(ឡុងដ៍)៖ អ្នកចាត់ការទូទៅ Leicester City លោក Ruud van Nistelrooy រកបានជ័យជម្នះនៅពេលដឹកនាំ ១ប្រកួតបើកឆាក តាមរយៈយកឈ្នះគូប្រជែងញញួរធំ West Ham United ៣ទល់នឹង១ នាយប់មិញនេះ។

គ្រូបង្វឹកថ្មីសញ្ជាតិហូឡង់រូបនេះ បានដឹកកូនក្រុមកញ្ជ្រោងខៀវ Leicester អតីតជើងឯកលីគ ឆ្នាំ២០១៦ បើកការនាំមុខ ៣គ្រាប់មុនតែម្តងនៅកីឡដ្ឋាន King Power របស់ខ្លួននៃសប្តាហ៍ទី១៤ ជើងទី១ ក្នុងការរកបាន ៣ពិន្ទុ ដើម្បីបន្ថយគម្លាតពីតំបន់កាត់ចោលដល់ទៅ ៤ពិន្ទុនាពេលនេះ។

ខ្សែប្រយុទ្ធជើងចាស់ Jamie Vardy ជាអ្នករកបានគ្រាប់បាល់បែកពងមាន់ ក្រោយពេលចាប់ផ្តើមលេងបានតែ ២នាទីប៉ុណ្ណោះសម្រាប់ក្រុមដែលទើបឡើងមកលេងនៅ Premier League រដូវកាលឆ្នាំ២០២៤-២០២៥ នៅពេលដណ្តើមបានជើងឯកពី Championship រដូវកាលមុន។ វាជាជ័យជម្នះលើកទី៤ ក្នុងចំណោម ៥ប្រកួតមិនទាន់ចាញ់នៅលីគកំពូលអង់គ្លេសរបស់បុរសវ័យ ៤៨ឆ្នាំ Van Nistelrooy ដែលស៊ីញ៉េកិច្ចសន្យាដឹកនាំរយៈពេល ២ឆ្នាំកន្លះ។

យ៉ាងណាមិញ ការបរាជ័យលើកទី៧ នេះដែរ វាបានក្លាយជាសម្ពាធថ្មីទៀតរបស់គ្រូបង្វឹក Julen Lopetegui ដែលធ្វើឱ្យ West Ham ធ្លាក់ទៅលេខ១៣ និងនាំមុខ Leicester តែ ២ពិន្ទុប៉ុណ្ណោះ ដោយបានឆ្លងកាត់ ១៤ប្រកួតដូចគ្នា។ ពួកគេបានស៊ុតសរុបមានដល់ទៅ ៣១លើក ក្នុងនោះចំគោលដៅ ១០លើក ក៏ប៉ុន្តែរកបានតែ ១គ្រាប់ប៉ុណ្ណោះចុងម៉ោង៕