(បរទេស)៖ នាយកប្រតិបត្តិ ក្រុមហ៊ុន Intel លោក Pat Gelsinger ត្រូវបានរាយការណ៍មកថា បង្ខំចិត្តចាកចេញពីមុខតំណែង ដោយប្រគល់ការគ្រប់គ្រងទៅឱ្យមនុស្សជំនាញពីរនាក់ផ្សេងទៀតមិនទាន់បញ្ចេញឈ្មោះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤។
លោក Gelsinger ដែលបានលាលែងពីតំណែងកាលពីថ្ងៃទី០១ ខែធ្នូ នោះ បានចាកចេញពីតួនាទីដ៏សំខាន់មួយនេះ បន្ទាប់ពីកិច្ចប្រជុំក្រុមប្រឹក្សាភិបាលកាលពីសប្តាហ៍មុន ក្នុងអំឡុងពេលដែលអ្នកគ្រប់គ្រងផ្សេងទៀតមានអារម្មណ៍ថា ផែនការ និងមហិច្ឆតារបស់ លោក Gelsinger ចំពោះក្រុមហ៊ុន Intel មិនដំណើរការ ហើយការវិវត្តនៃការផ្លាស់ប្តូរ គឺមិនជឿនលឿនគ្រប់គ្រាន់នោះទេ។ នេះបើយោងតាមមនុស្សម្នាក់ដែលដឹងពីបញ្ហានេះ។ យោងតាមប្រភពបានឱ្យដឹងថា ក្រុមប្រឹក្សាភិបាលបានប្រាប់ លោក Gelsinger ថា លោកអាចចូលនិវត្តន៍ឬត្រូវបានដកចេញ ហើយក្រោយមកលោកបានជ្រើសរើស ចុះចេញពីតំណែងតែម្តង។ ការចាកចេញរបស់លោកកើតឡើង មុនពេលការបញ្ចប់នៃផែនទីបង្ហាញផ្លូវរយៈពេល ៤ឆ្នាំរបស់លោក ដើម្បីស្ដារការនាំមុខរបស់ក្រុមហ៊ុនក្នុងការផលិតបន្ទះឈីបកុំព្យូទ័រលឿនបំផុត និងតូចបំផុត ប៉ុន្តែបានបរាជ័យ ដោយចាញ់ក្រុមហ៊ុនតៃវ៉ាន់ TSMC និង Nvidia។
គួរជម្រាបថា លោក Gelsinger អាយុ ៦៣ឆ្នាំ ធ្លាប់ធានាដល់អ្នកវិនិយោគ និងមន្ត្រីអាមេរិក ដែលកំពុងផ្តល់ប្រាក់ឧបត្ថម្ភដល់ការផ្លាស់ប្តូររបស់ Intel ថាផែនការផលិតកម្មរបស់លោកនៅតែដំណើរការ។ ប៉ុន្តែលទ្ធផលពេញលេញ នឹងមិនត្រូវបានគេដឹងទេរហូតដល់ឆ្នាំក្រោយ ស្របពេលរុមហ៊ុនមានបំណងនាំយកបន្ទះឈីបកុំព្យូទ័រយួរដៃដែលពេញនិយមត្រឡប់ទៅរោងចក្ររបស់ខ្លួនវិញ។ ភាគហ៊ុនរបស់ក្រុមហ៊ុននេះបានធ្លាក់ចុះ ០.៥% ។ ភាគហ៊ុនបានបាត់បង់ច្រើនជាងពាក់កណ្តាលនៃតម្លៃរបស់វានៅឆ្នាំនេះ ហើយត្រូវបានជំនួសកាលពីខែមុនដោយ Nvidia៕