(ភ្នំពេញ)៖ ប្រតិភូ និងអត្តពលិកបណ្ដាប្រទេសមួយចំនួន បានធ្វើដំណើរមកដល់ខេត្តសៀមរាបជាបណ្ដើរៗហើយ ដើម្បីត្រៀមចូលរួមការប្រកួតកីឡាគុនខ្មែរជ្រើសរើសជើងឯកពិភពលោក លើកទី៥ ឆ្នាំ២០២៤ (World Kun Khmer Championship 2024) ដែលនឹងប្រឹត្តទៅចាប់ពីថ្ងៃទី០៦-០៨ ខែធ្នូចុងសប្ដាហ៍នេះ នៅមុខសួនព្រះរាជដំណាក់ ខេត្តសៀមរាប ។

យោងតាមការជូនដំណឹងរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) នៅព្រឹកថ្ងៃទី០៤ ខែធ្នូនេះ មានប្រតិភូ និងអត្តពលិក ៤ប្រទេសហើយ ដែលបានមកដល់ទឹកដីខេត្តសៀមរាប រួមមានប្រតិភូកីឡាគុនខ្មែរមកពីបារាំង អាមេរិក អ៊ីរ៉ង់ និងកៀហ្ស៊ីស៊ីស្ថាន ជាដើម ខណៈប្រតិភូបណ្ដាប្រទេសផ្សេងៗ កំពុងធ្វើដំណើរមកជាបន្ដបន្ទាប់ ដើម្បីចូលរួមព្រឹត្តិការណ៍គុនខ្មែរដ៏អស្ចារ្យលើទឹកដីអង្គរ នាចុងសប្ដាហ៍នេះ ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC និងជាអគ្គលេខាធិការសហព័ន្ធគុនខ្មែរអន្ដរជាតិ(KIF) បានឲ្យដឹងថា ព្រឹត្តិការណ៍ World Kun Khmer Championship 2024 គឺមានអត្តពលិកជាង ២០ប្រទេស ដែលបានចុះឈ្មោះចូលរួម ក្នុងចំណោមបណ្ដាសមាជិក KIF ជាង ៦០ប្រទេសលើពិភពលោក ក្នុងនោះមានកីឡាករ-កីឡាការិនីជាង ១០០នាក់ ខណៈប្រទេសបញ្ជូនអត្តពលិកចូលរួមច្រើនជាងគេ គឺមានបារាំង កៀហ្ស៊ីស៊ីស្ថាន រុស្ស៊ី និងអ៊ីរ៉ង់ ។

ការប្រកួតនេះដែរ នឹងត្រូវអនុវត្តតាមបទបញ្ជាការប្រកួតកីឡាស៊ីហ្គេម ពោលគឺជាការប្រកួតលក្ខណៈកីឡា ដើម្បីសម្រួចទិសដៅឆ្ពោះទៅការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ នៅកម្ពុជា ក៏ដូចជាការស្វែងរកឱកាសបញ្ជូលគុនខ្មែរ ក្នុងការប្រកួតកីឡាអូឡាំពិក ឆ្នាំ២០៣២ នៅប្រទេសអូស្ដ្រាលីផងដែរ ។

តាមរយៈនេះ មុនការប្រកួតមកដល់ KIF ក៏នឹងមានរៀបចំមហាសន្និបាតប្រចាំឆ្នាំជាមួយបណ្ដាប្រទេសសមាជិក ដើម្បីពង្រឹងនូវរចនាសម្ព័ន្ធគ្រប់គ្រងជាលក្ខណៈអន្ដរជាតិ គ្រប់បណ្ដាប្រទេសជាសមាជិកឲ្យកាន់តែរឹងមាំ ពិសេសជំរុញការប្រកួតឲ្យកាន់តែទាក់ទាញ ដើម្បីជំរុញឥទ្ធិពលគុនខ្មែរលើឆាកអន្ដរជាតិ ក៏ដូចជាការបើកភ្លើងខៀវសម្រាប់ប្រទេសសមាជិក ដែលចង់ស្នើសុំធ្វើម្ចាស់ផ្ទះការប្រកួតគុនខ្មែរជើងឯកពិភពលោក បន្ទាប់ពីកម្ពុជាផងដែរ ៕