ដល់កេរដំណែលដូនតានោះឡើយ។ ក្នុងនាមជាយុវជនសិល្បៈជំនាន់ក្រោយ លោកសន្យាថានឹងព្យាយាមខិតខំធ្វើឱ្យបានល្អ និងកែប្រែ ដោយភាពស្មោះត្រង់។
គួរជម្រាបថា «សែកមន្ត» ចម្រៀងថ្មីរបស់ផលិតកម្មខ្នាតយក្ស Galaxy Navatra ផលិតឡើងក្នុងឱកាស ដើម្បីជាការអបអរសាទរគម្រប់ខួប ៨ឆ្នាំ នៃការដាក់ចាប៉ីដងវែង ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ដែលមានកំពូលតារាចម្រៀង ព្រាប សុវត្ថិ និងកញ្ញា តន់ ច័ន្ទសីម៉ា ច្រៀងនិងតុបតែងតែងខ្លួនក្នុងឈុតបុរាណ អមជាមួយអ្នកលេងចាប៉ីជាង ១០០នាក់ ដោយផលិតជាពីរ Version ប្រុសនិងស្រី។ តួយ៉ាង ចម្រៀងមួយបទនេះ ក៏កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជនក្នុងរយះពេលប៉ុន្មានថ្ងៃនេះ៕