(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) បានបញ្ជាក់ថា កីឡាករបរទេសចំនួន ៣នាក់ រួមមាន អូសិ តាកាកិ ឃូលីបាលី អាបឌែល និង នេតូ រ៉ុនដុន នឹងលេងតំណាងក្រុមជម្រើសជាតិកម្ពុជាបាន។ នេះបើតាម Facebook សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤។

FFC បានបញ្ជាក់ថា «តបតាមសំណើរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ជាមួយឯកសារ ដែលបានផ្ញើទៅ ចំពោះកីឡាករ ឃូលីបាលី អាបឌែល តាមរយៈសហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) និងចំពោះកីឡាករ អូសិ តាកាកិ និង នេតូ រ៉ុនដុន តាមរយៈសហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) ត្រូវបានពិនិត្យឃើញថា មានលក្ខណៈបុគ្គលិកគ្រប់គ្រាន់ និងត្រូវបានអនុញ្ញាតឱ្យលេងតំណាងក្រុមជម្រើសជាតិកម្ពុជា។ ដូច្នេះចាប់ពីពេលនេះតទៅ កីឡាករចំណូលថ្មី ទាំង៣នាក់នេះ អាចលេងតំណាងឱ្យក្រុមជម្រើសជាតិកម្ពុជាបានជាផ្លូវការ ហើយនឹងត្រូវចូលរួមលេងក្នុងពានរង្វាន់ ASEAN Mitsubishi Electric Cup 2024 ខាងមុខនេះ»

តាមរយៈការបញ្ជាក់នេះបានធ្វើឱ្យកាន់តែមានការភ្ញាក់ផ្អើល និងគួរឲ្យចាប់អារម្មណ៍ សម្រាប់អ្នកគាំទ្រក្រុមគោព្រៃបន្ថែមទៀត បន្ទាប់ពីកម្ពុជាបានបន្ថែមនូវកីឡាករបរទេស ៣រូប បានទទួលសញ្ជាតិខ្មែរ ដើម្បីចូលរួមជាមួយក្រុមជម្រើសជាតិកម្ពុជា ក្រោយពួកគេប្រកបអាជីពក្នុងក្របខណ្ឌក្នុងលីគនៅកម្ពុជា ហើយក៏ជាអ្វីដែលអ្នកគាំទ្រមួយចំនួនចង់ឃើញដែរ រួមមានខ្សែការពារ Ose Takaki (ជប៉ុន) និងខ្សែប្រយុទ្ធ Andres Neito (កូឡុំប៊ី) របស់ក្លិបភ្នំពេញក្រោន និងខ្សែប្រយុទ្ធ Abdel Kader Coulibaly (កូឌឺវ័រ) ប្រធានក្រុម ISI ដង្កោសែនជ័យ។

បើមិនមានការប្រែប្រួលនោះទេ សរុបកីឡាករចូលសញ្ជាតិ និងត្រូវបានកោះហៅចូលរួមជួយក្រុមគោព្រៃកម្ពុជាលើកនេះ គឺមានចំនួន ៦នាក់ ខណៈ ៣នាក់ទៀត គឺមានខ្សែការពារជាតិ កាន់ ម៉ូ (សញ្ជាតិដើមអាហ្វ្រិកខាងត្បូង) មកពីវិសាខា, យូឌៃ អូកាវ៉ា (សញ្ជាតិដើមជប៉ុន) មកពីភ្នំពេញក្រោន និង មីហ្ស៊ូណូ ហ៊ីការ៉ុ (សញ្ជាតិដើមជប៉ុន) មកពីព្រះខ័នរាជស្វាយរៀង។

ក្រៅពីកីឡាករចូលជាតិខាងលើ មានកីឡាករឆ្នើមៗក្នុងស្រុក ២០នាក់ ដែលត្រូវបានលោក Gyotoku Koji គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា កោះហៅចូលរួមបេសកកម្មលើកនេះ រួមមានវិសាខា គឺមាន ហ៊ុល គីមហ៊ុយ, ឡេង ណូរ៉ា, អ៊ិន សូដាវីដ, ស រតនា, សារ ទី និង ស៊ិន កក្កដា។ ភ្នំពេញក្រោន មាន សឿត បារាំង, យ៉ើ ម៉ូស្លីម, អ៊ន ចាន់ប៉ូលីន និង លឹម ពិសុទ្ធ។ ព្រះខ័នរាជស្វាយរៀង មាន វីរៈ ដារ៉ា, សឿយ វិសាល, សារ៉េត គ្រីយ៉ា, Nick Taylor និង គឹម សុខយុទ្ធ។ បឹងកេត មាន តាំង ប៊ុនឆៃ និង សៀង ចន្ធា។ ISI មាន ហាវ សុខនេត្រ និងណាហ្គាវើលដ៏ មាន រ៉េត លីហេង។

គួរដឹងថា ការប្រកួតពានរង្វាន់ AFF Mitsubishi Electric Cup ឆ្នាំនេះ នឹងមានការប្រកួត ទាំងក្នុង និងក្រៅដី ខណៈបើកឆាកពូលA កម្ពុជា នឹងត្រូវជួបម៉ាឡេស៊ី នាថ្ងៃទី០៨-ធ្នូ ចុងសប្ដាហ៍នេះ នៅពហុកីឡដ្ឋានជាតិ(ស្ដាតអូឡាំពិក) រាជធានីភ្នំពេញ មុនចេញទៅជួបសិង្ហបុរី ក្រៅដីនាថ្ងៃទី១១-ធ្នូ។ រីឯប្រកួតបន្ទាប់ កម្ពុជា នឹងត្រូវជប្រកួតក្នុងដីជាថ្មី ដោយត្រូវជួបទីម័រខាងកើត នាថ្ងៃទី១៧-ធ្នូ មុនការប្រកួតបញ្ចប់ពូល ជាមួយក្រុមម្ចាស់ផ្ទះថៃ នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខ៕