(ឡុងដ៏)៖ លោក David Coote ដែលជាមន្ត្រីអាជ្ញាកណ្តាលនៅលីគអង់គ្លេស Premier League ពេលនេះត្រូវបានស្ថាប័នរបស់អាជ្ញាកណ្តាល The Professional Game Match Officials Limited បានសម្រេចបណ្តេញចេញពីការងារ ក្រោយពីការស៊ើបអង្កេតយ៉ាងហ្មត់ចត់ លើការប្រព្រឹត្តរបស់លោក ។
ស្ថាប័ន PGMOL បានឱ្យដឹងថា ទង្វើររបស់លោក David Coote ត្រូវបានរកឃើញថា បានបង្ហាញពីសកម្មភាពដែលបានបំពានយ៉ាងធ្ងន់ធ្ងរលើបទប្បញ្ញត្តិនៃកិច្ចសន្យាការងាររបស់គាត់។ ខណៈលោកCoote ក៏មានសិទ្ធិប្តឹងឧទ្ធរណ៍ចំពោះការសម្រេចចិត្តបញ្ចប់ការងាររបស់គាត់នេះដែរ ។
ប្រភពពី BBC បានឱ្យដឹងថា លោក Coote មានវ័យ ៤២ឆ្នាំត្រូវបានពិន័យព្យួរការងារដោយស្ថាប័ន PGMOL (The Professional Game Match Officials Limited) កាលពីថ្ងៃទី១១ ខែវិច្ឆិកាកន្លងទៅ ដោយរង់ចាំការស៊ើបអង្កេតយ៉ាងហ្មត់ចត់ពេញលេញ បន្ទាប់ពីមានវីដេអូមួយដែលត្រូវបានចោទប្រកាន់ថា រូបលោកបានធ្វើការអត្ថាធិប្បាយយ៉ាងអាក្រកអំពីក្លិប Liverpool ជាមួយនឹងលោក Jurgen Klopp ត្រូវបានផ្សព្វផ្សាយនៅលើបណ្តាញសង្គម ៕