(សៀមរាប)៖ នៅថ្ងៃទី២-៣ ខែធ្នូ ឆ្នាំ២០២៤ ក្រុមអ្នកជំនាញការអាដហុក នៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ និងសំបូរព្រៃគុក បានចុះពិនិត្យតាមដានវឌ្ឍនភាពការងារអភិរក្ស និងកិច្ចការអភិវឌ្ឍន៍នៅរមណីយដ្ឋានអង្គរ អមដំណើរដោយលោកបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងមន្រ្តីជំនាញ។
ក្រុមអ្នកជំនាញការអាដហុក និងលោកអគ្គនាយក លោកបណ្ឌិត ហង់ ពៅ បានបន្តចុះពិនិត្យការងារតាមការដ្ឋានមួយចំនួនក្នុងតំបន់រមណីយដ្ឋានអង្គរ មានដូចជា៖ ប្រាសាទព្រះគោ ប្រាសាទប្រែរូប ស្ពានហាលខាងលិច ប្រាសាទអង្គរវត្ត រោងទងខាងត្បូងប្រាសាទអង្គរវត្ត បណ្ណាល័យខាងត្បូងនៃរួតទី២ប្រាសាទអង្គរវត្ត បាកានអង្គរវត្ត និងខ្លោងទ្វារខាងកើតប្រាសាទអង្គរវត្ត ព្រមទាំងចុះទៅពិនិត្យការដ្ឋានជួសជុលប្រាសាទភិមានអាកាស និងក្រុមប្រាសាទព្រះពិធូរ នៃក្រុងអង្គរធំ។
ការចុះពិនិត្យនេះ ធ្វើឡើងដើម្បីពិភាក្សាស្វែងយល់អំពីដំណើរការជួសជុលបន្ទាន់ដល់រចនាសម្ពន្ធដែលកំពុងប្រឈមនឹងគ្រោះថ្នាក់។ ទន្ទឹមនឹងនេះក្រុមអ្នកជំនាញការអាដហុកក៏បានផ្តល់អនុសាសន៍ដល់ក្រុមការងារជំនាញខ្មែរអំពីកិច្ចការផ្សេងៗដែលកំពុងធ្វើ និងត្រៀមធ្វើនៅពេលអនាគត៕