(បរទេស)៖ ស្មាតហ្វូនជំនាន់ថ្មី Mate 70 របស់ក្រុមហ៊ុន Huawei ដែលប្រកាសចេញជាផ្លូវការនៅអំឡុងខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅនេះ កំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំង ជាពិសេសក្នុងប្រទេសចិន។ គិតត្រឹមដើមខែធ្នូនេះ ចំនួននៃការបញ្ជាទិញជាមុនបានកើនឡើងច្រើនជាង ៦.៧លានគ្រឿង ដែលបង្ហាញថា Huawei អាចប្រឈមមុខនឹងបញ្ហាផលិតកម្ម ឬការផ្គត់ផ្គង់អាចនឹងមិនទាន់ពេលពេវេលា។ នេះបើយោងតាមលោក He Gang នាយកប្រតិបត្តិ (CEO) នៃក្រុមហ៊ុន Huawei Consumer Business Group និងចុះផ្សាយដោយ GSMArena។

លោក He Gang បាននិយាយថា តួលេខនេះបង្ហាញពីតម្រូវការអ្នកប្រើប្រាស់ខ្លាំងសម្រាប់ត្រកូលស្មាតហ្វូនថ្មី ដែលរួមមាន Mate 70, Mate 70 Pro, Mate 70 Pro+ និង Mate 70 RS Ultimate Design។ ការកក់ទុកទាំងនេះ មិនមានការបង់លុយជាមុននោះទេ ដូច្នេះវាមិនជាប់កាតព្វកិច្ច ដាច់ខាតត្រូវតែដល់ដៃអតិថិជននោះទេ ប៉ុន្តែវាបង្ហាញពីចំណាប់អារម្មណ៍ខ្លាំងបំផុតសម្រាប់ Huawei។

គួរជម្រាបថា បើទោះបីជាមានការកើនឡើងខ្លាំងនៃការបញ្ជាទិញ Mate 70 ក៏ដោយ ប៉ុន្តែអ្នកវិភាគបានអះអាងថា Huawei អាចនឹងផ្គត់ផ្គង់មិនទាន់ពេលវេលា ដោយសារបញ្ហារាំងស្ទះផលិតកម្មដែលទាក់ទងនឹងបន្ទះឈីប Kirin 9020 ខណៈបច្ចុប្បន្ននេះទូទាំងក្រុមហ៊ុន Huawei កំពុងជម្រុញឱ្យបុគ្គលិកថែមម៉ោងធ្វើការ។ ទាក់ទិននឹងបញ្ហានេះ សូម្បីតែលោក He Gang ផ្ទាល់ក៏បានលើកឡើងផងដែល ប៉ុន្តែលោកមិនបានផ្តល់របាយការណ៍លម្អិតនោះទេ៕