(ភ្នំពេញ)៖ ធនាគារ ABA ជាធនាគារពាណិជ្ជធំជាងគេក្នុងប្រទេសកម្ពុជា និងជាធនាគារផ្តល់សេវាហិរញ្ញវត្ថុឌីជីថលឈានមុខគេ បានប្រកាសភាពជាដៃគូយុទ្ធសាស្រ្ត តាមរយៈការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ជាមួយ ZO Motors (Cambodia) ដែលជាក្រុមហ៊ុនផលិត និងចែកចាយរថយន្តដឹកទំនិញពាណិជ្ជកម្ម មិនបញ្ចេញឧស្ម័ន និងស្ថានីយ៍សាកថ្មរថយន្ដអគ្គិសនី របស់ប្រទេសជប៉ុន។
ភាពជាដៃគូនេះ មានគោលបំណងផ្តល់ជូន ZO Motors នូវសេវាហិរញ្ញវត្ថុដ៏សម្បូរបែបរបស់ ABA ដូចជា អ្នកគ្រប់គ្រងទំនាក់ទំនងផ្នែកភាសាចិន និងជប៉ុន សេវាបើកប្រាក់បៀវត្ស សម្រាប់បុគ្គលិកក្រុមហ៊ុន និងកម្មករ-កម្មការិនីរោងចក្រ សេវាគ្រប់គ្រងសាច់ប្រាក់និងសេវាកម្មជាច្រើនទៀត។ ABA ក៏នឹងភ្ជាប់ KHQR នៅតាមស្ថានីយ៍សាកថ្មយានយន្តរបស់ ZO Motors ទូទាំងប្រទេស ដើម្បីបម្រើការទូទាត់ឲ្យកាន់តែរលូន និងមានភាពងាយស្រួល។
បន្ថែមពីនេះទៀត ធនាគារនឹងគាំទ្រ ZO Motors, អតិថិជន និងអ្នកផ្គត់ផ្គង់របស់ខ្លួន ជាមួយនឹងសេវាកម្ចី និងសេវាផ្តាច់កម្ចី សម្រាប់តម្រូវការចាំបាច់នានា ដើម្បីភាពរីកចម្រើន។
ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់នេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ ក្រោមវត្តមានរបស់លោក Askhat Azhikhanov នាយកប្រតិបត្តិនៃធនាគារ ABA និង លោក Zhao Wenbo នាយកប្រតិបត្តិនៃក្រុមហ៊ុន ZO Motors (Cambodia) ព្រមទាំងក្រុមការងាររបស់ស្ថាប័នទាំងពីរ នៅការិយាល័យកណ្តាលរបស់ធនាគារ ABA។
តាមរយៈការប្រើប្រាស់ដំណោះស្រាយហិរញ្ញវត្ថុរបស់ ABA ក្រុមហ៊ុន ZO Motors អាចបង្កើនការផលិត និងចែកចាយរថយន្តអគ្គិសនីដឹកទំនិញពាណិជ្ជកម្ម ជំរុញការផ្លាស់ប្តូរពីការប្រើប្រាស់យានជំនិះដែលប្រើប្រេងឥន្ធនៈ ទៅជាបច្ចេកវិទ្យាអគ្គិសនី និងលើកកម្ពស់សេដ្ឋកិច្ចបៃតងក្នុងប្រទេស។
អត្ថប្រយោជន៍ទាំងនេះ នឹងបំពេញតម្រូវការដែលបន្ដកើនឡើងសម្រាប់មធ្យោបាយធ្វើដំណើរ ដើរដោយថាមពលស្អាត និងបង្ហាញពីការប្តេជ្ញាចិត្តរបស់ភាគីទាំងសងខាង ក្នុងការគាំទ្រគំនិតផ្តួចផ្តើមផ្តោតលើនិរន្តរភាព និងជំរុញវឌ្ឍនភាពសេដ្ឋកិច្ចបៃតងនៅកម្ពុជា។
លោក Askhat Azhikhanov នាយកប្រតិបត្តិនៃធនាគារ ABA បានថ្លែងថា «នៅធនាគារ ABA យើងខ្ញុំមានសេចក្តីរីករាយដែលបានសហការជាមួយក្រុមហ៊ុនដែលមានគំនិតវែងឆ្ងាយ សម្លឹងឆ្ពោះទៅអនាគតដូចជាក្រុមហ៊ុន ZO Motors ដែលការប្ដេជ្ញាផលិតរថយន្តអគ្គិសនីពាណិជ្ជកម្ម ដែលមិនបញ្ចេញឧស្ម័ន បង្ហាញពីនវានុវត្តន៍ និងទំនួលខុសត្រូវលើបរិស្ថាន»។
