(អាស៊ី)៖ ការប្រកួតជើងឯកលីគតំបន់អាស៊ី AFC Champions League 2024-25 ពេលនេះរកបាន ៤ក្រុមហើយ ដែលឈានមកដល់វគ្គ ១៦ក្រុមចុងក្រោយស្ថិតក្នុងតំបន់អាស៊ីខាងលិច មានដូចជាក្រុម Al-Ahli, Al-Hilal, Al-Sadd និង Al-Nassr ដែលជាក្រុមមានខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo នៅទីនោះ ។
ក្រុម ៤ខាងលើសុទ្ធតែរកបានពិន្ទុគ្រប់គ្រាន់មានសិទ្ធពេញលេញក្នុងការបន្តឈានទៅប្រកួតប្រជែងក្នុងវគ្គ ១៦ក្រុមចុងក្រោយ ក្នុងនោះក្រុម Al-Ahli ឈរកំពូលតារាងរកបាន ១៦ពិន្ទុ ហើយក្រុម Al-Hilal, និង Al-Nassr រកបាន ១៣ពិន្ទុដូចគ្នា ជាមួយនិងក្រុម Al-Sadd មកពីលីគកាតា រកបាន ១២ពិន្ទុ ។
ដ្បិតក្រុមដែលលេងជម្រុះក្នុងតំបន់អាស៊ីខាងកើត ចំណោម ១២ក្រុមនោះ នៅមិនទាន់បានសម្រេចផ្លូវការនោះទេ ក្រោយឆ្លងកាត់ ៥ប្រកួត ដ្បិតក្រុមមកពីលីគជប៉ុន Vissel Kobe កំពុងឈរនាំមុនគេរកបាន ១៣ពិន្ទុ ជាមួយក្រុមរបស់លីគកូរ៉េ Gwangju រកបាន ១២ពិន្ទុ ហើយក្រុម Yokoham F. Marinos កំពុងរកបាន ១០ពិន្ទុ និងក្រុម Kawasaki Frontale រកបាន ៩ពិន្ទុបណ្តោះអាសន្ន ។
រំលឹកផងថា នេះជាការប្រកួតដណ្តើមពាន AFC Champions League Elite ក្លិបជើងឯកតំបន់អាស៊ី ដែលមានក្រុម Al-Hilal ឈ្នះពាននេះបាន ៤លើកច្រើនជាងគេ ៕