(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានឧបត្ថម្ភថវិកាដល់មន្ដ្រីក្រុម និងកីឡាការិនី នៃក្រុមជម្រើសជាតិនារីកម្ពុជា ក្នុងម្នាក់ ១,០០០ដុល្លារ ក្រោយសាងប្រវត្តិសាស្ដ្រថ្មីជូនជាតិ ដោយដណ្ដើមបានមេដាយប្រាក់ ឬជើងឯករង នៃការប្រកួតបាល់ទាត់នារីជើងឯកអាស៊ីអាគ្នេយ៍ AFF Women's Cup 2024 នៅប្រទេសឡាវ កាលពីថ្មីៗ ។

នេះបើតាមការជូនដំណឹងរបស់សហព័ន្ធ នៅរសៀលថ្ងៃទី០៨ ខែធ្នូនេះ បន្ទាប់ពីលោកនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានជួបសំណេះសំណាលជាមួយក្រុមជម្រើសជាតិនារីកម្ពុជា ក្រោយបញ្ចប់ភារកិច្ចក្នុងព្រឹត្តិការណ៍បាល់ទាត់ប្រចាំតំបន់ខាងលើ ហើយលោកក៏បានផ្ដល់នូវការឧបត្ថម្ភដល់មន្ដ្រីក្រុម និងកីឡាការិនីក្នុងម្នាក់ ១,០០០ដុល្លារទាំងអស់គ្នាផងដែរ ។

គួរដឹងថា ក្រុមជម្រើសជាតិនារីកម្ពុជា បានសាងភាពភ្ញាក់ផ្អើល ក្នុងព្រឹត្តិការណ៍បាល់ទាត់នារី AFF Women’s Cup 2024 ដោយធ្វើបានយ៉ាងល្អ សម្រាប់វគ្គចែកពូល ក៏ដូចជាវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយមិនស្គាល់បរាជ័យឡើយ ។ ប៉ុន្ដែសោកស្ដាយនៅវគ្គផ្ដាច់ព្រ័ត្រ កម្ពុជាបានចាញ់ឥណ្ឌូនេស៊ី ៣-១ កាលពីថ្ងៃទី០៥ ខែធ្នូកន្លងទៅ ដែលនាំឲ្យក្រុមបាល់ទាត់នារីកម្ពុជា ទទួលបានជើងឯករង ស្របពេលឥណ្ឌូនេស៊ី បានគ្រងជើងឯក ។

បែបនេះ ក្រុមបាល់ទាត់នារីកម្ពុជា នៅតែទទួលបានការស្ងើចសរសើរ និងអបអរសាទរជាខ្លាំង ពីសំណាក់អ្នកគាំទ្រកម្ពុជា ចំពោះសាងប្រវត្តិសាស្ដ្រលើកដំបូង សម្រាប់វិស័យបាល់ទាត់កម្ពុជា ដែលទទួលបានចំណាត់ថ្នាក់លេខ២ សម្រាប់ពានរង្វាន់អន្ដរជាតិ រៀបចំដោយសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ រហូតមានសប្បុរសធម៌មួយចំនួន បានធ្វើការឧបត្ថម្ភ និងលើកទឹកចិត្តជាបន្ដបន្ទាប់ ។ លើសពីនេះ កម្ពុជាំ ក៏ទទួលបានកៅអីសម្រាប់ការប្រកួតពានរង្វាន់ AFF Women’s Championship 2025 ផងដែរ ៕