លោកក៏បានបន្តថា «ភាពជាដៃគូរបស់យើងខ្ញុំ ជាមួយ ZO Motors មានន័យលើសពីកិច្ចព្រមព្រៀងអាជីវកម្មទៅទៀត ពោលគឺបង្ហាញពីការប្តេជ្ញាចិត្តរួមក្នុងការបង្កើតអនាគតប្រកបដោយនិរន្តរភាព។ យើងខ្ញុំជឿជាក់ថា កិច្ចសហការនេះ នឹងផ្តល់ផលប្រយោជន៍ដល់អតិថិជន និងរួមចំណែកដលការសម្រេចគោលដៅបរិស្ថានរបស់ជាតិយើង»។
លោក Zhao Wenbo នាយកប្រតិបត្តិនៃក្រុមហ៊ុន ZO Motors (Cambodia) បានលើកឡើងថា «នៅក្នុងវិស័យថាមពល ក្រុមហ៊ុន ZO Motors បានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងបេសកម្មរបស់ខ្លួន ក្នុងការកែប្រែកម្ពុជា ឆ្ពោះទៅកាន់និរន្តរភាព។ ZO Motors (Cambodia) បានប្រកាសដាក់ដំណើរការគម្រោង ‘រយស្ថានីយ និងពាន់ស្ថានីយ’ ។ ក្នុងអំឡុងពេលពីរឆ្នាំបន្ទាប់ យើងខ្ញុំមានគោលបំណងសម្រេចតំឡើងស្ថានីយ៍សាកថ្មរថយន្ដអគ្គិសនី នៅតាមបណ្តាញដឹកជញ្ជូន និងទីក្រុងសំខាន់ៗ ឲ្យកាន់តែទូលំទូលាយ»។
លោកក៏បានបន្តថា «ភាពជាដៃគូនេះ តំណាងឲ្យទំនុកចិត្ត ផលប្រយោជន៍ និងមហិច្ឆតារួម។ ជំនាញការ និងវិធីសាស្រ្តសម្លឹងឆ្ពោះទៅអនាគតរបស់ធនាគារ ABA ស្របទាំងស្រុងនឹងចក្ខុវិស័យរបស់ ZO Motors។ យើងរួមគ្នា សិក្សាស្វែងយល់ពីយុទ្ធសាស្រ្តថ្មីៗសម្រាប់កំណើនហិរញ្ញវត្ថុ និងបង្កើតគំរូអាជីវកម្មប្រកបដោយនិរន្តរភាព សម្រាប់អនាគតខាងមុខ»។
*អំពី ABA៖
ABA គឺជាធនាគារពាណិជ្ជធំជាងគេនៅកម្ពុជា គិតលើទ្រព្យសកម្មសរុប ប្រាក់បញ្ញើ ប្រាក់កម្ចី និងប្រាក់ចំណេញ យោងតាមរបាយការណ៍ត្រួតពិនិត្យរបស់ធនាគារជាតិនៃកម្ពុជាឆ្នាំ២០២១-២០២៣។ ធនាគារ ABA មាន ៩៩សាខា, ទីតាំងស្វ័យសេវា ABA 24/7 ចំនួន ៤៦កន្លែង, ម៉ាស៊ីនស្វ័យសេវាជាង ១ ៧០០ នៅទូទាំងប្រទេស, សេវាធនាគារអនឡាញ និងកម្មវិធីធនាគារតាមទូរស័ព្ទដ៏ទំនើប បានធ្វើឲ្យធនាគារ ABA បម្រើសេវាអតិថិជនជាង ៤ លាននាក់ ជាមួយដែលកំពុងប្រើប្រាស់សេវាហិរញ្ញវត្ថុដ៏ទំនើបសម្បូរបែប។
* អំពី ZO Motors
ZO Motors (Cambodia) គឺជាក្រុមហ៊ុនដំឡើង និងចែកចាយរថយន្តអគ្គិសនីប្រភេទដឹកទំនិញពាណិជ្ជកម្មដំបូងគេបង្អស់នៅកម្ពុជា។ ZO Motors (Cambodia) ផ្តោតលើរថយន្តពាណិជ្ជកម្មដើរដោយថាមពលថ្ម ដោយរួមបញ្ចូលនវានុវត្តន៍បច្ចេកវិទ្យាខ្ពស់ ដូចជាការតភ្ជាប់ឆ្លាតវៃ និងការបើកបរដោយស្វ័យប្រវត្តិ។ ដោយមានការគាំទ្រពីដើមទុនអន្តរជាតិ យើងមានមោទនភាពក្នុងការសហការជាមួយខ្សែសង្វាក់ផ្គត់ផ្គង់ និងបច្ចេកវិទ្យារថយន្តពាណិជ្ជកម្មថាមពលថ្មីអន្តរជាតិកំពូលៗ ដែលជាសក្ខីភាពបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់យើងចំពោះឧត្តមភាព៕