(ភ្នំពេញ)៖ ធនាគារ កាណាឌីយ៉ា គឺជាធនាគារពាណិជ្ជក្នុងស្រុកដែលឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា និងជាធនាគារដែលឈ្នះពានរង្វាន់ «ធនាគារឆ្នើមបំផុតសម្រាប់សហគ្រាសធុនតូច និងមធ្យមក្នុងប្រទេសកម្ពុជា ២០២៤» ពីស្ថាប័ន The Digital Banker បានចាប់ដៃគូយុទ្ធសាស្ត្រ ជាមួយក្រុមហ៊ុនមូលបត្រ កាណាឌីយ៉ា ឯ.ក និងទីភ្នាក់ងារអភិវឌ្ឍន៍អាល្លឺម៉ង់ ប្រចាំកម្ពុជា ហៅកាត់ថា GIZ។ កិច្ចសហប្រតិបត្តិការនេះ ធ្វើឡើងជាផ្លូវការតាមរយៈអនុស្សារណៈនៃការយោគយល់គ្នា ដោយផ្តោតលើការជំរុញការរីកចម្រើន និងភាពរឹងមាំនៃសហគ្រាសធុនតូច និងមធ្យម (SMEs) នៅខេត្តសៀមរាប បន្ទាយមានជ័យ និងបាត់ដំបង។
កិច្ចសហប្រតិបត្តិការនេះ នាំមកជាមួយនូវជំនាញផ្នែកហិរញ្ញវត្ថុជាមួយនឹងបទពិសោធន៍យ៉ាងទូលំទូលាយរបស់ធនាគារ កាណាឌីយ៉ា ចំណេះដឹងខាងទីផ្សារមូលធន របស់ក្រុមហ៊ុនមូលបត្រ កាណាឌីយ៉ា និងការផ្តោតលើការអភិវឌ្ឍន៍របស់ ទីភ្នាក់ងារអភិវឌ្ឍន៍អាល្លឺម៉ង់ ប្រចាំកម្ពុជា (GIZ)។ ជាមួយនឹងបទពិសោធន៍ជាង ១៤ ឆ្នាំ នៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុនមូលបត្រ កាណាឌីយ៉ា ផ្តល់ជូននូវសេវាកម្មសំខាន់ៗដូចជា ការធានាទិញមូលបត្រ ការប្រឹក្សាហិរញ្ញវត្ថុ ឈ្មួញកណ្តាល និងអ្នកតំណាងប័ណ្ណបំណុល ដែលអនុញ្ញាតឱ្យសហគ្រាសធុនតូច និងមធ្យម និងអ្នកវិនិយោគស្វែងរកឱកាសពីទីផ្សារមូលធនក្នុងស្រុក។
ទីភ្នាក់ងារអភិវឌ្ឍន៍អាល្លឺម៉ង់ ប្រចាំកម្ពុជា (GIZ) ដែលជាភ្នាក់ងារធ្វើប្រតិបត្តិការជំនួសឲ្យក្រសួងសហព័ន្ធអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (BMZ) បានបំពេញបន្ថែមកិច្ចខិតខំប្រឹងប្រែងទាំងនេះ តាមរយៈកម្មវិធីពង្រឹងភាពប្រកួតប្រជែងរបស់សហគ្រាសជាតិ (ICONE)។ បង្កើតឡើងនៅក្នុងខែមេសា ឆ្នាំ២០២២ កម្មវិធី ICONE ផ្តល់ការបណ្តុះបណ្តាលបច្ចេកទេស និងជំនាញទន់ ដែលលើកកម្ពស់នវានុវត្តផ្នែកដំណោះស្រាយឌីជីថល និងជំរុញការគ្រប់គ្រងប្រកបដោយនិរន្តរភាព ដើម្បីបង្កើនការប្រកួតប្រជែងរបស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។
ពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នានេះ ធ្វើឡើងនៅខេត្តសៀមរាប ដោយមានការចូលរួមពីលោកស្រី សុង ខេងឡាយ អគ្គនាយិការង និងនាយិកាប្រតិបត្តិប្រតិបត្តិការនៃធនាគារ កាណាឌីយ៉ា លោក ថៃ ញ៉ា នាយកប្រតិបត្តិនៃក្រុមហ៊ុនមូលបត្រ កាណាឌីយ៉ា និងលោកបណ្ឌិត (Dr.) Stefan Hanselmann នាយកគ្រប់គ្រងកម្មវិធី ICONE និងអ្នកសម្របសម្រួល Cluster សម្រាប់ការអភិវឌ្ឍន៍វិស័យឯកជននៅទីភ្នាក់ងារអភិវឌ្ឍន៍អាល្លឺម៉ង់ ប្រចាំកម្ពុជា។
