(ស្វីស)៖ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បាននិយាយកាលពីថ្ងៃអង្គារថា ព្រឹត្តិការណ៍ការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2034 ដែលត្រូវបានគេរំពឹងថានឹងប្រារព្ធធ្វើនៅប្រទេសអារ៉ាប៊ីសាអូឌីត អាចស្ថិតក្នុងរដូវត្រជាក់នោះ ទំនងជាមិនមានផលប៉ះទង្គិចជាមួយព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា នៅទីក្រុង Salt Lake City របស់សហរដ្ឋអាមេរិក។

ប្រទេសស្ថិតនៅតំបន់អាស៊ីខាងលិច អារ៉ាប៊ីសាអូឌីត គឺជាប្រទេសដែលបានដេញថ្លៃតែមួយគត់ សម្រាប់ការប្រកួតបាល់ទាត់ពិភពលោកFIFA World Cup 2034 ខណៈស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក FIFA និងសម្រេចលើការបោះឆ្នោតនៅសប្តាហ៍ក្រោយ។

FIFA បានលើកឡើងថា ការដេញថ្លៃរបស់ប្រទេសអារ៉ាប៊ីសាអូឌីត មិនបានស្ថិតក្នុងការស្នើឡើងសម្រាប់ទទួលការរៀបចំ World Cup នោះទេ ខណៈនឹងធ្វើការសហការជាមួយភាគីពាក់ព័ន្ធ ដើម្បីកំណត់ពេលវេលាដ៏ល្អប្រសើរ សម្រាប់ការប្រកួត ដោយផ្អែកលើអាកាសធាតុក្តៅរបស់ប្រទេសដែលសម្បូវាលខ្សាច់មួយនេះ។

ជាមួយគ្នានេះ ស្ថាប័ន IOC មិនមានការព្រួយបារម្ភអំពីការប៉ះទង្គិចដ៏មានសក្តានុពលណាមួយ ជាមួយកម្មវិធីប្រកួតកីឡាករចម្រុះរដូវរងានៅទីក្រុង Salt Lake City ដែលគ្រោងនឹងប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០៣៤ នោះទេ។

ដ្បិតពេលវេលាប្រកួត World Cup 2034 ក៏មិនទាន់ដឹងច្បាស់នៅឡើយ FIFA World Cup 2034 ទំនងជាត្រូវបានរុញទៅដល់ខែរដូវរងា ដូចដែលស្ថាប័ន FIFA ធ្លាប់បានធ្វើឆ្នាំ២០២២ សម្រាប់ប្រទេសកាតា ដែលបានរៀបចំព្រឹត្តិការណ៍នេះពីចុងខែវិច្ឆិកា ដល់ពាក់កណ្តាលខែធ្នូ៕