(ភ្នំពេញ)៖ ក្រុមហ៊ុន ឌី អេហ្វ អាយ ឡាក់គី ដែលជាក្រុមហ៊ុនលក់រាយឈានមុខគេក្នុង ព្រះរាជាណាចក្រកម្ពុជា មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសពីភាពជោគជ័យ នៃការបើកសម្ពោធហាងទំនិញថ្មីរបស់ខ្លួនគឺ ឡាក់គី អ៊ិចប្រេស តេលាខ្មែរចំការមន។

ហាងឡាក់គីអ៊ិចប្រេស ថ្មីនេះមានគោលបំណងផ្តល់ជូននូវផលិតផលដែលមានគុណភាពខ្ពស់ ជាមួយនឹងសេវាកម្មរហ័សជូនទៅកាន់អតិថិជនដ៏មានទំនុកចិត្តបំផុត។ នេះជាជំហានដំបូងឆ្ពោះទៅរកការបើកហាងឡាក់គី បន្ថែមទៀតនៅស្ថានីយប្រេងឥន្ធនៈតេលាខ្មែរដែលមាននៅទូទាំងប្រទេស។

ជាមួយនឹងហាងទំនិញប្រមាណជាង 100 នៅទូទាំងប្រទេស រួមទាំងផ្សារទំនើប អ៊ិចប្រេស និងមីនី ក្រុមហ៊ុន ឌី អេហ្វ អាយ ឡាក់គី បានបង្កើតខ្លួនជាមូលដ្ឋានគ្រឹះ នៃការលក់រាយក្នុងប្រទេសកម្ពុជា។ កិច្ចសហប្រតិបត្តិការជាមួយ តេលាខ្មែរនេះមានគោលបំណងផ្តល់ជូនអតិថិជននូវភាពងាយស្រួល ដោយរួមបញ្ចូលការលក់ទំនិញល្អៗ ជាមួយនឹងសេវាកម្មប្រេងឥន្ធនៈ ដើម្បីបង្កើតគោលដៅរួមតែមួយសម្រាប់បំពេញតម្រូវការប្រចាំថ្ងៃរបស់អតិថិជន។

ក្នុងពិធីបើកសម្ពោធនេះ មានការអញ្ជើញចូលរួមពីសំណាក់គណៈគ្រប់គ្រងជាន់ខ្ពស់របស់ ក្រុមហ៊ុន ឌី អេហ្វ អាយ ឡាក់គី រួមមានស្ថាបនិកផ្សារទំនើបឡាក់គី លោក ហេង ហំាងម៉េង និង លោកស្រី តាំង លីគាង លោកអគ្គនាយកប្រតិបត្តិ លោក Charlie Bettencourt រួមជាមួយនឹងនាយកប្រតិបត្តិជាន់ខ្ពស់ផ្សេងទៀត។ ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនតេលាខ្មែរ រួមមានអគ្គនាយក អ្នកឧកញ៉ា ឈុន អូន និងថ្នាក់ដឹកនាំជាន់ខ្ពស់ផ្សេងទៀត ក៏បានអញ្ជើញចូលរួមអបអរសាទរពិធីបើកសម្ពោធនេះផងដែរ។

អគ្គនាយកប្រតិបត្តិក្រុមហ៊ុន ឌី អេហ្វ អាយ ឡាក់គីមានប្រសាសន៍ថា៖ «យើងមានសេចក្តីរំភើបរីករាយ ក្នុងការពង្រីកកិច្ចសហការរបស់យើងជាមួយតេលាខ្មែរ និងបង្កើត ឡាក់គី អ៊ិចប្រេស នៅស្ថានីយប្រេងឥន្ទនៈតេលាខ្មែរចំការមន ជូនដល់អតិថិជនរបស់យើង។ ឡាក់គីអ៊ិចប្រេស ថ្មីនេះបង្ហាញពីការយកចិត្តទុកដាក់របស់យើង ក្នុងការបង្កើនភាពងាយស្រួលដល់អតិថិជន ដើម្បីធានាឲ្យបានថាអតិថិជនរបស់យើងអាចបំពេញតម្រូវការប្រចាំថ្ងៃរបស់ពួកគេបានប្រកបដោយប្រសិទ្ធភាពខ្ពស់។ ឡាក់គីអ៊ិចប្រេសតេលាខ្មែរចំការមន នឹងផ្តល់ជូននូវជម្រើស នៃទំនិញដែលមានគុណភាពខ្ពស់ ផលិតផលស្រស់ៗ និងគ្រឿងសម្ភារៈសំខាន់ៗជាច្រើន។ អតិថិជន នឹងទទួលបាននូវការផ្តល់ជូន សេវាកម្មដែលល្អឥតខ្ចោះ និងទទួលបានបទពិសោធន៍ទិញទំនិញដែលស្របតាមស្តង់ដាប្រកបដោយឧត្តមភាពពី ក្រុមហ៊ុន ឌី អេហ្វ អាយ ឡាក់គី។»

