(បរទេស)៖ ប្រទេសម៉ាឡេស៊ី បានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា ការព្រមានរបស់សហរដ្ឋអាមេរិកដាក់ពន្ធ១០០% លើក្រុមប្រទេស BRICS ប្រសិនបើបង្កើតរូបិយប័ណ្ណបម្រើការទូទាត់ជំនួសប្រាក់ដុល្លារអាមេរិកនោះ គឺអាចនឹងបណ្តាលឱ្យមានការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ ផលិតផលពាក់កណ្តាលសម្រេច (semiconductor) សកល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤។
រដ្ឋមន្ត្រីពាណិជ្ជកម្មម៉ាឡេស៉ី លោក Tengku Zafrul Aziz បាននិយាយថា ប្រទេសម៉ាឡេស៊ីកំពុងតាមដានការវិវត្តន៍នៃបញ្ហានេះយ៉ាងដិតដល់ បន្ទាប់ពីប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក Donald Trump បាននិយាយថា សមាជិក BRICS នឹងប្រឈមមុខការបង់ពន្ធ ១០០% ប្រសិនបើបង្កើតរូបិយប័ណ្ណបម្រើការទូទាត់ជំនួសប្រាក់ដុល្លារអាមេរិក។ លោកTengku Zafrul បានកត់សម្គាល់ថា សហរដ្ឋអាមេរិកគឺជាដៃគូពាណិជ្ជកម្មធំជាងគេទី៣ របស់ម៉ាឡេស៊ី ហើយក្រុមហ៊ុនអាមេរិកគឺជាអ្នកវិនិយោគសំខាន់នៅក្នុងវិស័យ semiconductor របស់ខ្លួន។ ម៉ាឡេស៊ី គឺជាមជ្ឈមណ្ឌលដ៏សំខាន់មួយដែលមានចំនួនប្រហែល ១៣% នៃការធ្វើតេស្ត និងវេចខ្ចប់បន្ទះឈីបទូទាំងពិភពលោក។ ដូច្នេះការផ្លាស់ប្តូរណាមួយ ដើម្បីដាក់ពន្ធ ១០០% នឹងធ្វើឱ្យប៉ះពាល់ដល់ភាគីទាំងពីរដែលពឹងផ្អែកលើគ្នាទៅវិញទៅមក សម្រាប់កិច្ចខិតខំប្រឹងប្រែងក្នុងវិស័យបច្ចេកវិទ្យា Semiconductor នេះ។
លោកបានបន្ថែមថា ខណៈពេលដែលបណ្តាប្រទេស BRICS បានពិភាក្សាអំពីការកាត់បន្ថយការពឹងផ្អែកលើរូបិយប័ណ្ណពាណិជ្ជកម្មបែបប្រពៃណីដូចជាប្រាក់ដុល្លារអាមេរិកនោះ រហូតមកដល់ពេលនេះមិនទាន់មានការសម្រេចចិត្តជាផ្លូវការណាមួយ ត្រូវបានធ្វើឡើងលើកិច្ចខិតខំប្រឹងប្រែងដកប្រាក់ដុល្លារចេញនោះទេ...។
គួរជម្រាបថា BRICS ដែលជាអក្សរកាត់ឈ្មោះក្រុមប្រទេសដូចជា ប្រទេសប្រេស៊ីល (Brazil) រុស្ស៉ី (Russia) ឥណ្ឌា (India) ចិន (China) និងអាហ្វ្រិកខាងត្បូង (South Africa) ត្រូវបានបង្កើតឡើង ក្នុងឆ្នាំ២០០៩ ដោយដំបូងឡើយមានឈ្មោះថា BRIC ហើយក្រោយមកបានប្ដូរឈ្មោះទៅជា BRICS ក្នុងឆ្នាំ២០១០ នៅពេលអាហ្វ្រិកខាងត្បូងចូលរួមជាសមាជិកក្នុងប្លុកមួយនេះដែរ។ ងាកមក ម៉ាឡេស៊ី ក៏ត្រូវបានគេដឹងថា មានឆន្ទៈចង់ចូលរួមជាសមាជិកក្នុងក្រុមប្រទេស BRICS ផងដែរ តាមរយៈការដាក់ពាក្យសុំចូលជាសមាជិក ប៉ុន្តែមិនទាន់ត្រូវបានទទួលយកជាផ្លូវការជាសមាជិកនៅឡើយ៕