(ភ្នំពេញ)៖ សារមន្ទីរ​សេដ្ឋកិច្ច ​និង​រូបិយវត្ថុ​​ព្រះស្រីឦសានវរ្ម័ន (សារមន្ទីរ ស.ស.រ) បានតាំងបង្ហាញរូបថតដ៏ពិសេសមួយដែលបានប្រារព្ធ​ឡើង នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ ក្រោមការចូលរួមពីលោក Jacques Pellet ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា និងលោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា។

នៅក្នុងពិធីនេះ ឯកអគ្គរដ្ឋទូតបារាំងបានបរិច្ចាគជា​ផ្លូវការ​ ជូនសារមន្ទីរ ស.ស.រ របស់ធនាគារជាតិនៃកម្ពុជា នូវរូបថតដ៏សំខាន់ជាប្រវត្តិសាស្ត្រ ដែល​បានថតកាលពី៥០ឆ្នាំមុននៅកម្ពុជា ដោយអ្នកកាសែតជនជាតិបារាំងដ៏ល្បីល្បាញមួយ​រូប​ឈ្មោះ​ លោកស្រី Christine Spengler។

រូបថតនេះពិពណ៌នាអំពីទេសភាព​ជាយក្រុងភ្នំពេញ ដែលត្រូវបានបំផ្ទុះគ្រាប់​បែក​ដោយ ​ខ្មែរក្រហម ក្នុងឆ្នាំ១៩៧៤។ ទិដ្ឋភាព​នៅ​ក្នុង​រូប​ថត នាំ​ឱ្យ​យើង​នឹក​ឃើញ​​អំពីប្រវត្តិសាស្រ្តដ៏ក្រៀមក្រំប្រកប​ដោយ​ភាព​​ច្របូកច្របល់ និងការតស៊ូរបស់កម្ពុជា។ បច្ចុប្បន្ន ស្នាដៃដ៏លេចធ្លោ​របស់​លោក​ស្រី Christine Spengler កំពុងដាក់តាំងបង្ហាញនៅក្នុង​សាលតាំងពិព័រណ៍មិន​អចិន្ត្រៃយ៍របស់សារមន្ទី ស.ស.រ ដែលជាការ​ចូល​រួម​ក្នុង​កម្មវិធី មហោស្រពរូបថតភ្នំពេញលើកទី១៥ រហូតដល់ថ្ងៃទី២៨ ខែធ្នូ។

ស្នាដៃ​របស់លោក​ស្រី Christine Spengler ក៏ត្រូវបានទទួលស្គាល់ទូទាំងពិភពលោក លើ​ការ​ថត​ផ្ដិត​យក​រូបភាព​ក្នុង​កាលៈទេសៈដ៏សខាន់មួយ​របស់មនុស្សជាតិ។ ពីជម្លោះដែលញាំញីប្រទេសកម្ពុជា វៀតណាម ឆាដ អៀរឡង់ លីបង់ ឬអ៊ីរ៉ាក់ ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៧០ មក លោកស្រី​តែងតែជៀសវាងនូវរូបភាព​​ដែល​ភ្ញោច​ឱ្យ​មាន​អារម្មណ៍រំជើបរំជួល ដោយជ្រើសរើសជំនួសវិញនូវ​ "ការផ្តោតលើអ្នករស់រានមានជីវិត ជាជាងលើអ្នកដែល​បាន​បាត់​បង់​ជីវិត"។

លោក ប្លែស គីលីយ៉ង់ សហប្រធានសារមន្ទីរ ស.ស.រ បានថ្លែងអំណរគុណដល់ស្ថានទូតបារាំងសម្រាប់ការបរិច្ចាគរូបថតដ៏សំខាន់នេះ។ សារមន្ទីរស.ស.រ ដែលជាឃ្លាំងចំណេះដឹងពីប្រវត្តិសាស្ត្រ និងសេដ្ឋកិច្ច បានសា្វគមន៍សម្រាប់ការបន្ថែមឯកសារបណ្ណសារប្រវត្តិសាស្រ្តក្នុងសមុច្ច័យនេះរបស់ខ្លួន ហើយយើងខ្ញុំក៏មានក្តីសោមនស្សរីករាយក្នុងការតាំងបង្ហាញរូបថតរបស់ លោកស្រី Christine Spengler ជូនសាធារណជនទស្សនាក្នុងមហោស្រពរូបថតភ្នំពេញ ២០២៤។

ពិធីបរិច្ចាគនេះក៏ជាឱកាសមួយដើម្បីគូសបញ្ជាក់អំពីបេសកកម្មរបស់សារមន្ទីរ ស.ស.រ ក្នុងការលើក​ស្ទួយ​អំពី​ការយល់ដឹងពីប្រវត្តិសាស្ត្រ និងការអប់រំវប្បធម៌៕