(បរទេស)៖ កាលពីសប្តាហ៍មុន មានរបាយការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានអះអាងថា iPhone 17 Pro និង Pro Max ដែលនឹងមកដល់ក្នុងឆ្នាំ២០២៥ នឹងត្រឡប់ទៅប្រើស៊ុមអាលុយមីញ៉ូមវិញ ពោលគឺលែងទទួលបានតួខ្លួនទីតាញ៉ូមទៀតហើយ បន្ទាប់ពី Apple ប្រើតួគុណភាពខ្ពស់នេះទៅលើ iPhone ៣ជំនាន់មុន។ នេះបើយោងតាមការចេញផ្សាយដោយ GSMArena។
នៅថ្ងៃចន្ទដើមសប្តាហ៍នេះ ស្រាប់តែមានការលេចធ្លាយពី Weibo ខណៈវាផ្ទុយពីពាក្យចចាមអារ៉ាមនោះទាំងមូល ដោយអះអាងថា Apple នឹងមិនត្រឡប់ទៅប្រើតួរចាស់វិញទេ មិនសូម្បីតែដែកអ៊ីណុកក៏ដោយ។ តាមការបង្ហោះនោះបានគូសបញ្ជាក់ថា នេះគ្រាន់តែពាក្យចចាមអារ៉ាមតែប៉ុណ្ណោះ វាមិនមែនជារឿងពិតនោះទេ។
គួរជម្រាបថា អ្នកទម្លាយព័ត៌មានថ្មីនេះត្រូវបានគេស្គាល់ថាជា Instant Digital ដោយសង្កត់ធ្ងន់ថាការផ្លាស់ប្តូរទៅជាអាលុយមីញ៉ូមនឹងធ្វើឱ្យខូចដល់យុទ្ធសាស្រ្តទីផ្សាររបស់ក្រុមហ៊ុន Apple ដែលផ្តោតលើវត្ថុធាតុដើមពិសេស។ ប្រភពនេះបានលើកហេតុផលថា Apple បានផ្សព្វផ្សាយជាប្រចាំនូវសម្ភារៈកម្រិតខ្ពស់ដូចជាទីតាញ៉ូម ដែលជាចំណុចលក់ដ៏សំខាន់សម្រាប់ស៊េរី Pro របស់ខ្លួន។ ថាតើ «ហេតុអ្វីបានជាត្រូវប្តូរទៅជាអាលុយមីញ៉ូម? គិតទៅវាមិនអាចទៅរួចទេ»៕