(ភ្នំពេញ)៖ ទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុងអង្គរ លើកទី២៩ ឆ្នាំ២០២៤ នៅតំបន់រមនីយដ្ឋានអង្គរ ខេត្តសៀមរាប កាលពីចុងសប្ដាហ៍ កន្លងទៅ បានប្រព្រឹត្តទៅយ៉ាងរលូន និងជោគជ័យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជាមួយវត្តមានអត្តពលិកជាតិ-អន្ដរជាតិសរុបចំនួន ១៤,៣៧០នាក់ មកពី ៨៧ប្រទេសលើពិភពលោក ។
តាមរយៈព្រឹត្តិការណ៍កីឡាទេសចរណ៍ដ៏ធំប្រចាំឆ្នាំនេះ បានបន្សល់នូវស្នាមញញឹម និងអនុស្សាវរីយ៍ល្អៗជាច្រើន សម្រាប់អត្តពលិកចូលរួមគ្រប់រូប ។ លើសពីនេះ សម្រាប់ការចូលរួមទៀតសោត ក៏បានចូលរួមលើកកម្ពស់បរិស្ថាន ភាពបៃតង ភាពស្អាតនៃរមនីយដ្ឋានអង្គរ ក៏ដូចជាលើកកម្ពស់សុខភាពសាធារណៈ និងអភិវឌ្ឍវិស័យកីឡាជាតិផងដែរ ពិសេសចូលរួមជួយដល់ការងារសប្បុរសធម៌ ដែលជាគោលបំណងសំខាន់ នៃព្រឹត្តិការណ៍ ដែលបានរក្សា តាំងពីឆ្នាំ១៩៩៦ នៃការកកើតទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុងអង្គរនេះ ។
ជាក់ស្ដែងឆ្នាំនេះ ក្រោយបញ្ចប់ព្រឹត្តិការណ៍រត់ប្រណាំងភ្លាម គណៈកម្មការរៀបចំទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុងអង្គរ និងក្រុមហ៊ុនដៃគូ មេនូឡាយហ្វ៍ បានរៃអង្គាសថវិកាចំនួន ១១ម៉ឺនដុល្លារ ប្រគល់ជូនដល់មន្ទីពេទ្យកុមារអង្គរ ខណៈថវិកានៅសេសសល់ទាំងអស់ នឹងត្រូវបរិច្ចាគជូនមន្ទីរពេទ្យ និងអង្គការសប្បុរសធម៌ដៃគូជាច្រើនទៀត ជាមួយក្ដីរំពឹង អាចនឹងមានការកើនឡើង បើធៀបនឹងឆ្នាំមុនៗ ។ នេះបើតាមការបញ្ជាក់របស់លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) ។
លោក វ៉ាត់ ចំរើន បានឲ្យដឹងថា «ការរៀបចំនូវការជួយឧបត្ថម្ភគាំទ្រដល់ដំណើរការសប្បុរសធម៌ នៃទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុងអង្គរ លើកទី២៩ ដែលទើបប្រព្រឹត្តទៅកាលពីថ្ងៃទី០១ ខែធ្នូថ្មីៗនេះ គឺគណៈកម្មការរៀបចំ និងក្រុមហ៊ុន មេនូឡាយហ្វ៍ បានរៃអង្គាសថវិកាចំនួន ១១ម៉ឺនដុល្លារ ប្រគល់ជូនមន្ទីរពេទ្យកុមារអង្គរ ជាមន្ទីរពេទ្យដែលយើងធ្លាប់ជួយមុនគេរៀងរាល់ឆ្នាំ ហើយថវិកានៅសល់ យើងនឹងរៀបចំជួយដល់អង្គការជាតិ និងអន្ដរជាតិមួយចំនួន ដែលពាក់ព័ន្ធទៅនឹងជនពិការដោយសារគ្រាប់មីន ក៏ដូចជាការលើកកម្ពស់វិស័យកីឡា ដូចជាគម្រោងថវិការបស់អង្គការបេះដូងមាស(Hearts of Gold Project) លើកម្មវិធីបណ្ដុះបណ្ដាលផ្សេងៗ ដូចជាការបណ្ដុះបណ្ដាលជំនាញអប់រំកាយ និងកីឡាជាដើម» ។
