(វៀងចន្ទន៍)៖ ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា បានឡើងវគ្គផ្ដាច់ព្រ័ត្រ នៃការប្រកួតបាល់ទាត់នារីជើងឯកអាស៊ីអាគ្នេយ៍ (AFF Women’s Cup 2024) ក្រោយយកឈ្នះក្រុមជម្រើសជាតិនារីទីម័រខាងកើត ដោយលទ្ធផល ៣-០ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ មុននេះបន្ដិច នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ។

ស្ថិតក្នុងការប្រកួត ក្រុមនារីកម្ពុជា ក្រោមការដឹកនាំរបស់លោក ឃួន ឡាបូរ៉ាវី បន្ដធ្វើបានយ៉ាងល្អ ដោយវគ្គទី១ បានបើការនាំមុខទៅលើក្រុមទីម័រខាងកើត ១គ្រាប់ដោយកីឡាការិនី សឿន វីផា នៅនាទី៣៥ មុនពេលបន្ថែម ២គ្រាប់ទៀត នៅនាទីចុងម៉ោង ធ្វើបានដោយកីឡាការិនី ពឿន គន្ធា រកបានទាំង ២គ្រាប់ម្នាក់ឯង នៅនាទី៧៣ និងនាទី៩០ ដើម្បីបញ្ចប់ឱកាសក្រុមទីម័រខាងកើតតែម្ដង ។

សម្រាប់ក្រុមជម្រើសជាតិនារីកម្ពុជា ត្រូវឈរចាំវគ្គផ្តាច់ព្រ័ត្រ រង់ចាំជួបក្រុមឈ្នះ រវាងក្រុមជម្រើសជាតិនារីសិង្ហបុរី និងឥណ្ឌូនេស៊ី ដែលត្រូវប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនារាត្រីនេះ ។ រីឯការប្រកួតវគ្គផ្ដាច់ព្រ័ត្រ គ្រោងនឹងរៀបចំនាថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខ ដើម្បីស្វែងរកក្រុមជើងឯកពានរង្វាន់ AFF Women’s Cup 2024 ៕

ការប្រកួតនេះដែរ នឹងជម្រើសយក ៣ក្រុមល្អជាងគេមានសិទ្ធគ្រប់គ្រាន់ឈានទៅប្រកួតក្នុងពានរង្វាន់ ASEAN Women’s Championship នាឆ្នាំក្រោយ ៕