(បរទេស)៖ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Intel បានធ្លាក់ចុះ ៦% នៅថ្ងៃអង្គារសប្តាហ៍នេះ ពោលមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីក្រុមហ៊ុនផលិតបន្ទះឈីបមួយនេះបានបណ្តេញលោក Pat Gelsinger ឲ្យចុះចេញពីតំណែងជានាយកប្រតិបត្តិក្រុមហ៊ុន ដោយសារតែធ្វើឲ្យក្រុមប្រឹក្សាភិបាលបាត់បង់ទំនុកចិត្ត ចំពោះគោលដៅការងារក្រុមហ៊ុន និងការខកខានក្នុងវិស័យបញ្ញាសិប្បនិម្មិត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNBC នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤។
ក្រុមហ៊ុន Intel បានប្រកាសកាលពីថ្ងៃចន្ទថា CFO លោក David Zinsner និងនាយកប្រតិបត្តិផ្នែកផលិតផលនៅ Intel លោក MJ Holthaus នឹងបម្រើការជាសហ CEO បណ្តោះអាសន្ន ខណៈដែលក្រុមប្រឹក្សាភិបាលកំពុងស្វែងរកអ្នកស្នងតំណែងជាអចិន្ត្រៃយ៍ជំនួសលោក Gelsinger។ សមាជិកក្រុមប្រឹក្សាភិបាលចាស់វស្សារលោក Frank Yeary នឹងធ្វើជាប្រធានប្រតិបត្តិបណ្តោះអាសន្ន។ អ្នកវិភាគមកពី Cantor មានការងឿងឆ្ងល់ថា តើនឹងមានអ្នកដឹកនាំណាម្នាក់អាចធ្វើឲ្យក្រុមហ៊ុននេះអាចងើបឡើងវិញបាន ដោយសរសេរក្នុងកំណត់ត្រាទៅកាន់អតិថិជនកាលពីថ្ងៃអង្គារថា Gelsinger មិនទទួលខុសត្រូវចំពោះបញ្ហាប្រឈមរបស់ Intel ហើយ «យើងមិនឃើញមានការកែប្រែណាមួយឡើយ»។
គួរជម្រាបថា លោក Gelsinger ដែលបានលាលែងពីតំណែងកាលពីថ្ងៃទី០១ ខែធ្នូ នោះ បានចាកចេញពីតួនាទីដ៏សំខាន់មួយនេះ បន្ទាប់ពីកិច្ចប្រជុំក្រុមប្រឹក្សាភិបាលមួយកាលពីសប្តាហ៍មុន ក្នុងអំឡុងពេលដែលអ្នកគ្រប់គ្រងផ្សេងទៀតមានអារម្មណ៍ថា ផែនការ និងមហិច្ឆតារបស់ លោក Gelsinger ចំពោះក្រុមហ៊ុន Intel មិនដំណើរការ ហើយការវិវត្តនៃការផ្លាស់ប្តូរ គឺមិនជឿនលឿនគ្រប់គ្រាន់នោះទេ៕