(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple ត្រូវបានចោទប្រកាន់នៅក្នុងបណ្តឹងថ្មីមួយពីបទត្រួតពិនិត្យឧបករណ៍ផ្ទាល់ខ្លួនរបស់កម្មករ និងគណនី iCloud ដោយខុសច្បាប់ មិនត្រឹមតែប៉ុណ្ណោះថែមទាំងរារាំងពួកគេមិនឱ្យពិភាក្សាអំពីប្រាក់ឈ្នួល និងលក្ខខណ្ឌការងាររបស់ពួកគេផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤។

បណ្តឹងនេះត្រូវបានបញ្ជូនទៅតុលាការរដ្ឋកាលីហ្វ័រញ៉ានៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៤ ប្តឹងដោយលោក Amar Bhakta ដែលជាបុគ្គលិកនៅក្នុងផ្នែកផ្សាយពាណិជ្ជកម្មឌីជីថល ដែលអះអាងថាក្រុមហ៊ុន តម្រូវឱ្យបុគ្គលិកដំឡើងកម្មវិធីនៅលើឧបករណ៍ផ្ទាល់ខ្លួនរបស់ពួកគេ ដោយអនុញ្ញាតឱ្យក្រុមហ៊ុនចូលប្រើទិន្នន័យឯកជនដូចជាអ៊ីម៉ែល,
រូបថត, ព័ត៌មានសុខភាព, ទិន្នន័យ «smart home» និងព័ត៌មានផ្ទាល់ខ្លួនផ្សេងទៀត។ Bhakata បានបន្ថែមទៀតថា លោកត្រូវបានហាមឃាត់មិនឱ្យនិយាយអំពីការងាររបស់លោកនៅលើផតខាស ហើយបានណែនាំឱ្យលុបព័ត៌មានអំពីលក្ខខណ្ឌការងាររបស់លោកចេញពីប្រវត្តិរូប LinkedIn ថែមទៀតផង។

ជុំវិញបណ្តឹងនេះ អ្នកនាំពាក្យក្រុមហ៊ុន Apple បានធ្វើសេចក្តីថ្លែងការណ៍តបភ្លាមៗដោយលើកឡើងថា ការអះអាងនៅក្នុងពាក្យបណ្តឹងខាងលើនេះគឺ ខ្វះគុណធម៌ ហើយថាកម្មកររបស់ខ្លួនត្រូវបានបណ្តុះបណ្តាលជារៀងរាល់ឆ្នាំអំពីសិទ្ធរបស់ពួកគេដើម្បីពិភាក្សាអំពីលក្ខខណ្ឌការងាររបស់ពួកគេ។ អ្នកនាំពាក្យរូបនេះបានសង្កត់ធ្ងន់ថា «នៅ Apple យើងផ្តោតលើការបង្កើតផលិតផល និងសេវាកម្មល្អបំផុតនៅក្នុងពិភពលោក ហើយយើងធ្វើការដើម្បីការពារការច្នៃប្រឌិតដែលក្រុមការងាររបស់យើងបង្កើតសម្រាប់អតិថិជន។

គួរជម្រាបថា បណ្តឹងថ្មីនេះត្រូវបានដាក់នៅក្រោមច្បាប់រដ្ឋកាលីហ្វ័រញ៉ាតែមួយគត់ដែលអនុញ្ញាតឱ្យកម្មករប្តឹងនិយោជករបស់ពួកគេក្នុងនាមរដ្ឋ និងរក្សា ៣៥ភាគរយ នៃទោសទណ្ឌដែលត្រូវបានរកឃើញឡើងវិញ៕