(បរទេស)៖ សហរដ្ឋអាមេរិក នៅថ្ងៃចន្ទដើមសប្តាហ៍នេះត្រូវបានរាយការណ៍មកថា នឹងចាប់ផ្តើមការបង្រ្កាបជាលើកទីបី ក្នុងរយៈពេលបីឆ្នាំមកនេះ លើឧស្សាហកម្ម semiconductor របស់ប្រទេសចិន។ ការរឹតបន្តឹងលើកនេះ គឺហាមឃាត់ការនាំចេញបន្ទះឈីបទៅកាន់ក្រុមហ៊ុនចំនួន១៤០ ក្នុងនោះរួមទាំងក្រុមហ៊ុនផលិតឧបករណ៍បន្ទះឈីប Naura Technology Group ផងដែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤។
កិច្ចខិតខំប្រឹងប្រែងនេះ គឺដើម្បីរារាំងមហិច្ឆតាផលិតបន្ទះឈីបរបស់ទីក្រុងប៉េកាំង ហើយវាក៏នឹងប៉ះពាល់ដល់ក្រុមហ៊ុនផលិតបន្ទះឈីបរបស់ចិន Piotech និងបច្ចេកវិទ្យា SiCarrier ផងដែរ ខណៈការរឹតបន្តឹងការនាំចេញថ្មីនេះ ជាផ្នែកនៃកញ្ចប់ដឹកជញ្ជូនបន្ទះឈីបអង្គចងចាំកម្រិតខ្ពស់ និងឧបករណ៍ផលិតបន្ទះឈីបទៅប្រទេសចិន។ ការរឹតបន្តឹងនៅពេលនេះ ក៏ត្រូវបានគេមើលឃើញថា ជាកិច្ចខិតខំប្រឹងប្រែងទ្រង់ទ្រាយធំចុងក្រោយរបស់រដ្ឋបាលលោក Biden ក្នុងការរារាំងសមត្ថភាពរបស់ប្រទេសចិន ក្នុងការចូលប្រើប្រាស់ និងផលិតបន្ទះឈីប ដែលអាចជួយជំរុញការស៊ើបការណ៍សម្ងាត់សម្រាប់កម្មវិធីយោធា ឬគំរាមកំហែងដល់សន្តិសុខជាតិរបស់សហរដ្ឋអាមេរិក។ វាកើតឡើងប៉ុន្មានសប្តាហ៍ប៉ុន្មាន មុនការស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីជាប់ឆ្នោតមកពីគណបក្សសាធារណរដ្ឋលោក Donald Trump ដែលត្រូវបានគេរំពឹងថា នឹងរក្សានូវវិធានការតឹងតែងជាច្រើនដែលសល់ពីរដ្ឋបាលលោក Biden ចំពោះប្រទេសចិន។
ការរឹតបន្តឹងនេះ រួមបញ្ចូលការទប់ស្កាត់លើការដឹកជញ្ជូននៃបន្ទះឈីបអង្គចងចាំកម្រិតបញ្ជូនខ្ពស់ទៅកាន់ប្រទេសចិន ដែលមានសារៈសំខាន់សម្រាប់កម្មវិធីកម្រិតខ្ពស់ដូចជាការបណ្តុះបណ្តាល AI ជាដើម។ ការទប់ស្កាត់ថ្មីលើឧបករណ៍ផលិតបន្ទះឈីបបន្ថែមចំនួន២៤ និងឧបករណ៍កម្មវិធីចំនួន៣ ព្រមទាំងការរឹតបន្តឹងការនាំចេញថ្មីលើឧបករណ៍ផលិតបន្ទះឈីបដែលផលិតនៅក្នុងប្រទេសរួមទាំងសិង្ហបុរី និងម៉ាឡេស៊ី។ ការគ្រប់គ្រងឧបករណ៍ទំនងជានឹងប៉ះពាល់ដល់ក្រុមហ៊ុនផលិតបន្ទះឈីបជាច្រើន ដូចជា Lam Research , KLA និង Applied Materials ក៏ដូចជាក្រុមហ៊ុនមិនមែនរបស់សហរដ្ឋអាមេរិក ដូចជាហូឡង់ជាដើម។
ប្រភពបាននិយាយថា ក្នុងចំណោមក្រុមហ៊ុនចិនដែលប្រឈមមុខនឹងការរឹតបន្តឹងថ្មី គឺក្រុមហ៊ុន semiconductor ជាច្រើន ក្នុងនោះក៏មានក្រុមហ៊ុនវិនិយោគចំនួនពីរ និងក្រុមហ៊ុនផលិតឧបករណ៍ផលិតបន្ទះឈីបជាង១០០។ សមាជិកសភាអាមេរិកនិយាយថា ក្រុមហ៊ុនមួយចំនួនរួមមាន Swaysure Technology Co, Qingdao SiEn និង Shenzhen Pensun Technology Co ធ្វើការជាមួយក្រុមហ៊ុន Huawei Technologies របស់ប្រទេសចិន ដែលជាអ្នកនាំមុខផ្នែកឧបករណ៍ទូរគមនាគមន៍ ដែលធ្លាប់រងការដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិក ហើយឥឡូវនេះជាចំណុចកណ្តាលនៃការផលិត និងការអភិវឌ្ឍន៍បន្ទះឈីបកម្រិតខ្ពស់របស់ប្រទេសចិន៕