(ម៉ូនិច)៖ ក្រុមការពារតំណែងជើងឯក Bayer Leverkusen បានបន្តឈានទៅវគ្គ ៨ក្រុមនៃពានរង្វាន់លំដាប់ទី២ អាល្លឺម៉ង់ German Cup បន្ទាប់ពីទម្លាក់ Bayern Munich ១-០ រួចមកនាយប់មិញនេះ។
កីឡាករ Nathan Tella ដែលបានចូលរួមជាមួយ Leverkusen នាឆ្នាំ២០២៣ ដោយផ្ទេរពីក្លិប Burnley ជាអ្នករកបានគ្រាប់ជ័យជម្នះនៅនាទី៦៩ ក្នុងកីឡដ្ឋាន Allianz Arena ដ្បិតក្រុមម្ចាស់ផ្ទះខ្លារខិនបានបាត់បង់អ្នកចាំទីដៃទី១ តាំងពីនាទី១៧ មក នៅពេល Manuel Neuer បានបង្កកំហុសទៅលើ Jeremie Frimpong។
ក្នុងប្រកួត ៩០នាទីនៃវគ្គ ១៦ក្រុមនោះដែរ ក្រុមរបស់លោក Vincent Kompany ក៏ពុំមានវត្តមាន Top scorer របស់ពួកគេដែរ គឺខ្សែប្រយុទ្ធអង់គ្លេស Harry Kane ដែលបានកំពុងសម្រាកព្យាបាលរបួស។
នេះមានន័យថា លោក Xabi Alonso ពុំទាន់ដឹកនាំ Leverkusen ចាញ់នៅ German Cup ឡើយ តាមរយៈរកបានជ័យជម្នះ ៨លើកជាប់ៗគ្នា រហូតឈ្នះជើងឯករដូវកាលមុន ដ្បិតគូប្រជែង Bayern Munich ពុំទាន់ឈ្នះទៀតឡើយ គិតចាប់តាំងពីឆ្នាំ២០២០ ក្នុងនាមជាក្រុមជើងឯក ២០សម័យ៕