(ភ្នំពេញ)៖ នៅឯវេទិកាស្តីអំពីផលិផលប្រើប្រាស់រហ័សរៀបចំដោយសភាពាណិជ្ជកម្មអឺរ៉ុប ប្រចាំកម្ពុជា EuroCham ប្រព្រឹត្រឡើងកាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ ក្រុមហ៊ុនថ្នាំជក់ជប៉ុនអន្តរជាតិ (JTI) បានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកឡើងបញ្ហាប្រឈមនៃពាណិជ្ជកម្មខុសច្បាប់នៅកម្ពុជា។
វាគ្មិនរបស់ JTI បានបង្ហាញអំពីទិដ្ឋភាពទូទៅនៃប្រតិបត្តិការប្រយុទ្ធប្រឆាំងពាណិជ្ជកម្មខុសច្បាប់ និងវិវឌ្ឍន៍នៃពាណិជ្ជកម្មថ្នាំជក់ខុសច្បាប់នៅក្នុងប្រទេស តាមរយៈវេទិកាដែលផ្តោតជាសំខាន់លើការដោះស្រាយបញ្ហាប្រឈមនៃការចរាចរណ៍ទំនិញក្លែងក្លាយ និងពាណិជ្ជកម្មខុសច្បាប់។ បន្ថែមលើនេះ វាគ្មិនក៏បានចូលរួមនៅក្នុងកិច្ចពិភាក្សា ហើយបានគូសបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនក្នុងការចូលរួមសហការដើម្បីប្រយុទ្ធប្រឆាំងនឹងបញ្ហាពាណិជ្ជកម្មខុសច្បាប់ទាំងនេះ។
ឆ្លៀតក្នុងឱកាសនោះ ក្រុមហ៊ុន JTI ក៏បានដាក់បង្ហាញនូវវីដែអូបចេ្ចកវិទ្យា VR ស្តីពីការចរាចរណ៍បារីខុសច្បាប់ ជូនដល់អ្នកចូលរួមនៅក្នុងវេទិកានោះជាចំណេះដឹងផងដែរ។
យោងតាមការការសិក្សារស្រាវជ្រាវឆ្នាំ២០២០ បានបង្ហាញថា ពាណិជ្ជកម្មថ្នាំជក់ខុសច្បាប់នៅកម្ពុជាមានប្រមាណ១៨,៥%នៃទីផ្សារសរុប ដែលបណ្តាលឱ្យបាត់បង់ចំណូលរដ្ឋប្រមាណ១០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ ដូចនេះក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយ ពោលចន្លោះពីឆ្នាំ២០២០ ដល់២០២៤ នេះមានន័យថាចំណូលពន្ធបានបាត់បង់ប្រមាណ៥០លានដុល្លារអាមេរិក ដោយមិនរាប់បញ្ចូលការកើនឡើងសក្តានុពលនៃការពាណិជ្ជកម្មបារីខុសច្បាប់។ បារីខុសច្បាប់នៅកម្ពុជា ជារឿយៗត្រូវបានគេលក់ដោយគ្មានតែមប្រិ៍អាករពិសេស និងសាររូបភាពព្រមានសុខភាពដែលជាហេតុនាំឱ្យមានការខាតបង់ប្រាក់ចំណូលរដ្ឋសម្រាប់ហេដ្ឋារចនាសម្ព័ន្ធ និងតម្រូវការជាតិផ្សេងៗទៀតយ៉ាងច្រើន។
ពាណិជ្ជកម្មខុសច្បាប់ ធ្វើបាបមនុស្សគ្រប់គ្នា រដ្ឋាភិបាល សង្គម អ្នកប្រើប្រាស់ និងពាណិជ្ជករ ស្របច្បាប់។ បញ្ហាទាំងនេះបានប្លន់យកចំណូលពន្ធរបស់រដ្ឋ និងធ្វើឱ្យខូចប្រយោជន៍ដល់អាជីវករលក់រាយដែលបានខិតខំប្រឹងប្រែង ហើយនាំឧក្រិដ្ឋកម្មជ្រៀតចូលក្នុងសហគមន៍ថែមទៀត។ ដោយគេចវេសមិនគោរពច្បាប់ ដែលគ្រប់គ្រងលើពាណិជ្ជកម្មថ្នាំជក់ស្របច្បាប់ថ្នាំជក់ខុសច្បាប់ក៏កាន់តែងាយស្រួលសម្រាប់ក្មេងៗមិនទាន់គ្រប់អាយុក្នុងការទិញផងដែរ។
នៅទូទាំងពិភពលោក JTI បានបណ្តាក់ទុនរាប់រយលានដុល្លារអាមេរិក និងបង្កើតគំនិតផ្តួចផ្តើមផ្សេងៗដើម្បីគាំទ្រដល់ការប្រយុទ្ធប្រឆាំងនឹងថ្នាំជក់ខុសច្បាប់។ JTI គាំទ្រភ្នាក់ងារអនុវត្តច្បាប់នៅទូទាំងពិភពលោក តាមរយៈកម្មវិធីបណ្តុះបណ្តាល ដែលជួយមន្ត្រីនគរបាល និងមន្ត្រីគយអំពីរបៀបនៃការបែងចែកភាពខុគ្នារវាងបារីពិតប្រាកដ និងបារីខុសច្បាប់។
លោកស្រី Julian Cheung នាយកផ្នែកប្រតិបត្តិការប្រឆាំងពាណិជ្ជកម្មខុសច្បាប់ ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការប្រយុទ្ធប្រឆាំងនឹងពាណិជ្ជកម្មខុសច្បាប់។ ក្នុងនាមជាក្រុមហ៊ុនថ្នាំជក់ដែលអនុលោមតាមច្បាប់ JTI ប្តេជ្ញាធ្វើការ និងសហការជាមួយរាជរដ្ឋាភិបាល ដើម្បីប្រយុទ្ធប្រឆាំងនឹងពាណិជ្ជកម្មខុសច្បាប់ និងជំរុញដល់កិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តច្បាប់នៅកម្ពុជា។ JTI សហការយ៉ាងជិតស្និទ្ធជាមួយដៃគូពាក់ព័ន្ធ និងរាជរដ្ឋាភិបាលកម្ពុជាតាមរយៈគំនិតផ្តួចផ្តើម ដូចជាការរាយការណ៍ការបណ្តុះបណ្តាល និងការសិក្សារស្រាវជ្រាវពាណិជ្ជកម្មខុសច្បាប់។
លោកស្រីបានគូសបញ្ជាក់ថា៖ «យើងតែងតែត្រៀមខ្លួនរួចជាស្រេចដើម្បីសហការជាមួយរាជរដ្ឋាភិបាល ដើម្បីប្រយុទ្ធប្រឆាំងនឹងពាណិជ្ជកម្មខុសច្បាប់ និងពង្រឹងការអនុវត្តច្បាប់នៅក្នុងប្រទេស»៕