(ម៉ារ៉ុក)៖ Grand stade hassan II របស់ម៉ារ៉ុក នឹងក្លាយជាកីឡដ្ឋានដ៏ធំបំផុតរបស់ពិភពលោក ដែលសាងសង់ឡើងសម្រាប់រៀបចំការប្រកួតបាល់ទាត់ ពិសេសបម្រើដល់ព្រឹត្តិការណ៍ FIFA World Cup 2030 ដែលប្រទេសម៉ារ៉ុក ជាសហម្ចាស់ផ្ទះជាមួយអេស្ប៉ាញ និងព័រទុយហ្គាល់ ដែលអាចទទួលអ្នកទស្សនាផ្ទាល់ប្រមាណ ១១៥,០០០នាក់ ។

កីឡដ្ឋាននេះត្រូវបានរចនាដោយក្រុមហ៊ុន Oualalou+Choi និង Populous ដោយមានសណ្ថានរូបរាងឆ្លុះបញ្ចាំងពីរវប្បធម៌ម៉ារ៉ុក ស្តែងចេញពីពិធីជួបជុំបែបប្រពៃណី «Moussem» ដែលហ៊ុំព័ទ្ធដោយសួនច្បា ស្មៅព៌ណប៉ៃងតង ។ បើតាមរបាយការណ៍ កីឡដ្ឋាននេះ ត្រូវបានរដ្ឋាភិបាល ចាយទុនទឹកប្រាក់ត្រៀមសម្រាប់សាងសង់ប្រមាណ ៤៩០លានដុល្លារ មានរយៈពេលសាងសង់ចាប់ពីឆ្នាំ២០២៥ នឹងបញ្ចប់នៅឆ្នាំ២០២៨ ស្ថិតក្នុងទីក្រុង Casablanca ។

Grand stade hassan II ក៏ជាកីឡដ្ឋានមួយមានសក្តានុពលនៃការប្រកួតវគ្គផ្តាច់ព្រ័ត្រ FIFA World Cup 2030 នឹងជាកន្លែងសម្រាប់រៀបចំពឹត្តិការណ៍សំខាន់ៗ ហើយក៏ជាទីលានសម្រាប់បម្រើឱ្យក្លិបបាលទាត់ក្នុងស្រុកពីរមានក្លិប Raja CA និង Wydad AC ។

FIFA World Cup 2030 ក៏ជាការប្រកួតគម្របខួប ១០០ឆ្នាំ នៃការបង្កើនព្រឹត្តិការណ៍បាល់ទាត់ពិភពលោកនេះដំបូងនៅឆ្នាំ១៩៣០ ហើយសម្រាប់ប្រទេសម៉ារ៉ុក ក្រៅពីកីឡដ្ឋានថ្មីនេះ ក៏បានត្រៀមកីឡដ្ឋានចំនួន ៥ផ្សេងទៀតផងដែរ ក្នុងនោះប្រទេសអេស្ប៉ាញ ត្រៀមកីឡដ្ឋានចំនួន៩ ហើយប្រទេសព័រទុយហ្គាល់ មានតែ ២កីឡដ្ឋានប៉ុណ្ណោះ ។

ព្រឹត្តិការណ៍ ៤ឆ្នាំម្តងនេះ នឹងមាន ៤៨ប្រទេសមកពី ៦សហព័ន្ធចូលរួមប្រកួតប្រជែង ដែលគ្រោងលេងពីថ្ងៃទី១៣ ខែមិថុនា ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០៣០ ៕