(ភ្នំពេញ)៖ ព្រឹត្តិការណ៍ប្រដាល់គុនខ្មែរជ្រើសរើសជើងឯកពិភពលោក លើកទី៥ ឆ្នាំ២០២៤ (The 5th World Kun Khmer Championship 2024) បានបញ្ចប់ដោយជោគជ័យ និងទទួលបានការកោតសរសើរពីគ្រប់ប្រតិភូកីឡា ពិសេសកំណើនអ្នកចូលរួម និងកំណើនសមត្ថភាពកីឡាករ-កីឡាការិនី ដែលជំរុញឲ្យអត្តពលិកទាំងអស់ ធ្វើការប្រកួតប្រជែងដោយស្មើភាពគ្នា។
នេះបើតាមការបញ្ជាក់របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងជាអគ្គលេខាធិការសហព័ន្ធគុនខ្មែរអន្ដរជាតិ (KIF) ក្រោយដំណើរការប្រកួតគុនខ្មែរជើងឯកពិភពលោក លើកទី៥ នៅសួនច្បារមុខព្រះរាជដំណាក់ ខេត្តសៀមរាប បានប្រព្រឹត្តទៅយ៉ាងរលូន រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី០៦-០៨ ខែធ្នូ ឆ្នាំ២០២៤ ដោយមានអត្តពលិកជាង ១០០នាក់ មកពី ១៨ប្រទេសចូលរួម។
លោកបានគូសបញ្ជាក់ថា ក្រៅពីកំណើនអត្តពលិកចូលរួមជាង ២ដងនៃឆ្នាំមុន សមត្ថភាព និងបច្ចេកទេសរបស់អត្តពលិកម្នាក់ៗ ក៏កើនឡើងខ្ពស់ដែរ ពិសេសកីឡាការិនីរបស់ប្រទេសផ្សេងៗ ដូចជាកៀហ្ស៊ីស៊ីស្ថាន អាហ្វហ្គានីស្ថាន និងបារាំងជាដើម គឺល្អ ហើយសមត្ថភាពកីឡាករក៏មានល្អៗច្រើនដែរ បន្ទាប់ពីមានការហ្វឹកហាត់ និងប្រកួតជាប់ជាប្រចាំ ជាក់ស្ដែងអ៊ីរ៉ង់ ដែលមានរៀបចំការប្រកួតគុនខ្មែរប្រចាំប្រទេសខ្លួនទៀតផង។
លោក វ៉ាត់ ចំរើន បន្ថែមថា «យើងឃើញប្រទេសទើបមកចូលរួមថ្មី គឺកៀហ្ស៊ីស៊ីស្ថាន ដែលដណ្ដើមបានមេដាយច្រើន បើធៀបនឹងប្រទេសផ្សេងៗ។ ក្រុមប្រតិភូកីឡាគុនខ្មែរប្រទេសនេះ មានភាពប្រសើរក្នុងការរៀបចំ ទាំងប្រតិភូ និងកីឡាករ-កីឡាការិនី សុទ្ធតែមានវិន័យ ហើយមានលក្ខណៈ និងជំនាញល្អលើសពីការរំពឹងទុករប់សយើង។ នេះបើពិនិត្យទៅលើបច្ចេកទេស នៃការប្រកួតប្រជែងដោយស្មើមុខមាត់គ្នា ស្មើភាពក្នុងការរៀបចំការប្រកួតរបស់យើង និងទាក់ទាញល្អប្រសើរ សម្រាប់អ្នកទស្សនា»។
ក្រឡេកទៅចាប់អារម្មណ៍អ្នកគាំទ្រវិញ រយៈពេល ៣ថ្ងៃនៃការប្រកួតលើទឹកដីអង្គរ ត្រូវបានវាយតម្លៃមានអ្នកទស្សនាផ្ទាល់យ៉ាងហោច ២ម៉ឺននាក់ បន្ទាប់ពីមានអ្នកទស្សនាចន្លោះ ៥ ទៅ ៦ពាន់នាក់រៀងរាល់ថ្ងៃ ពិសេសថ្ងៃចុងក្រោយ ដែលមានអ្នកទស្សនាផ្ទាល់កាន់តែច្រើន ។ មិនតែប៉ុណ្ណោះ ការទស្សនាតាមបណ្ដាញសង្គមនានា ក៏មានភាពផុលផុសខ្លាំងដែរ ដោយមានអ្នកទស្សនាប្រមាណជាង ២លាននាក់។
លោកថា «នេះគឺជាជោគជ័យមួយ ដែលសបញ្ជាក់ឲ្យឃើញការរៀបចំរបស់យើង មានគុណភាពល្អប្រសើរ ការគ្រប់គ្រង ការទទួលបដិសណ្ឋារកិច្ចក៏កាន់តែមានភាពល្អប្រសើរ ជាក់ស្ដែងគ្រប់ប្រតិភូទាំងអស់ បានកោតសរសើរ ចំពោះការរៀបចំរបស់ម្ចាស់ផ្ទះកម្ពុជា ហើយថែមទាំងប្ដេជ្ញាចិត្តនឹងជួយអភិវឌ្ឍន៍គុនខ្មែរឲ្យកាន់តែរីកចម្រើនថែមទៀត ដ្បិតពួកគេយល់ឃើញថា គុនខ្មែរ មានភាពល្អប្រសើរ មានយុត្តិធម៌ ក្នុងការកាត់សេចក្ដី មានភាពស្មោះត្រង់ ក្នុងការធ្វើការងារជាមួយគ្នា និងការផ្ដល់កិត្តិយសឲ្យគ្នាទៅវិញទៅមកជាដើម»។
បន្ថែមលើនេះ កម្ពុជាក៏បានត្រៀមខ្លួនជាស្រេច ក្នុងការសហការជាមួយឥណ្ឌូនេស៊ី ដើម្បីធ្វើកិច្ចសហការ និងការរៀបចំផែនការរៀបចំការប្រកួតគុនខ្មែរជើងឯកពិភពលោក លើកទី៦ ឆ្នាំ២០២៥ ដែលគ្រោងនឹងរៀបចំនៅទីក្រុងហ្សាកាតា ឬនៅកោះបាលី ដោយភាគីឥណ្ឌូនេស៊ី បានប្ដេជ្ញានឹងរៀបចំការប្រកួតឲ្យស្របតាមស្ដង់ដារគុនខ្មែរ និងនិយាមកីឡាអន្ដរជាតិ ដើម្បីធានានូវការរៀបចំឲ្យទទួលបានជោគជ័យ ស្របពេលកម្ពុជា ក៏នឹងផ្ដល់ការគាំទ្រពេញទំហឹងលើការងារបច្ចេកទេសផងដែរ។ លោក វ៉ាត់ ចំរើន បន្ថែម៕