(ភ្នំពេញ)៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានប្រកាសអបអរសារទរ ពីការដំឡើងជំនាន់ប្រព័ន្ធធនាគារស្នូល ប្រកបដោយជោគជ័យ។ ចំពោះការដំឡើងជំនាន់ ប្រព័ន្ធធនាគារស្នូលនេះ នឹងបន្ថែមភាពងាយស្រួលដល់អតិថិជន ក្នុងការប្រើប្រាស់សេវាកម្មបានល្អប្រសើរជាងមុនទ្វេដង។
ពិធីអបអរសារទរ ពីការដំឡើងជំនាន់ប្រព័ន្ធធនាគារស្នូល ប្រកបដោយជោគជ័យនេះ រៀបចំឡើងនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមការចូលរួមពីលោក សុខ វឿន ប្រធាននាយកប្រតិបត្តិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី លោក សុខ សុផល អនុប្រធាននាយកប្រតិបត្តិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី លោក Conrad Dias ក្រុមប្រឹក្សាភិបាល និងភ្ញៀវចូលកិត្តិយសរួមជាច្រើនរូបទៀត។
លោក សុខ វឿន បានថ្លែងថា «ចំណុចសំខាន់ដែលយើងសម្រេចដំឡើងជំនាន់ប្រព័ន្ធធនាគារស្នូល គឺដើម្បីផ្លាស់ប្ដូរយកបច្ចេកវិទ្យាទំនើបជំនាន់ថ្មី ដែលបន្ថែមនូវភាពរហ័សជាងមុន និងងាយស្រួលប្រើប្រាស់។ អ្វីដែលពិសេសទៀតនោះ គឺផ្ដល់ភាពងាយស្រួលដល់អតិថិជនជាខ្លាំង សម្រាប់អតិថិជនដែលប្រើប្រាស់នៅលើទូរស័ព្ទដៃ ឬការប្រើប្រាស់ប្រព័ន្ធឌីជីថលដែល មានសុវត្ថិភាពជាងមុនទ្វេដង»។
លោកបានថ្លែងបន្ថែមថា ជាការពិតការដំឡើងជំនាន់ប្រព័ន្ធធនាគារស្នូលនេះ យើងបានចំណាយថវិការ និងមានការសិក្សាច្រើន ប៉ុន្ដែយើងពេញចិត្តចំពោះប្រព័ន្ធនេះ ដោយសារតែប្រព័ន្ធនេះ បានជួយការពារច្រើនដល់អតិថិជន និយាយឲ្យស្រួលស្ដាប់ វាប្រៀបដូចជាឡានទំនើបចុងក្រោយ ដែលផ្ដល់នូវភាពទំនើប, សុខសុវត្ថិភាពចំពោះអ្នកបើកបរប្រសិនបើមានគ្រោះថ្នាក់ណាមួយ។
លោកបានបន្ថែមថា កត្តាជំរុញទឹកចិត្តឱ្យ អិលអូអិលស៊ី ធ្វើការដំឡើងជំនាន់ប្រព័ន្ធធនាគារស្នូល (T24)គឺដើម្បីឈានមុខគេនៃការច្នៃប្រឌិតក្នុងវិស័យហិរញ្ញវត្ថុ ផ្តល់នូវប្រព័ន្ធធនាគារដែលគួរឱ្យទុកចិត្ត កាន់តែមានប្រសិទ្ធភាព ជាមួយនឹងសេវាកម្មរហ័ស សម្រាប់អតិថិជន។ ក្នុងនោះដើម្បីទទួលយកបច្ចេកវិទ្យាទំនើប បង្កើនប្រសិទ្ធភាពប្រតិបត្តិការ និងស្របតាមស្តង់ដារពិភពលោកក្នុងបច្ចេកវិទ្យាធនាគារ។
លោក Conrad Dias បានថ្លែងថា ប្រព័ន្ធធនាគារស្នូល ដែលត្រូវបានរចនាឡើង ដើម្បីផ្តល់ជូននូវបទពិសោធន៍ថ្មី ផ្នែកធនាគារជូនដល់អតិថិជនរបស់យើង។ ក្នុងនោះអតិថិជននឹងទទួលបានបទពិសោធន៍ ប្រតិបត្តិការលឿន និងមានសុវត្ថិភាពជាងមុន តាមរយៈសេវាកម្មឌីជីថលរបស់ LOLC។
លោកបានបន្ថែមថា ចំពោះការដំឡើងជំនាន់ប្រព័ន្ធធនាគារស្នូលនេះ នឹងគាំទ្រការធ្វើឌីជីថលកាន់តែច្រើន នៃសេវាកម្មរបស់យើង ដែលមានន័យថា អតិថិជននឹងទទួលបានបទពិសោធន៍ធនាគារ តាមអ៊ីនធឺណិត និងធនាគារចល័តកាន់តែប្រសើរឡើង, ទទួលបានប្រកកម្ចីឆាប់រហ័ស និងបង្កើតមុខងារសុវត្ថិភាព។
គួរបញ្ជាក់ផងដែរថានេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដែល អិលអូអិលស៊ី កំពុងបន្តឥតឈប់ឈរ ដើម្បីធានាថាអតិថិជន មានលទ្ធភាពប្រើប្រាស់សេវាធនាគារ ដែលងាយស្រួល និងសុវត្ថិភាពបំផុត៕