(ភ្នំពេញ)៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ប្រកាសនឹងរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍ថ្មីមួយទៀត លើទឹកដីអង្គរ ក្រោយទទួលបានការអនុញ្ញាតជាគោលការណ៍ពីរាជរដ្ឋាភិបាល គឺព្រឹត្តិការណ៍រត់ប្រណាំងម៉ារ៉ាតុងអន្ដរជាតិ ឥណ្ឌូចិន លើកទី១ ឆ្នាំ២០២៤ នៅអង្គវត្ត (Angkor Wat Indochine Marathon 2024) នាខេត្តសៀមរាប ដែលគ្រោងប្រព្រឹត្តទៅនាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី១០ ខែធ្នូនេះថា ព្រឹត្តិការណ៍ម៉ារ៉ាតុងនេះ ត្រូវបានសម្រេចចិត្តរៀបចំភ្លាមៗ ក្នុងការរៀបចំគម្រោងបង្កើតព្រឹត្តិការណ៍នេះឡើង ក្រោមកិច្ចសហការរវាង NOCC ជាមួយសហព័ន្ធកីឡាអត្តពលកម្មកម្ពុជា វៀតណាម និងឡាវ ក្នុងគោលដៅរួមចំណែកផ្សព្វផ្សាយ និងលើកកម្ពស់វិស័យទេសចរណ៍ ក៏ដូចជាជួយដល់សេដ្ឋកិច្ចក្រៅប្រព័ន្ធ ពិសេសជំរុញការអភិវឌ្ឍសមត្ថភាពអត្តពលិកជំនាញ ត្រៀមការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៥ នៅថៃ។

តាមរយៈព្រឹត្តិការណ៍រត់ប្រណាំងម៉ារ៉ាតុងអន្ដរជាតិ ឥណ្ឌូចិន ដែលជាការប្រកួតកម្រិតកីឡាករ-កីឡាការិនីជំនាញមកពីគ្រប់ទិសទីនេះដែរ លោកមានសុទិដ្ឋិនិយមយ៉ាងដូច្នេះថា «ទោះបីព្រឹត្តិការណ៍នេះថ្មីមែន ប៉ុន្ដែជាបច្ចេកទេស និងជាលក្ខណៈជំនាញ ក៏ដូចជារបៀបរបបនៃការរៀបចំ មិនមានអ្វីប្លែកទេ។ អ្វីដែលប្លែក គឺជាព្រឹត្តិការណ៍មួយ ដែលយើងចង់ឲ្យកីឡាករ-កីឡាការិនីជំនាញ ពិសេសក្រុមជម្រើសជាតិរបស់យើងចូលរួម ដើម្បីសាកល្បងបច្ចេកទេសរបស់ខ្លួនឲ្យបានច្រើន ពីព្រោះការរត់ចម្ងាយឆ្ងាយនេះ ត្រូវការយ៉ាងហោច ៣ខែម្ដងប្រកួតម្ដង»

«ដូច្នេះយើងខិតខំធ្វើយ៉ាងណាឲ្យសហព័ន្ធ និងអត្តពលិករត់ចម្ងាយរបស់យើង ពិសេសរត់ម៉ារ៉ាតុង គាត់មានឱកាសច្រើនក្នុងការប្រកួត ដើម្បីដុសខាតសមត្ថភាព និងបង្កើនគុណផលកីឡារបស់គាត់បានគត់មុត ហើយជឿជាក់លើជំនាញរបស់ខ្លួន ក្នុងការប្រកួតប្រជែង ពិសេសការត្រៀមស៊ីហ្គេម ឆ្នាំក្រោយ។ ការរត់នេះ គឺជាការរត់ជំនាញមួយ ដើម្បីតេស្ដ និងពង្រឹងសមត្ថភាព តាមរយៈសហព័ន្ធ ដែលខិតខំរៀបចំឲ្យមានសកម្មភាពជាច្រើនសម្រាប់កីឡាករ-កីឡាការិនីក្នុងដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំក្រោយ ។ នេះគឺជាព្រឹត្តិការណ៍មួយ ដែលអាចជំរុញ និងជួយដល់សិទ្ធផលរបស់កីឡាករជំនាញរបស់យើង»។ លោក វ៉ាត់ ចំរើន បន្ថែម។

ទន្ទឹមជាមួយគ្នា លោក សែម ផល្លា នាយកបច្ចេកទេសព្រឹត្តិការណ៍ម៉ារ៉ាតុង អម NOCC បានត្រៀមខ្លួនជាស្រេចក្នុងកិច្ចសហការបច្ចេកទេសរៀបចំ និងផ្សព្វផ្សាយពីព្រឹត្តិការណ៍ថ្មីនេះ ដោយបច្ចុប្បន្នមានអ្នកចុះឈ្មោះជិត ១ពាន់នាក់។ ប៉ុន្ដែក្រៅពីកីឡាករ-កីឡាការិនីជំនាញ សម្រាប់មហាជនទូទៅ ក៏អាចចុះឈ្មោះចូលរួមបានដោយសេរី។ តាមរយៈនេះ ដោយសារពេលវេលាខ្លី បន្ទាប់ពីជោគជ័យដ៏ត្រចះត្រចង់ នៃទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើកទី២៩ លើកទឹកដីអង្គរ កាលពីថ្មីៗ លោកក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋ ក៏ដូចជាជនបរទេស រួសរាន់ចុះឈ្មោះចូលរួម និងអបអរសាទរព្រឹត្តិការណ៍ថ្មីនេះឲ្យបានច្រើនកុះករផងដែរ៕