ភាពជាដៃគូនេះ គូសបញ្ជាក់ពីការយកចិត្តទុកដាក់របស់ធនាគារ កាណាឌីយ៉ា និងក្រុមហ៊ុនមូលបត្រ កាណាឌីយ៉ា ក្នុងការជួយសម្រួលទៅដល់សហគ្រាសធុនតូច និងមធ្យម ដោយផ្តល់ជូននូវជម្រើសហិរញ្ញប្បទាន ដែលបានរចនាឡើងជាមួយនឹងលក្ខខណ្ឌមានភាពបត់បែន ព្រមទាំងការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការបង្កើនលទ្ធភាពចូលទៅកាន់ទីផ្សារមូលធនផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ សហគ្រាសធុនតូច និងមធ្យម នឹងទទួលបានអត្ថប្រយោជន៍បន្ថែមពីគម្រោងសម្រាប់បង្កើតសមត្ថភាពផ្សេងៗរួមមាន ការប្រឹក្សាយោបល់ផ្នែកធុរកិច្ច ការបណ្តុះបណ្តាលទៅលើយុទ្ធសាស្ត្រវិនិយោគ និងសិក្ខាសាលាចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅទូទាំងខេត្តទាំង៣។
ធនាគារ កាណាឌីយ៉ា តែងតែជំរុញការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមជាបន្តបន្ទាប់ តាមរយៈគំនិតផ្តួចផ្តើមផ្សេងៗ រួមទាំងកិច្ចសហប្រតិបត្តិការជាមួយសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) សមាគមសហគ្រិនស្ត្រីកម្ពុជា (CWEA) និងសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC)។ ធនាគារ បានបង្កើតកម្មវិធីហិរញ្ញប្បទានប្រកបដោយភាពច្នៃប្រឌិតរបស់ខ្លួនរួមមានគម្រោងឥណទានសហគ្រិនស្ត្រីវៃឆ្លាត+ ដែលផ្តោតសំខាន់ទៅលើសហគ្រិនស្ត្រី កម្មវិធីហិរញ្ញប្បទានបៃតងសម្រាប់អាជីវកម្មបៃតងដែលមិនប៉ះពាល់ដល់បរិស្ថាន ប្រាក់កម្ចីដែលធានាពីសាជីវកម្មធានាឥណទានកម្ពុជា (CGCC) សម្រាប់អាជីវកម្មដែលកង្វះខាតទ្រព្យបញ្ចាំ និងគម្រោងធានាការនាំចេញអង្ករសម្រាប់រោងម៉ាស៊ីនកិនស្រូវ និងអ្នកនាំចេញ។ កម្មវិធីទាំងនេះ ត្រូវបានគាំទ្រដោយដំណោះស្រាយទូទាត់តាមបែបបច្ចេកវិទ្យាឌីជីថលចុងក្រោយ ដែលសម្រួលដល់ប្រតិបត្តិការអាជីវកម្ម។
លោក Raymond Sia នាយកប្រតិបត្តិ និងប្រធានក្រុមប្រឹក្សាប្រតិបត្តិនៃធនាគារ កាណាឌីយ៉ា និងជាអគ្គនាយក នៃក្រុមហ៊ុនមូលបត្រ កាណាឌីយ៉ា បានបង្ហាញអំពីចំណាប់អារម្មណ៍នៃកិច្ចសហការមួយនេះ៖ «កិច្ចសហការជាយុទ្ធសាស្ត្រមួយនេះ គឺបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការលើកកម្ពស់កំណើនសហគ្រាសធុនតូច និងមធ្យម បង្កើនការប្រកួតប្រជែង និងលទ្ធភាពទទួលបានធនធានហិរញ្ញវត្ថុនៅតាមបណ្តាខេត្ត របស់ប្រទេសកម្ពុជា ដោយត្រួសត្រាយផ្លូវសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចរយៈពេលវែង។ រួមគ្នាជាមួយនឹងកម្មវិធី ICONE របស់ ទីភ្នាក់ងារអភិវឌ្ឍន៍អាល្លឺម៉ង់ប្រចាំកម្ពុជា (GIZ) យើងខ្ញុំមានគោលបំណង ក្នុងការជួយបង្កើនសក្ដានុពលរបស់សហគ្រាសធុនតូច និងមធ្យមនៅតាមខេត្ត ដោយផ្តល់ឱ្យពួកគេនូវហិរញ្ញប្បទានដែលសមស្របតាមប្រភេទអាជីវកម្ម សេវាកម្មប្រឹក្សាទៅលើយុទ្ធសាស្ត្រ និងសិក្ខាសាលាសម្រាប់បង្កើនចំណេះដឹងជាដើម»។