លោកបន្ថែមថា «ខណៈនេះ គណៈកម្មការកំពុងតែរៀបចំបូកសរុបបន្ថែម ដើម្បីរៀបចំកញ្ចប់ថវិកា ដែលនៅសេសសល់ពីការចំណាយ ក្នុងការរៀបចំ ហើយថវិកាសេសសល់ទាំងអស់ នឹងត្រូវបរិច្ចាគជូនទៅកាកបាទក្រហមកម្ពុជា មន្ទីរពេទ្យគន្ធបុប្ផា ក៏ដូចជាអង្គការដៃគូ ដែលយើងធ្លាប់ផ្ដល់នជូនកន្លងមក ដូចជាផ្នែកអង្គការពាក់ព័ន្ធការជួយសង្គ្រោះ ឬអង្គការធ្វើជើងសិប្បនិម្មិត សម្រាប់ជនពិការជាដើម ។ អ៊ីចឹងពេលណាយើងធ្វើការរៀបចំបញ្ជីស្នាម និងត្រួតពិនិត្យទាំងអស់គ្នាទៅលើការងារនេះហើយ យើងនឹងផ្ដល់ជូនទាំងអស់ ទៅលើសប្បុរសធម៌ ។ តែជាជំហានដំបូង យើងបានជូនជាមួយមេនូឡាយហ្វ៍ ដល់មន្ទីរពេទ្យកុមារអង្គ ១១ម៉ឺនដុល្លាររួចហើយ» ។
សូមរំឮកថា ទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុងអង្គរ បានបង្កើតឡើងក្នុងឆ្នាំ១៩៩៦ ក្រោមកិច្ចសហប្រតិបត្តិការរវាង មូលនិធិគាំទ្ររបស់អង្គការសហប្រជាជាតិ ដោយលោក Yasushi Akashi អគ្គលេខាធិការនៃអ៊ុនតាក់នៅកម្ពុជា និង NOCC ក្នុងគោលបំណងគាំទ្រជនរងគ្រោះដោយសារមីន និងជនពិការក្នុងប្រទេសកម្ពុជា ក្រោយសង្គ្រាមស៊ីវិល ។ គំនិតផ្ដួចផ្ដើមដំបូងនៃព្រឹត្តិការណ៍រត់អន្ដរជាតិនេះ គឺជាព្រឹត្តិការណ៍សប្បុរសធម៌សុទ្ធសាធ ដែលទទួលបានការអនុញ្ញាតជាគោលការណ៍ និងគាំទ្រពេញទំហឹងពីរាជរដ្ឋាភិបាល និងគាំទ្របច្ចេកទេសកម្រិតស្ដង់ដារអន្ដរជាតិដោយគណៈកម្មាធិការជាតិម៉ារ៉ាតុងពិភពលោក(IAAF & AIMS) ។
ការរៀបចំទិវារត់ប្រណាំងនេះ ស្ថិតក្រោមកិច្ចសហប្រតិបត្តិការរវាង NOCC និងក្រុមបច្ចេកទេសជប៉ុន ដែលភាគច្រើនមកពីអង្គការបេះដូងមាសជប៉ុន(Hearts of Gold-NGO) ដែលតំណាងដោយលោកស្រី YUKO Arimori ម្ចាស់មេដាយអូឡាំពិកជប៉ុន នាទីក្រុងបាសេឡូណា ឆ្នាំ១៩៩២ និងអាត្លង់តា ឆ្នាំ១៩៩៦ ។ រហូតដល់ឆ្នាំ២០១៣ ដោយមើលកម្ពុជា អាចម្ចាស់ការលើបច្ចេកទេសបាន អង្គការបេះដូងមាស ក៏បានប្រគល់ការរៀបចំបច្ចេកទេសដល់ភាគីកម្ពុជា គឺ NOCC ប៉ុន្ដែនៅរក្សាកិច្ចសហការគ្រប់គ្រង និងនៅតែជាសហនាយកប្រតិបត្តិ ដើម្បីចូលរួមត្រួតពិនិត្យ តាមវាយតម្លៃដដែល ៕