(ភ្នំពេញ)៖ ព្រឹត្តការណ៍ «ប្រណាំងម៉ូតូពានរង្វាន់មេគង្គលើកទី២ ឆ្នាំ២០២៤» ដែលរៀបចំដោយក្លឹបម៉ូតូមេគង្គ មានកីឡាករប្រណាំងជាតិនិងអន្តរជាតិចូលរួមសរុប៥៣នាក់ មកពី៦ប្រទេស មានបារាំង ចិន ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ថៃ និងកម្ពុជាជាម្ចាស់ផ្ទះ ដែលនឹងចាប់ផ្តើមពីថ្ងៃទី៧ ដល់ទី៨ ខែធ្នូ ឆ្នាំ២០២៤ នៅទីលានប្រណាំងយានយន្ត Yamamoto circuit Cambodia ខេត្តកំពង់ស្ពឺ។
លោក ភេន លាងហាង ជាគ្រូបច្ចេកទេសក្លឹបមេគង្គ បានបញ្ជាក់ថា ព្រឹត្តការណ៍ប្រណាំងម៉ូតូឆ្នាំនេះ ធ្វើឡើងក្នុងគោលបំណងលើកស្ទួយវិស័យកីឡាយានយន្ត និងបណ្តុះបណ្តាលធនធានកីឡាករវ័យក្មេងឱ្យសម្បូរបែបឱ្យឈានដល់ស្តង់ដារ ត្រៀមប្រណាំងនៅឆាកអន្តរជាតិ តំណាងឱ្យកម្ពុជា។
លោកបន្តថា ក្លឹបម៉ូតូមេគង្គ ក្រៅបង្កើតព្រឹត្តការណ៍ប្រណាំង ក៏បង្កើតកម្មវិធី Track day មិនតិចជាង២០ដង ដើម្បីផ្តល់ឱកាសឱ្យកីឡាករថ្មីៗវ័យក្មេងបានចូលរួមហ្វឹកហាត់ និងស្វែងយល់ពីច្បាប់ លក្ខន្តិកៈផ្សេងៗ ពីវិស័យកីឡាម៉ូតូស្ព័រ និងកៀរគរអ្នកស្រឡាញ់ម៉ូតូឱ្យយល់ដឹងពីសុវត្ថិភាព ច្បាប់ចរាចរណ៍ មិនបង្កគ្រោះថ្នាក់ដល់អ្នកដទៃ ជាពិសេសភាពអាណាធិបត្យេយនៅលើដងផ្លូវ ងាកមកធ្វើការប្រណាំងនៅលើទីលានវិញ។
គ្រូបច្ចេកទេសរូបនេះក៏បានបន្ថែមថា គិតមកដល់ពេលនេះ ក្លឹបមេគង្គបានបណ្តុះបណ្តាលយុវជនវ័យក្មេងជាច្រើនចេញទៅប្រណាំងនៅអន្តរជាតិ ដូចជា កីឡាករ ឈីម ពិសិទ្ធ និងកីឡាករ ថេង សម្បត្តិ ថែមទាំងទទួលបានលទ្ធផលល្អមកជូនកម្ពុជាផងដែរ។ លោក ភេន លាងហាង អំពាវនាវឱ្យអ្នកស្នេហាវិស័យកីឡាម៉ូងស្ព័រចូលរួមទស្សនាដោយសេរីព្រឹត្តការណ៍ «ប្រណាំងម៉ូតូពានរង្វាន់មេគង្គលើកទី២ ឆ្នាំ២០២៤» នឹងចាប់ផ្តើមពីថ្ងៃទី៧ ដល់ទី៨ ខែធ្នូ ឆ្នាំ២០២៤ ឱ្យបានច្រើនកុះករ នៅទីលាន Yamamoto circuit Cambodia ខេត្តកំពង់ស្ពឺ។
សូមបញ្ជាក់ថា ព្រឹត្តការណ៍ប្រណាំងម៉ូតូពានរង្វាន់មេគង្គលើកទី២ ឆ្នាំ២០២៤ ចែកចេញជា ៤ Class៖
* Class Superbike 1000
* Class Super Sports 600 cc
* Class Super Sports
* Class U B 150cc
គួររម្លឹកថា ក្លឹបម៉ូតូមេគង្គបានបង្កើតឡើងនៅឆ្នាំ២០១៨ ក្នុងស្មារតីបណ្តុះបណ្តាលហ្វឹកហាត់ និងចូលរួមប្រកួតនាៗទាំងក្នុងនិងក្រៅប្រទេស និងមានសមាជិកអចិន្ត្រៃយ៍២០នាក់សុទ្ធសឹងតែជាអ្នកដែលស្រឡាញ់វិស័យកីឡាម៉ូតូវាលរាប។ មិនត្រឹមតែប៉ុណ្ណោះ ក្លឹបម៉ូតូមេគង្គបានទៅដកស្រង់បទពិសោធន៍បច្ចេកទេសប្រណាំងម៉ូតូនៅក្រៅប្រទេស ដូចជា ប្រទេសឥណ្ឌូណេស៊ី (Mandalika International Circuit) ប្រទេសម៉ាឡេស៊ី (Sepang International Circuit) ប្រទេសថៃ (Bira International Circuit) ដើម្បីយកមកចែកជូនខ្លះៗដល់សមាជិកក្រុម ក៏ដូចជាកីឡាករផ្សេងៗទៀតនៅក្នុងស្រុក៕