លោកស្រី សុង ខេងឡាយ នាយិកាប្រតិបត្តិប្រតិបត្តិការនៃធនាគារ កាណាឌីយ៉ា បានសង្កត់ធ្ងន់លើតម្រូវការក្នុងការដោះស្រាយបញ្ហាប្រឈម របស់សហគ្រាសធុនតូច និងមធ្យមតាមបណ្តាខេត្ត៖ «ការចំណាយខ្ពស់លើការប្រាក់នៃប្រាក់កម្ចី តម្រូវការវត្ថុបញ្ចាំ និងចំណេះដឹងផ្នែកហិរញ្ញវត្ថុមានកម្រិត គឺជាឧបសគ្គដ៏សំខាន់សម្រាប់សហគ្រាសធុនតូច និងមធ្យមនៅតាមបណ្តាខេត្ត។ ជាមួយនឹងជំនាញរបស់យើងខ្ញុំក្នុងការផ្តល់សេវាកម្មជូនដល់សហគ្រាសធុនតូច និងមធ្យម ជាច្រើន ការចាប់ដៃគូនេះមិនត្រឹមតែផ្តល់នូវការគាំទ្រផ្នែកហិរញ្ញវត្ថុតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវចំណេះដឹងដែលទាក់ទងចំណេះដឹងផ្នែកហិរញ្ញវត្ថុសំខាន់ៗ ការណែនាំអំពីការរៀបចំ និងការទទួលបានដំណោះស្រាយហិរញ្ញវត្ថុដ៏ត្រឹមត្រូវ និងយុទ្ធសាស្រ្តអភិវឌ្ឍន៍អាជីវកម្មប្រកបដោយចីរភាព ក៏ដូចជាការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព និងការពង្រីកអាជីវកម្មជាដើម»។
ជាមួយការឆ្លុះបញ្ចាំងពីចក្ខុវិស័យនេះ លោក ថៃ ញ៉ា នាយកប្រតិបត្តិនៃក្រុមហ៊ុនមូលបត្រ កាណាឌីយ៉ា បានមានប្រសាសន៍អំពីសារៈសំខាន់នៃការពង្រីកលទ្ធភាពចូលទៅកាន់ទីផ្សារមូលធន ដូចតទៅ៖ «សហគ្រាសធុនតូច និងមធ្យមជាច្រើន បានប្រឈមនឹងភាពស្មុគស្មាញ និងភាពលំបាកក្នុងការចូលទៅក្នុងទីផ្សារមូលធន។ តាមរយៈការរួមបញ្ចូលគ្នានូវសមត្ថភាពហិរញ្ញវត្ថុរបស់ធនាគារ កាណាឌីយ៉ា ជាមួយនឹងជំនាញប្រឹក្សារបស់ក្រុមហ៊ុនមូលបត្រ កាណាឌីយ៉ា យើងខ្ញុំនូវផ្តល់អទិភាពដល់សមាជិករបស់ ទីភ្នាក់ងារអភិវឌ្ឍន៍អាល្លឺម៉ង់ប្រចាំកម្ពុជា (GIZ) ជាមួយវិធីសាស្ត្រ និងយុទ្ធសាស្ត្រដែលត្រូវការដើម្បីចូលទៅកាន់ទីផ្សារមូលធន និងស្វែងរកជម្រើសក្នុងកាន់បង្កើនដើមទុនផ្សេងៗទៀត ដូចជា ការបោះផ្សាយមូលបត្រជាសាធារណៈលើកដំបូង (IPO) និងការបោះផ្សាយមូលបត្របំណុល ជាដើម ដែលអាចឱ្យពួកគេពង្រីកអាជីវកម្មរបស់ពួកគេបានដោយជោគជ័យ»។
លោកបណ្ឌិត (Dr.) Stefan Hanselmann នាយកគ្រប់គ្រងកម្មវិធី ICONE ប្រចាំទីភ្នាក់ងារអភិវឌ្ឍន៍អាល្លឺម៉ង់ប្រចាំកម្ពុជា (GIZ) ក៏បានបញ្ជាក់អំពីសារៈសំខាន់នៃសុខភាពហិរញ្ញវត្ថុក្នុងការជំរុញភាពជោគជ័យ ដូចតទៅ៖ «សុខភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន គឺជាខ្សែជីវិតនៃភាពជោគជ័យរបស់ពួកគេ ដែលមានឥទ្ធិពលលើគ្រប់ផ្នែកនៃប្រតិបត្តិការរបស់ពួកគេ។ វាក៏ជាកន្លែងដែលត្រូវការការកែលម្អច្រើនបំផុតសម្រាប់អាជីវកម្មបន្តលូតលាស់ និងរីកចម្រើននៅភាគពាយព្យនៃប្រទេសកម្ពុជា។ តាមរយៈកិច្ចសហការ ជាមួយធនាគារ កាណាឌីយ៉ា និងក្រុមហ៊ុនមូលបត្រ កាណាឌីយ៉ា យើងមានបំណងផ្តល់ជូនក្រុមហ៊ុនជាច្រើននូវវិធីសាស្រ្តច្បាស់លាស់មួយ ដើម្បីពង្រឹងសុខភាពហិរញ្ញវត្ថុបន្ថែម ក៏ដូចជាធានាបាននូវលទ្ធភាពទទួលបានហិរញ្ញប្បទានសំខាន់ៗសម្រាប់អាជីវកម្មរបស់ពួកគេ»៕