(បរទេស)៖ ក្រុមហ៊ុនបញ្ញាសិប្បនិម្មិត្ត OpenAI បានប្រកាសដាក់ដំណើរការ Sora ជាផ្លូវការនៅថ្ងៃចន្ទដើមសប្តាហ៍នេះ ដែលជាគំរូ AI បម្លែងអត្ថបទ ទៅជាវីដេអូ (text-to-video) ជាលើកដំបូងនៅលើ ChatGPT ហើយអាចរកបានសម្រាប់អ្នកប្រើប្រាស់ ChatGPT Plus និង Pro។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤។
ដូចដែរប្រិយមិត្តបានដឹងរួចមកហើយថា កាលខែកុម្ភៈកន្លងទៅ OpenAI បានបង្ហាញសមិទ្ធផលថ្មីមួយដែលមានឈ្មោះថា «Sora» ដែលជាគំរូ AI ថ្មីរបស់ខ្លួន វាមានសមត្ថភាពអាចបង្កើតវីដេអូបាន ដោយគ្រាន់តែបញ្ចូលអត្ថបទ និងសាច់រឿងដែលយើងចង់បង្កើតបណ្ណោះ។ យ៉ាងណាបន្ទាប់ពីចំណាយពេលអស់ជិតមួយ ១ឆ្នាំទីបំផុតមុខងារនេះ ត្រូវបានដាក់ឱ្យប្រើប្រាស់ហើយ ប៉ុន្តែមិនមានសម្រាប់ការប្រើប្រាស់ដោយឥតគិតថ្លៃនោះទេ ពោលគឺមានសម្រាប់តែអ្នកប្រើប្រាស់បង់ប្រាក់ ChatGPT និង Sora Turbo តែមិនមានគិតថ្លៃពីលើបន្ថែមទៀតនោះទេ។
OpenAI បាននិយាយនៅក្នុងការបង្ហោះ blog មួយថា «យើងកំពុងធ្វើការលើការកំណត់តម្លៃដែលតម្រូវសម្រាប់ប្រភេទអ្នកប្រើប្រាស់ផ្សេងៗគ្នា ហើយអាចនឹងរួចរាល់នៅដើមឆ្នាំ២០២៥ ខាងមុខនេះ»។ អ្នកប្រើប្រាស់នឹងអាចបង្កើតវីដេអូដែលមានកម្រិតច្បាស់ (resolution) រហូតដល់ 1080p ជាមួយនាទីវែងបំផុត ២០វិនាទី និងមានទម្រង់ widescreen អាចជ្រើសរើសបញ្ឈ ឬការ៉េបាន។
គួរជម្រាបថា គំរូ AI Sora នឹងអនុញ្ញាតឱ្យប្រើប្រាស់ទូទាំងប្រទេសលើកលែងតែបណ្តាលប្រទេសសហភាពអឺរ៉ុប ស្វីស និងចក្រភពអង់គ្លេស។ OpenAI គូសបញ្ជាក់ថា ខ្លួននឹងរារាំងការបង្កើត និងបង្ហោះវីដេអូទាំងអស់ដែលមានទម្រង់បំពាន ជាពិសេសគឺពាក់ព័ន្ធនឹងសម្ភារៈរំលោភបំពានផ្លូវភេទលើកុមារ៕