(ភ្នំពេញ)៖ ក្រុមជម្រើសជាតិកម្ពុជា បានចែកគ្នា ១ពិន្ទុម្នាក់ ជាមួយក្រុមភ្ញៀវម៉ាឡេស៊ី ក្រោយបញ្ចប់ការប្រកួត ក្នុងលទ្ធផលស្មើគ្នា ២-២ នៅក្នុងជំនួបបើកឆាកពូល A នៃការប្រកួតជើងឯកបាល់ទាត់អាស៊ីអាគ្នេយ៍ ឆ្នាំ២០២៤ (AFF Mitsubishi Electric Cup 2024) នារាត្រីថ្ងៃអាទិត្យនេះនៅពហុកីឡដ្ឋានជាតិ (អូឡាំពិក) រាជធានីភ្នំពេញ។
ការប្រកួតដំបូងនេះ ម៉ាឡេស៊ី បានបើកការនាំមុខក្រុមគោព្រៃ ១គ្រាប់មុន នៅវគ្គទី១ ដែលធ្វើសម្រេចដោយកីឡាករ Stuart Wilkin នៅនាទី៣៥។ ប៉ុន្ដែចូលវគ្គទី២ ម្ចាស់ផ្ទះកម្ពុជា បានចាប់ផ្ដើមយ៉ាងល្អ ដោយកីឡាករ Abdel Kader Coulibaly រកបានគ្រាប់តាមស្មើ នៅនាទី៥២ មុនកីឡាករ សារ ទី បន្ថែមគ្រាប់នាំមុខវិញ នៅនាទី៦០។ បន្ទាប់មកម៉ាឡេស៊ី ក៏បានព្យាមាវាយសម្រុក រហូតរកបានគ្រាប់តាមស្មើវិញ ២-២ នៅនាទី៧៤ ដោយកីឡាករ Fergus Tierney ហើយលទ្ធផលនេះ ក៏បានរក្សាដល់ចប់ការប្រកួតពេញម៉ោង។
បន្ទាប់ពីរកបាន ១ពិន្ទុក្នុងដៃ ក្រុមគោព្រៃកម្ពុជា នឹងត្រូវធ្វើដំណើរទៅសិង្ហបុរី ដើម្បីត្រៀមការប្រកួតបន្ទាប់ក្នុងពូលA ជាមួយក្រុមជម្រើសជាតិសិង្ហបុរី នាថ្ងៃទី១១-ធ្នូ មុនត្រឡប់មកបើកទ្វារផ្ទះជាថ្មី ទទួលក្រុមភ្ញៀវទីម័រខាងកើត នាថ្ងៃទី១៧-ធ្នូ និងចុងក្រោយ កម្ពុជា ត្រូវជួបក្រុមម្ចាស់ផ្ទះថៃ នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ នៃយុទ្ធនាការប្រកួតជើងឯក AFF Mitsubishi Electric Cup ឆ្នាំ២០២៤៕