(ភ្នំពេញ)៖ កីឡាករ-កីឡាការិនីកម្ពុជា ៣រូប បានទទួលឱកាសចេញទៅហ្វឹកហាត់រយៈពេល ២សប្ដាហ៍ នៅសាធារណរដ្ឋកូរ៉េ ក្រោមជំនួយរបស់ម្ចាស់ផ្ទះ ដើម្បីអភិវឌ្ឍន៍សមត្ថភាពត្រៀមការប្រកួតអន្ដរជាតិ នាពេលខាងមុខ។ បេសកកម្មនេះ ដឹកនាំដោយលោក ម៉ក់ ចាន់តារា ថ្នាក់ដឹកនាំប្រតិភូក្រុមកីឡារំអិលលើទឹកកកម្ពុជា។

ថ្លែងប្រាប់អ្នកសារព័ត៌មាន មុនចាកចេញពីមាតុភូមិកាលពីចុងសប្ដាហ៍កន្លងទៅ លោក ម៉ក់ ចាន់តារា បានឲ្យដឹងថា នេះជាលើកដំបូងហើយ ដែលកម្ពុជាបានបញ្ជូនអត្តពលិកទៅហ្វឹកហាត់កីឡារំអិលលើទឹកកក ក្រោយទទួលបានការគាំទ្រពីរាជរដ្ឋាភិបាល ក៏ដូចជាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងមានការសម្របសម្រួលពីស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា ក្រោមជំនួយរបស់សហព័ន្ធកីឡារំអិលលើទឹកកកកូរ៉េ។

ជុំវិញការទទួលបានឱកាសនេះដែរ ដោយសារភាគីកូរ៉េ ចង់ឲ្យបណ្ដាប្រទេសក្នុងតំបន់អាស៊ី បានហ្វឹកហាត់ និងអភិវឌ្ឍន៍សមត្ថភាពអត្តពលិក លើប្រភេទកីឡារំអិលលើទឹកក ហើយបានចូលរួមព្រឹត្តិការណ៍អន្ដរជាតិធំៗ ដូចជាការប្រកួតកម្រិតអូឡាំពិកនាថ្ងៃអនាគត។ ការណ៍នេះ កូរ៉េបានផ្ដល់ជំនួយដល់ប្រទេសចំនួន៥ ក្នុងការបញ្ជូនអត្តពលិកទៅហ្វឹកហាត់នៅទីនោះរួមមានកម្ពុជា វៀតណាម ហ្វីលីពីន នេប៉ាល់ និងម៉ុងហ្គោលីជាដើម។

តាមរយៈនេះលោក ម៉ក់ ចាន់តារា បានជំរុញ និងលើកទឹកចិត្តដល់អត្តពលិកវ័យក្មេងកម្ពុជា ត្រូវចាប់យកឱកាសមាសនេះ ក្នុងការយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងហ្វឹកហាត់ ដើម្បីអភិវឌ្ឍន៍សមត្ថភាព និងបច្ចេកទេសរបស់ខ្លួនឲ្យបានល្អប្រសើរ ទី១-ដើម្បីអនាគតខ្លួនផង និងក្លាយជាអត្តពលិកតំណាងជាតិចូលរួមការប្រកួតអន្ដរជាតិនានាផង ទី២-ក៏ដើម្បីទទួលបានជំនួយបច្ចេកទេសបន្ថែមពីភាគីកូរ៉េ ក្នុងការផ្ដល់ឱកាសហ្វឹកហាត់បន្ដទៀតផងដែរ។

ទន្ទឹមជាមួយគ្នា លោក គីម ចូដុង អ្នកគ្រប់គ្រងយុវជនកម្ពុជាទាំង ៣រូប បានឲ្យដឹងថា សម្រាប់ផែនការជួយជ្រោមជ្រែងរបស់សហព័ន្ធកីឡារអិលលើទឹកកកកូរ៉េខាងត្បូង ដល់បណ្ដាប្រទេសទាំង ៥ គឺមានរយៈពេលវែង ហើយប្រសិនបើពួកគេខិតខំប្រឹងប្រែងតស៊ូ អត់ធ្មត់ ក្នុងការហ្វឹកហាត់បាននោះ លោកជឿជាក់ថា ពួកគេនឹងមានឱកាសប្រកួតតំណាងជាតិលើឆាកអន្តរជាតិនាថ្ងៃអនាគត ពិសេសសម្រាប់ការត្រៀមចូលរួមការប្រកួតអូឡាំពិករដូវរងា ឆ្នាំ២០២៨ តែម្ដង៕