(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំបំផុតរបស់ហូឡង់ ជំនាញផ្នែកផលិតឧបករណ៍ឈីបកុំព្យូទ័រ ASML បានប្រកាសថា ខ្លួនមិនរំពឹងថាការរឹតបន្តឹងថ្មីរបស់សហរដ្ឋអាមេរិកលើការនាំចេញផលិតផល semiconductor ទៅកាន់ប្រទេសចិន អាចនឹងប៉ះពាល់ដល់ប្រាក់ចំណូលចុងក្រោយបំផុតរបស់ខ្លួនឡើយ។ ដោយឡែកពីនេះ រដ្ឋាភិបាលហូឡង់បាននិយាយថា ខ្លួនបានចែករំលែកក្តីកង្វល់ផ្នែកសន្តិសុខរបស់សហរដ្ឋអាមេរិក លើការនាំចេញឧបករណ៍អេឡិចត្រូនិកកម្រិតខ្ពស់ ហើយក៏កំពុងសិក្សាច្បាប់ចុងក្រោយបង្អស់របស់សហរដ្ឋអាមេរិកផងដែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហ៊ុន ASML បានរំលឹកឡើងវិញនូវការណែនាំរបស់ខ្លួនដែលចេញនៅថ្ងៃទី១៤ ខែវិច្ឆិកា កន្លងទៅថា ការលក់ជាក្រុមមានចំនួន ៣០-៣៥ ពាន់លានអឺរ៉ូ (៣១.៥-៣៦.៧ ពាន់លានដុល្លារ) ក្នុងឆ្នាំ២០២៥ ជាមួយនឹងការលក់ប្រហែល ២០% នៅក្នុងប្រទេសចិន គឺធ្លាក់ចុះពីប្រហែល ៥០% នៅឆ្នាំនេះ។ ក្រុមហ៊ុននេះបានប្រកាសថា ការរឹតបន្តឹងចុងក្រោយបំផុតរបស់សហរដ្ឋអាមេរិក នឹងប៉ះពាល់ដល់ការនាំចេញរបស់ ASML នៃប្រព័ន្ធ lithography ultraviolet ទៅកាន់រោងចក្រផលិតបន្ទះឈីបមួយចំនួននៅក្នុងប្រទេសចិន ប្រសិនបើអនុវត្តដោយរដ្ឋាភិបាលហូឡង់។
ច្បាប់ថ្មីរបស់សហរដ្ឋអាមេរិក គឺជាការបង្រ្កាបលើកទីបីរបស់ទីក្រុងវ៉ាស៊ីនតោនក្នុងរយៈពេល៣ឆ្នាំមកនេះ លើឧស្សាហកម្ម semiconductor របស់ប្រទេសចិន ដោយការរឹតបន្តឹងបទប្បញ្ញត្តិស្តីពីក្រុមហ៊ុនផលិតឧបករណ៍ និងការទប់ស្កាត់ការនាំចេញទៅកាន់ក្រុមហ៊ុនចិនចំនួន១៤០។ ជុំវិញការរឹតបន្តឹងថ្មីនេះ ក្រសួងការបរទេសហូឡង់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ប្រទេសហូឡង់ចែករំលែកការព្រួយបារម្ភរបស់អាមេរិកលើការនាំចេញដែលមិនអាចគ្រប់គ្រងបាន នៃឧបករណ៍ semiconductor កម្រិតខ្ពស់។ គ្រប់ប្រទេសទាំងអស់ធ្វើការវាយតម្លៃដោយខ្លួនឯង និងចាត់វិធានការលើមូលដ្ឋាននៃការវិភាគរបស់ខ្លួន អំពីការគំរាមកំហែងដល់សន្តិសុខជាតិ»។ ច្បាប់ចុងក្រោយបំផុតរបស់សហរដ្ឋអាមេរិក រួមមានការរឹតបន្តឹងលើកម្មវិធី និងឧបករណ៍វាស់ស្ទង់ ដែលពាក់ព័ន្ធនឹង ASML ផងដែរ។
ASML បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «រយៈពេលវែង សេណារីយ៉ូរបស់យើងសម្រាប់តម្រូវការនៅក្នុងឧស្សាហកម្ម semiconductor មិនត្រូវបានរំពឹងថា នឹងរងផលប៉ះពាល់នោះទេ ដោយសារតែសេណារីយ៉ូរបស់យើង គឺផ្អែកលើតម្រូវការសកល»៕