(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple គ្រោងចេញលក់វែនតា Vision Pro របស់ខ្លួននៅលើទឹកដីតៃវ៉ាន់នៅថ្ងៃទី១៧ ខែធ្នូខាងមុខនេះ ខណៈអ្នកប្រើប្រាស់អាចធ្វើការបញ្ជាទិញជាមុនបានចាប់ផ្តើមពីថ្ងៃទី០៥ ខែធ្នូ វេលាម៉ោង ៨ព្រឹកតទៅ (ម៉ោងនៅក្នុងប្រទេសកម្ពុជា)។ ប្រកាសនេះ ធ្វើឡើងន្ទាប់ពី Apple បើកដំណើរការនៅប្រទេសកូរ៉េខាងត្បូង និងអារ៉ាប់រួមកាលពីខែមុន។ នេះបើយោងតាមការចេញផ្សាយដោយ GSMArena នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤។

សម្រាប់វែនតា Vision Pro នេះនឹងត្រូវបានដាក់លក់នៅលើគេហទំព័រផ្លូវការរបស់ Apple និងហាងលក់រាយនានា។ ចំពោះតម្លៃវិញ សម្រាប់ទំហំផ្ទុក 256GB មានតម្លៃ ៣,៦៩៥ដុល្លារ, 512GB មានតម្លៃ ៣,៩១០ដុល្លារ និង 1TB មានតម្លៃ ៤,១២៥ដុល្លារ។​ ដោយឡែកតាមបណ្តាលប្រទេសនានា តម្លៃអាចខុសត្រូវគ្នាតិចតួចអាស្រ័យលើអត្រាប្តូរប្រាក់។

គួរជម្រាបថា Apple Vision Pro បច្ចុប្បន្នមានលក់នៅលើទីផ្សារចំនួន ១២ រួមមានសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស ចិន ជប៉ុន ហុងកុង សិង្ហបុរី បារាំង អាល្លឺម៉ង់ អូស្ត្រាលី កាណាដា កូរ៉េខាងត្បូង និង UAE ជាដើម៕