អ្នកឧកញ៉ា ឈុន អូន អគ្គនាយកក្រុមហ៊ុនតេលាខ្មែរមានប្រសាសន៍ថា៖ «យើងមានសេចក្តីសោមនស្សរីករាយដែលបានចាប់ដៃគូជាមួយក្រុមហ៊ុន ឌី អេហ្វ អាយ ឡាក់គី ដើម្បីណែនាំ ឡាក់គីអ៊ិចប្រេសតេលាខ្មែរចំការមន។ ក្នុងកិច្ចសហការនេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នារបស់យើងក្នុងការផ្តល់ជូននូវភាពងាយស្រួល ទាំងគុណភាព និងសេវាកម្មពិសេសស្របទៅតាមស្តង់ដាអន្តរជាតិដល់ប្រជាជនកម្ពុជាយើង។ ជាមួយគ្នានេះផងដែរ យើងមានគោលបំណងក្នុងការលើកកម្ពស់ជីវភាពប្រចាំថ្ងៃដោយផ្តល់នូវភាពងាយស្រួលនៃការទិញទំនិញ ហើយយើងនឹងបន្តបេសកកម្មរបស់យើងក្នុងការកសាងអនាគតដ៏ត្រចះត្រចង់ និងទំនាក់ទំនងតភ្ជាប់កាន់តែច្រើនបន្ថែមទៀតសម្រាប់សហគមន៍របស់យើង»

ក្នុងកម្មវិធីបើកសម្ពោធនេះផងដែរ អតិថិជនទាំងអស់ក៏អាចទទួលបាននូវការផ្តល់ជូនពិសេសៗ ការបញ្ចុះតម្លៃលើមុខទំនិញជាច្រើនទៀត។ ក្រុមហ៊ុន ឌី អេហ្វ អាយ ឡាក់គី សូមអញ្ជើញអតិថិជនទាំងអស់មកកាន់ ឡាក់គីអ៊ិចប្រេសតេលាខ្មែរ ចំការមន ដើម្បីទទួលបាននូវបទពិសោធន៍ល្អ និងភាពងាយស្រួលតាមស្តង់ដាអន្តរជាតិ។

អំពីក្រុមហ៊ុន ឌី អេហ្វ អាយ ឡាក់គី៖
បង្កើតឡើងក្នុងឆ្នាំ 1993 ក្រុមហ៊ុន ឌី អេហ្វ អាយ ឡាក់គី បានពង្រីកសាខារបស់ខ្លួនប្រមាណ១០០ ទីតាំងមាននៅទូទាំងប្រទេសកម្ពុជា ដោយផ្តល់ជូននូវផលិតផលដែលមានគុណភាពខ្ពស់ដល់ប្រជាជនកម្ពុជា។ ជាផ្នែកមួយរបស់ DFI Retail Group ពួកយើងនឹងប្តេជ្ញាអនុវត្តអាជីវកម្មដែលប្រកបដោយនិរន្តរភាពដល់ប្រជាជន និងភពផែនដី។

អំពីក្រុមហ៊ុនតេលាខ្មែរ៖
តេលាខ្មែរគឺជាស្ថានីយប្រេងឥន្ធនៈកម្ពុជាដែលមានមោទនភាព និងប្តេជ្ញាចិត្តក្នុងការផ្តល់នូវប្រេងឥន្ធនៈ និងសេវាកម្មដែលមានគុណភាពលំដាប់អន្តរជាតិ។ ដោយផ្តោតលើការច្នៃប្រឌិត និងសហគមន៍ យើងមានគោលបំណងលើកកម្ពស់ជីវភាពប្រចាំថ្ងៃ និងជម្រុញឱ្យមានការរីកចម្រើននៅទូទាំងប្រទេស។