(បរទេស)៖ «ការប្រកួតនៅបន្តរង់ចាំ!» នេះគឺជាព័ត៌មានដែលត្រូវបានប្រកាសដោយកីឡាករប្រដាល់ក្នុងទ្រុង Conor McGregor នៅលើបណ្តាញសង្គមរបស់លោកកាលពីថ្ងៃអង្គារសប្តាហ៍មុន ស្របពេលដៃគូឧបត្ថម្ភមួយចំនួន រួមទាំងប្រទេសអៀរឡង់ផងនោះ ក៏មិនចង់ធ្វើអ្វីជាមួយលោកទៀតដែរ។

អត្តពលិកអៀរឡង់ដែលសំបូររឿងអាស្រូវនេះ និងឈានដល់ការជាប់ពន្ធនាគារ ២-៣ឆ្នាំចុងក្រោយនេះ បានបង់ប្រាក់សងជំងឺចិត្តប្រមាណ ២៥០,០០០អឺរ៉ូទៅកញ្ញា Nikita Hand ពីបទចាប់រំលោភសេពសន្ថវៈនៅក្នុងសណ្ឋាគារមួយនៅទីក្រុង Dublin នាអំឡុងខែធ្នូ ឆ្នាំ២០១៨។

លើសពីនេះទៀត នៅឆ្នាំ២០១៨ McGregor ត្រូវបានឃាត់ខ្លួននៅទីក្រុង New York សហរដ្ឋអាមេរិក ពីបទគប់ដុំដែកចូលរថយន្តក្រុងតាមបង្ហួចដែលមានដឹកអត្តពលិក UFC រួមទាំងមន្រ្តីកីឡាជាច្រើនរូបទៀតផង។ ១ឆ្នាំក្រោយមក គាត់ត្រូវបានកាត់ទោស និងពិន័យប្រាក់ចំនួន ១០០០អឺរ៉ូ ពីបទដាល់បុរសម្នាក់នៅក្នុងហាងស្រាមួយកន្លែងនៅទីក្រុង Dublin ដែលបដិសេធមិនផឹកស្រារបស់គត់។

ករណីទាំងនេះ បានញាំងឱ្យ Conor McGregor វ័យ ៣៦ឆ្នាំកាន់តែបាត់មុខពីវិស័យប្រដាល់ UFC ម្តងបន្តិចៗរហូតដល់បច្ចុប្បន្ន និងក្រោយពេលផ្ទុះរឿងអាស្រូវដ៏កក្រើកជាមួយកញ្ញា Hand រួចមក។

រហូតដល់ខែមិថុនា ឆ្នាំ២០២៣ បុរសសញ្ជាតិអៀរឡង់ដែលបានក្លាយជាកីឡាករប្រដាល់អាជីពក្នុងឆ្នាំ២០១៣ បានរងបទចោទប្រកាន់ពីបទរំលោភសេពសន្ថវៈជាថ្មីទៀតទៅស្រ្តីមួយរូបនៅក្នុងបន្ទប់ទឹក នៅពេលទៅទស្សនាផ្តាច់ព្រ័ត្រក្របខណ្ឌបាល់បោះ NBA នៅទីក្រុង Miami សហរដ្ឋអាមេរិក ដោយបានបាត់មុខពីប្រដាល់ដល់បច្ចុប្បន្ននេះ៕